ភ្នំពេញ៖ បុរសម្នាក់ដែលគេស្គាល់ថាជាទីប្រឹក្សារបស់តារាចម្រៀងពូឃ្លាំងបានជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូទៅបុកពីក្រោយរថយន្តដឹកឥដ្ឋដែលខូចម្ចាស់ចតចោលនៅលើស្ពានឧកញ៉ាលីយ៉ុងផាត់មិនដាក់ភ្លើងសញ្ញាចំណាំបណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីរូបគាត់ចេញពីកម្មវិធីការគេជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០:២០ នាទីយប់ ថ្ងៃទី២៣ខែមករា ឆ្នាំ២០២៥ នៅលើស្ពានឧកញ៉ាលីយ៉ុងផាត់(ហៅស្ពានព្រែកព្នៅ) ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
សពមានឈ្មោះ ទិត្យ វិច្ចិកា ភេទប្រុស អាយុជាង៤០ឆ្នាំ បច្ចុប្បន្នរសនៅម្តុំផ្សារទួលសង្កែ ក្នុងខណ្ឌឫស្សីកែវ។
ប្រភពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត ដឹកឥដ្ឋមួយគ្រឿងក្បាលពណ៌សពាក់ស្លាកលេខ ភ្នំពេញ 3C-9913 បានឈប់ចតចោលនៅលើស្ពានឧកញ៉ាលីយ៉ុងផាត់(ហៅស្ពានព្រែកព្នៅ)ខណៈរថយន្តខាងលើខូចទៅមុខមិនរួច ទាំងដែលម្ចាស់ពុំបានដាក់ភ្លើងសញ្ញាណាមួយដើម្បីចំណាំ។ លុះមួយសន្ទុះក្រោយមកស្រាប់តែគេឃើញបុរសរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IN-4121 ជិះម្នាក់ឯងធ្វើដំណើរចេញពីមហាវិថីឈ្នះ=ឈ្នះឆ្ពោះឡើងលើស្ពានឧកញ៉ាលីយ៉ុងផាត់ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈពេលជិះមកដល់ពាក់កណ្តាលស្ពានជាចំណុចកើតហេតុក៏ជ្រុលទៅបុកចំពីក្រោយរថយន្តយ៉ាងពេញទំហឹងបណ្ដាលឱ្យបោកផ្ទប់នៅនឹងរថយន្ត បែកក្បាលស្លាប់យ៉ាងរន្ធត់ ហើយភ្លាមៗនោះដែរតៃកុងរថយន្តក៏បានគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយពេលកើតហេតុខាងលើសមត្ថកិច្ចបានចុះមកដល់កន្លែងកើតហេតុរួចទាក់ទងទៅក្រុមគ្រួសារជនរងគ្រោះឱ្យមកទទួលសពដឹកតាមរថយន្តសាមុយយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកឯរថយន្តនិងម៉ូតូសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្ន រង់ចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ