កម្លាំងនគរបាលរាជធានីភ្នំពេញ បន្ដបង្ក្រាបក្មេងទំនើង៣នាក់ទៀត ពាក់ព័ន្ធករណីហិង្សានៅសង្កាត់បឹងកកទី២ ខណ្ឌទួលគោក, សរុប៧នាក់ត្រូវចាប់ខ្លួន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ បានស្រាវជ្រាវបន្ដចាប់ខ្លួនក្មេងទំនើង៣នាក់បន្ថែមទៀត ពាក់ព័ន្ធករណីប្រើហិង្សាវាយដំគ្នានៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលមកទល់ពេលនេះសរុប៧នាក់ហើយ ដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន។

ប្រតិបត្តិការនេះ គឺបន្ដអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅចំណុចលើដងផ្លូវលេខ៥៩២ ក្រុមទី៤៦ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចមុខស្ថានីយ៍ចាក់ប្រេងសាំង PTT ផ្លូវលេខ៥៩២ ក្រុមទី២០ ភូមិ៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង៣នាក់នេះ រួមមាន ទី១៖ឈ្មោះ ម៉ៅ វណ្ណរ៉ា ហៅម៉ៅ អាយុ២០ឆ្នាំ, ទី២៖ឈ្មោះ សែម រតនា ហៅអេរិច អាយុ១៧ឆ្នាំ និងទី៣៖ឈ្មោះ មីន សេងហ័រ ហៅហ័រ អាយុ១៩ឆ្នាំ។

វត្ថុតាងចាប់យកមាន៖ ទូរស័ព្ទដៃ៣គ្រឿង និងម៉ូតូ១គ្រឿង ម៉ាក HONDA CUP50 ពណ៌ខៀវ ពាក់ផ្លាកលេខភ.ព1-9259។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិងចាត់ការបន្តតាមនីតិវិធី។

សូមជម្រាបថា ក្នុងករណីនេះក្មេងទំនើងទាំង៤នាក់រួចមកហើយ ដែលត្រូវចាប់ខ្លួននៅថ្ងៃទី២៣ ខែមករាម្សិលមិញ ដោយឃាត់ខ្លួនជាក់ស្ដែងនៅនឹងកន្លែងកើតហេតុបាន២នាក់ និងស្រាវជ្រាវបន្តឃាត់ខ្លួន២នាក់ ស្ថិតនៅចំណុចលើដងផ្លូវម៉ុងឬទ្ធី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ សរុបករណី៧នាក់ត្រូវបានចាប់ខ្លួន។ 

សីលធម៌សង្គមត្រូវបានធ្លាក់ចុះ ! បើជនទំនើង នៅតែបន្តភាពវក់វរ ក្នុងសង្គម ។ ការបង្រាបដោយសមត្ថកិច្ច ទាន់ពេលវេលា នេះជាភាពទទួលខុសត្រូវខ្ពស់ ការពារ បម្រើ ប្រជាពលរដ្ឋ សម្រាប់ សន្តិសុខ សណ្ដាប់ធ្នាប់ ដោយគ្មានលក្ខខណ្ឌ ។ ប្រជាពលរដ្ឋត្រេកអរបំផុត ស្រពេលដែលសមត្ថកិច្ច យកចិត្តទុកដាក់ ចាត់វិធានការ គ្រប់កាលៈទេសៈ ដើម្បីសន្តិសុខជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print