ខេត្តកោះកុង៖ ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាង១ពាន់នាក់រស់នៅក្នុងខេត្តកោះកុង បានបញ្ចប់វគ្គសិក្សាជំនាញបច្ចេកទេស ដោយអ្នកខ្លះកំពុងបន្តការរៀនបន្ថែម និងខ្លះទៀតមានការងារធ្វើយ៉ាងល្អប្រសើរ។
យុវជនដែលមានជីវភាពក្រីក្រ និងគ្រួសារងាយរងហានិភ័យប្រមាណ១ពាន់នាក់ ស្រី៣០៨នាក់ បានទទួលចំណេះដឹងជំនាញពិតប្រាកដតាមតម្រូវការទីផ្សារការងារ មុខរបរ និងមានប្រាក់ចំណូលល្អប្រសើរជាងមុន ស្របនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងពិធីប្រកាសដាក់ឱ្យដំណើរការកម្មវិធីអភិវឌ្ឍន៍ជំនាញ ដំណាក់កាលទី៣ និងប្រគល់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈដល់សិស្ស១,៥លាននាក់របស់រាជរដ្ឋាភិបាល អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស ព្រះនាយកវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង ថ្លែងថា យុវជនគោលដៅ២២២ដែលជាសិក្ខាកាម បានជម្នះនូវរាល់ឧបសគ្គទាំងឡាយ និងចូលរៀនដោយមិនបង់ថ្លៃ ហើយទទួលប្រាក់ឧបត្ថម្ភប្រចាំខែទៀតផង។
អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស បានវាយតម្លៃថា យុវជនភាគច្រើនទទួលបានការងារទៅតាមជំនាញរៀងៗខ្លួន ហើយចំពោះអ្នកមិនទាន់មានការងារក៏បន្តសិក្សាបន្ថែមតាមកម្រិតរបស់ពួកគេ ដើម្បីពង្រឹងចំណេះដឹង និងចាប់យកឱកាសការងារខ្ពស់ជាងនេះ។ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានទំនាក់ទំនងមន្ទីរការងារ តំបន់សេដ្ឋកិច្ចពិសេសខេត្ត និងវិស័យឯកជនផ្សេងៗ ក្នុងគោលបំនងផ្តល់ការងារធ្វើជូនយុវជនដែលរៀនចប់ ចេះ ហើយមានការងារ។
ដោយឡែកយុវជន និងយុវនារីដែលបញ្ចប់វគ្គសិក្សាផ្នែកអគ្គិសនី សំណង់ និងសម្អាងការ បានឱ្យដឹងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ថា ទំរាំពួកគេឈានដល់បញ្ចប់វគ្គជំនាញបច្ចេកទេស បានលះបង់ខ្ពស់ដើម្បីទទួលចំណេះជំនាញពិតប្រាកដពីលោកគ្រូអ្នកគ្រូ។ បច្ចុប្បន្នពួកគេមានការងារនៅវិស័យឯកជន និងមានចំណូលសមរម្យ ដើម្បីជីវភាពរស់នៅគ្រួសារប្រចាំថ្ងៃពុំលំបាកដូចពេលមុនៗឡើយ។
លោកបណ្ឌិត ហ៊ីង ស៊ីដេត ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានអប់រំបណ្តុះបណ្តាលបច្ចេកទេស បានសម្តែងការអបអរសាទរចំពោះលទ្ធផលជោគជ័យដែលយុវជនមាននៅថ្ងៃនេះ ដោយឯកឧត្តមជឿជាក់ថា កម្មវិធីអភិវឌ្ឍន៍ជំនាញបច្ចេកទេស នឹងចូលរួមចំណែកកាន់តែខ្លាំងដល់ការពង្រឹងគុណភាពអប់រំ បង្កើតការងារសមរម្យ និងមានប្រាក់ចំណូលដល់យុវជនដែលងាយរងគ្រោះ និងកម្មករ និយោជិត ដើម្បីកាត់បន្ថយភាពក្រីក្រ និងឆ្លើយតបនឹងតម្រូវការការងារលើទីផ្សារ។
លោកបណ្ឌិត ហ៊ីង ស៊ីដត សង្កត់ធ្ងន់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់លើគ្រប់វិស័យ ពិសេសការអភិវឌ្ឍន៍វិស័យការងារ ពង្រឹងភាពសុខដុមរមនាទំនាក់ទំនងវិជ្ជាជីវៈ ដើម្បីលើកស្ទួយជីវភាពពលរដ្ឋ និងអភិវឌ្ឍន៍សង្គមប្រកបដោយចីរភាព។ នេះបើយោងតាមប្រភព ពីមន្ទីរព័ត៌មានខេត្តកោះកុង៕
ដោយ ៖ សិលា