ភ្នំពេញ ៖ គណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរការ ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/១១២៤/១៤១២ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ០២០ ផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់ដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។
គណៈកម្មាធិការជាតិនេះ ជាយន្តការដឹកនាំ សម្របសម្រួល និងអនុវត្តកម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍ ដោយចីរភាព ក្នុងគោលដៅផ្តល់ដីក្រោមទម្រង់សម្បទានដីសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រគ្មានដីពិតប្រាកដ និង គាំទ្រគម្រោងអភិវឌ្ឍសហគមន៍ ព្រមទាំងការពារព្រៃនៅជិតទីតាំងផ្តល់ដីប្រកបដោយចីរភាព។ យន្តការនេះមិនទៅ ជំនួសយន្តការដែលមានស្រាប់ (ថ្នាក់ជាតិ រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់) នោះទេ តែជាយន្តការបំពេញបន្ថែម ហើយទន់ភ្លន់ មានតម្លាភាព ដែលអាចប្រើប្រាស់បានទៅតាមកន្លែង និងស្ថានភាពខុសៗគ្នា។ គណៈកម្មាធិការនេះ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រធាន អមដោយអនុប្រធានចំនួន ១១រូប និងសមាជិកចំនួន ៥១រូប និងមានលេខាធិការដ្ឋានមួយជាសេនាធិការ។
ជាលទ្ធផល លេខាធិការដ្ឋាន ផ.ក.អ. បានចុះកំណត់ទីតាំងដី និងផ្ទៀងផ្ទាត់នៅទីតាំងតំបន់អូរឃ្លៀង អូរសែវ អូរចំបក់ ក្រឡាពស់ ស្ថានីយ៍ផ្សព្វផ្សាយភូតតាគាម និងអូរប្រាំដំឡឹង ក្នុងខេត្តស្ទឹងត្រែង និងបានសហការជាមួយ រដ្ឋបាលថ្នាក់ក្រោមជាតិចុះសម្រង់បញ្ជីឈ្មោះអ្នកទន្ទ្រានដីនិងដាំដុះ និងកំណត់និយាមការផ្ទះ ទីតាំងដីនៅ តំបន់អូរចំបក់ និងអូរសែវ។ លេខាធិការដ្ឋាន ផ.ក.អ. បានចុះបណ្តុះបណ្តាលផ្ទៃក្នុងតម្រង់ទិសជាប្រចាំដល់មន្ត្រី លេខាធិការដ្ឋាន និងបានចុះបណ្តុះបណ្តាលនិងផ្សព្វផ្សាយស្តីពីការអនុវត្ត “កម្មវិធីផ្តល់ដី ការពារព្រៃដើម្បី រួមគ្នាអភិវឌ្ឍដោយចីរភាព» ចំនួន ៦ទីតាំង (ភូមិភាគ) មាន ២៥រាជធានី ខេត្ត ដែលមានអ្នកចូលរួមសរុបចំនួន ៣ ៥១៩នាក់ ដោយចាប់ផ្តើមពីថ្ងៃទី១៥ ដល់ ២១ ខែមករា ឆ្នាំ២០២៥។
តាមការគ្រោងទុកកម្មវិធីនេះ នឹងដាក់ឱ្យដំណើរការជំហានទី១ ចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ដោយមានចំនួន ៥ដំណាក់កាលសំខាន់ៗ រួមមាន ទី១. ដំណាក់កាលរៀបចំ (ការកំណត់ទីតាំងផ្តល់ដី ការផ្សព្វផ្សាយ និងផ្តល់ពត៌មាន) ទី២. ដំណាក់កាលបច្ចេកទេស ទី៣. ដំណាក់កាលពិនិត្យភាពសមស្រប (ការជ្រើសរើស) ទី៤. ដំណាក់កាលពិនិត្យ សម្រេច និងផ្តល់សុពលភាព និង ទី៥. ដំណាក់កាលផ្តល់ដី ការពារព្រៃ និងការអភិវឌ្ឍ។ បន្ទាប់ ពីបានសិក្សាលក្ខណៈបច្ចេកទេសបម្រើឱ្យជីវភាពដោយវិភាគប្រព័ន្ធក្សេត្រ-បរិស្ថាន សិក្សាពីគុណភាពដឹកសិកម្ម ស្រាវជ្រាវពីប្រភពទឹក និងវាយតម្លៃហេដ្ឋារចនាសម្ព័ន្ធចាំបាច់រួចមក សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចកំណត់ យកចំណុចអូរសែវ ភូមិហាងសារ៉ាត ឃុំសាមមួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ជាទីតាំងជំហានទី១ ដោយគ្រោង ផ្តល់ដីជូនប្រជាពលរដ្ឋក្រីក្រីគ្មានដីពិតប្រាកដ ហើយមានបំណងទៅរស់នៅទីតាំងនេះ ចំនួន ៥០០គ្រួសារ ដោយ ក្នុងមួយគ្រួសារទទួលបានដីលំនៅឋាន និងដឹកសិកម្មទំហំសរុប ៣ហិកតា។ ជំហានបន្ទាប់នឹងផ្តល់ជូនចំនួន ៥០០គ្រួសារ បន្ថែមទៀតនៅទីតាំងដដែល។ តំបន់នេះ មានទំហំជិត ១០ ០០០ហិកតា ស្ថិតនៅជាប់ទីតាំងគម្រោង ដីសម្បទានសង្គមកិច្ច។
សូមបញ្ជាក់ថា ៖ ការលើកឡើងនេះដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណះបានអញ្ជើញជា អធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹក ថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ៕
ដោយ ៖ សិលា