គណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ នៃ គ.ជ.អ.ប. បើកកិច្ចប្រជុំលើកទី១ របស់ខ្លួន

ចែករំលែក៖

ភ្នំពេញ÷ នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំលើកទី១ របស់អនុគណៈកម្មា ធិការបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិនៃគណៈកម្មាធិការ ជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ (គ.ជ.អ.ប) ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងសំណូមពរដែលបានស្នើឡើងមកពីរដ្ឋបាលថ្នាក់ ក្រោមជាតិ និងលើកជាយោបល់ជូន គ.ជ.អ.ប. សម្រាប់រយៈដាក់ចេញនូវគោលការណ៍តម្រង់ ទិស សម្រាប់ការដោះស្រាយវេទិកាថ្នាក់ជាតិនៅពេលខាងមុខ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម សក់​ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានប្រចាំការនៃ គ.ជ.អ.ប. ព្រមទាំងមានការចូលរួមពីតំណាងទីស្តីការគណៈរដ្ឋមន្ត្រី និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ រួមជាមួយថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ដែលជាសមាជិក នៃ គ.ជ.អ.ប. សរុបប្រមាណ ៧០នាក់។ កិច្ចប្រជុំនាពេលនេះ បានប្រព្រឹត្តទៅក្រោមរបៀបវារៈ​ដូចតទៅ៖ ១).រាយការណ៍សង្ខេបអំពីដំណើរការនៃការរៀបចំវេទិការដ្ឋបាលថ្នាក់ក្រោមជាតិ ២).សេចក្តីរាយការណ៍នៃបញ្ហាប្រឈម និងសំណូមពរ ដែលបានលើកឡើងដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ៣).ការពិភាក្សាពិនិត្យទៅលើបញ្ហាប្រឈម និងសំណូមពរនីមួយៗនៃការកំណត់ និងវិធានការដោះស្រាយ។

បន្ទាប់ពីបានស្តាប់មតិយោបល់របស់អង្គប្រជុំ និងបញ្ហាប្រឈម ព្រមទាំងសំណូមពររបស់វេទិការដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានលើកឡើង គឺសុទ្ធសឹងជាធាតុចូលដ៏មានសារៈសំខាន់បំផុត និងផលប្រយោជន៍ សម្រាប់កិច្ចប្រជុំរួម ជាទិដ្ឋភាពនៃការគិតគូរ លើតួនាទីភារកិច្ចការងាររវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្រាប់ដោះស្រាយបញ្ហារបស់រដ្ឋបាលថ្នាក់ក្រោមជាតិរួចមក ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានចាត់ទុកមតិយោបល់ទាំងនេះ ជាបីប្រភេទរួមមាន៖ ១).ជាការគិតគូរ ដែលជាធាតុចូលដែលឆ្លុះបញ្ចាំងទាំងស្រុងទៅលើសំណើ បញ្ហាប្រឈម ជាពិសេសការគិតគូរទៅលើការបណ្តុះបណ្តាលធនធានមនុស្ស ជំនាញដែលត្រូវជួយទៅដល់ថ្នាក់ក្រោមជាតិ និងជាឱកាសចូលរួមក្នុងការគិតគូរដោះស្រាយជាប្រព័ន្ធរួមដែលត្រូវការចំបាច់ មានរយៈពេលវែង និងជាធ្វើជាប្រចាំ ២).ឆ្លុះបញ្ចាំងទៅលើទិដ្ឋភាពរួម ក្នុងការពិនិត្យជារួម ដោយមើលទៅលើភាពធន់របស់ប្រព័ន្ធរដ្ឋបាលសាធារណៈទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និង ៣).ជាធាតុចូលដែលគួរឱ្យកត់សម្គាល់នូវបញ្ហាប្រឈម ដែលឆ្លុះបញ្ចាំងបន្ថែមនូវថ្នាក់ក្រោមជាតិ។

...

សូមជម្រាបថា គណៈកម្មាធិការបុគ្គលិករបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានបង្កើតឡើងដោយអនុក្រឹត្យលេខៈ ១៦ អនក្រ.បក ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដែលមានតួនាទីផ្តល់យោបល់ជូន គ.ជ.អ.ប. និងកិច្ចការនានាពាក់ព័ន្ធនឹងការរៀបចំការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលមានភារកិច្ចដូចតទៅ៖ (១) ពិនិត្យ និងផ្តល់យោបល់លើការរៀបចំការអនុវត្តគោលនយោបាយ ច្បាប់ លិខិតបទដ្ឋានគតិយុត្ត និងឯកសារបច្ចេកទេសនានា ពាក់ព័ន្ធនឹងការរៀបចំ ការគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (២) ការពិនិត្យ និងការពិគ្រោះយោបល់របស់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា ដើម្បីកំណត់ថ្នាក់ អំពីប្រភេទ ចំនួនបុគ្គលិក បែបបទ និងនីតិវិធីសម្រាប់ផ្ទេរបុគ្គលិកទៅរដ្ឋបាលថ្នាក់ក្រោមជាតិ (៣) ពិនិត្យ និងផ្តល់យោបល់លើការរៀបចំការកែលម្អប្រព័ន្ធបុគ្គលិក ព្រមទាំងការរៀបចំពិពណ៌នាមុខតំណែង និងលក្ខខណ្ឌការងាររបស់បុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ (៤) ការពិនិត្យ និងផ្តល់មតិយោបល់ក្នុងការរៀបចំនៃការពង្រឹងយន្តការនៃការអភិវឌ្ឍសមត្ថភាព ព្រមទាំងវិធីសាស្ត្រ និងកម្មវិធីសិក្សា សម្រាប់ការបណ្តុះបណ្តាលដល់បុគ្គលិកថ្នាក់ក្រោមជាតិ (៥) ការពិនិត្យ និងការផ្តល់យោបល់លើការរៀបចំការដាក់ឱ្យអនុវត្តប្រព័ន្ធវាយតម្លៃបំពេញការងាររបស់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print