ភ្នំពេញ ៖ នៅប្រមាណឆ្នាំ ៦២៣ មុន គ.ស ព្រះសមណ គោតម (Gautama) បានប្រសូតជាព្រះរាជបុត្រនៅឥណ្ឌាខាងជើង។ ព្រះអង្គសុខចិត្តលះបង់ នូវជីវិតស្ដេច ហើយរស់នៅក្នុងជីវភាពសាមញ្ញក្រោមដើមឈើ ក្នុងរយៈពេល ៦ឆ្នាំមុននឹងត្រាស់ដឹង ដែលមានព្រះនាមថា ជាព្រះពុទ្ធ។ នៅឆ្នាំ៥៥០មុន គ.ស. ខុងជឺ ក៏បានចាប់កំណើតផងដែរ ហើយក្រោយមកបានក្លាយជា ទស្សនវិទូចិនដ៏ល្បីល្បាញ ដែលមានឥទ្ធិពលលើនយោបាយ និងគំនិត។ អាណាចក្រពែរ្យក៏ចាប់បដិសន្ធិ និងមានអត្ថិភាពក្នុងរយៈពេល៣០ឆ្នាំ ពី៥៥៩ដល់ ៥៣០ឆ្នាំមុនគ.ស.។ នៅឆ្នាំ៥០៩មុនគ.ស. សាធារណរដ្ឋរ៉ូមក៏ ចាប់ផ្តើមលេចរូបរាងឡើង។ នៅអំឡុង៥០០ឆ្នាំមុនគ.ស. អារ្យធម៌ក្រិកបាន ឈានដល់កំពូលខាងផ្នែកស្ថាបត្យកម្ម និងទស្សនវិជ្ជា។ ទស្សនវិទូក្រិក មានឥទ្ធិពលយ៉ាងខ្លាំងក្លាលើអារ្យធម៌បស្ចិមប្រទេស ក្នុងរយៈពេលរាប់ សតវត្ស។ ឧត្តមសេនីយដ៏ល្បីល្បាញរបស់ក្រិកម្នាក់គឺ អាឡិចសង់ (៣៥៦- ៣២៣ឆ្នាំមុនគ.ស.) (Alexander the Great) បានក្លាយជាស្ដេចនៃម៉ាសេដូន នៅភាគខាងជើងក្រិក ហើយបានបង្កើតអាណាចក្រដ៏ធំមួយ ដែលលាត សន្ធឹងពីក្រិកដល់ឥណ្ឌាភាគខាងជើង។
នៅឆ្នាំ២៦២មុនគ.ស. ព្រះចៅអធិរាជអសោក ដែលគ្រងរាជ្យពី ឆ្នាំ២៦៨ដល់២៣២ឆ្នាំមុនគ.ស. បានក្លាយជាពុទ្ធសាសនិក ហើយបាន សាងសង់ចេតិយដ៏ធំមួយនៅសាន់ឈឺ ដើម្បីដាក់អដ្ឋិធាតុព្រះពុទ្ធ។ ព្រះចៅ អធិរាជអសោកបានបញ្ជូនសាមណទូតទៅកាន់តំបន់នានា ដើម្បីផ្សព្វផ្សាយ ព្រះពុទ្ធសាសនា។ ទន្ទឹមនឹងនេះ នៅ២២១ឆ្នាំមុនគ.ស. ស្ដេចចិនព្រះនាម ហ្សងនៃរាជាណាចក្រឈីន បានវាយយករដ្ឋចិន៦ផ្សេងទៀត ហើយបាន ប្រកាសខ្លួនជាព្រះចៅអធិរាជ។ នៅពេលព្រះអង្គចូលទិវង្គត ប្រជាជន ប្រមាណជា៧សែននាក់ត្រូវបានកែនមកធ្វើផ្នូរព្រះអង្គ ហើយសពព្រះអង្គ កប់ជាមួយទាហានដីលើភ្នំឡាំងយ៉ា ខេត្តអានហី។ នៅឆ្នាំ១១០មុនគ.ស. ចិនបានបង្កើតផ្លូវសូត្រ ដែលជាផ្លូវពាណិជ្ជកម្មពីចិន ឆ្លងកាត់តាមដងភ្នំនៃ អាស៊ីកណ្តាល ទៅដល់សមុទ្រម៉េឌីទែរ៉ាណេ។ នៅពេលនោះមានតែជនជាតិចិនទេ ដែលចេះត្បាញសូត្រដែលពេញនិយមយ៉ាងខ្លាំងនៅទីក្រុងរ៉ូម។
ចាប់ពីឆ្នាំ១០៥មុនគ.ស.មក សាធារណរដ្ឋរ៉ូមក៏ចាប់ផ្តើមបង្កើត កងទ័ពថ្មី ដែលធ្វើសង្គ្រាមវាយយកទ្វីបអាហ្វ្រិកខាងកើត និងអ៊ីតាលីខាង ជើង។ អាណាចក្ររ៉ូមាំងចាប់ផ្តើមរីកលាតសន្ធឹងនៅទ្វីបអឺរ៉ុប។ អ្នកនយោបាយ និងមេទ័ពរ៉ូមដ៏ល្បីល្បាញ សេហ្សា (Caesar) (១០០-៤៤ឆ្នាំមុនគ.ស.) វាយ យកបានបារាំង (Gaul) ហើយត្រលប់មករ៉ូមដើម្បីប្រកាសខ្លួនឯងជាអ្នក គ្រប់គ្រងផ្តាច់ការមួយជីវិត តែត្រូវគេសម្លាប់នៅឆ្នាំ៤៤មុនគ.ស.។ ព្រះ ក្សត្រីយានី ក្លេអូប៉ាត្រា (Cleopatra) ជាស្តេចចុងក្រោយនៃសន្តតិវង្សម៉ាសេដូន ដែលគ្រប់គ្រងអេហ្សីបពីឆ្នាំ៥១ដល់ឆ្នាំ៣០មុនគ.ស. ហើយក្រោយពីព្រះ នាងចូលទិវង្គត អេហ្សីបបានក្លាយជាខេត្តមួយនៃចក្រភពរ៉ូមាំង។ ចក្រភព រ៉ូមាំង ដែលចាប់ផ្តើមពីទីក្រុមតូចមួយនៃរ៉ូមនៅឆ្នាំ៥០០មុនគ.ស. បាន វាតទីបន្តិចម្តងៗ ហើយបានប្រែក្លាយទៅជាចក្រភពដ៏ធំមួយនៅឆ្នាំទី១នៃ គ.ស. ដែលមានព្រំប្រទល់ពីប្រទេសអេស្ប៉ាញដល់ប្រទេសស៊ីរី ដែលមាន ប្រជាជនរស់នៅជាង៦០លាននាក់។
នៅឆ្នាំ៤មុនគ.ស. យេស៊ូ គ្រិស្ត បានចាប់កំណើតឡើង។ នៅឆ្នាំ ៣៣នៃគ.ស. យេស៊ូ គ្រិស្ត ដែលជាមេដឹកនាំសាសនាជនជាតិជ្វីបដ៏មាន ប្រជាប្រិយម្នាក់ ត្រូវបានគេយកទៅប្រហារជីវិត។ អ្នកជឿលើយេស៊ូ គ្រិស្ត បានបង្កើតសាសនាថ្មីមួយឈ្មោះថា សាសនាគ្រិស្ត (Christianity) ដែល រីកសាយភាយនៅក្នុងចក្រភពរ៉ូមាំង។ (នៅមានត) ៕
ដោយ ៖ សិលា