ខ្ញុំរវល់តែគិត ក៏ភ្លេចថាដល់ម៉ោងឈប់សម្រាក បងយ៉ារី និងយ៉ាដា មកហៅខ្ញុំឲ្យទៅផ្ទះ។ ខ្ញុំទាំងបីនាក់រូតរះប្រញាប់ទៅមុន ចំណែកឯប៉ាម៉ាក់ អ៊ំសែម និងអ៊ំយ៉ាន ដើរមកតាមក្រោយ។ ពួកខ្ញុំដើរដល់ខាងមុខបន្តិចបានជួបជាមួយនឹងសមមិត្តបុរសម្នាក់ដើរតែឯង ទឹកមុខក្រៀមក្រំស្រពាប់ស្រពោនមានរង្វង់ភ្នែកខ្មៅ បបូរមាត់ស្លេកស្លាំង។ ខ្ញុំអាចស្មានបានថា សមមិត្តរូបនោះប្រាកដជាមានជំងឺជាប់នឹងខ្លួនជាក់ជាមិនខាន។ បងយ៉ារី មើលមុខសមមិត្តបុរសនោះហើយក៏វាចាសួរថា ឧត្តមមិត្តឯងឈឺមែនទេ បានជាទឹកមុខស្លេកស្លាំងយ៉ាងនេះ? ឧត្តមឆ្លើយតបទាំងគ្មានកម្លាំងថា បាទមិត្តបងខ្ញុំមានអារម្មណ៍ដូចជាមិនស្រួលខ្លួន នេះប្រហែលមកពីខ្ញុំហូបមិនគ្រប់គ្រាន់ សម្រាកមិនគ្រប់គ្រាន់ហើយមើលទៅ ឧត្តមរាយការណ៍ប្រាប់អង្គការ ក្រែងបានឈប់សម្រាកមើលជំងឺ ខ្លាចគ្មានកម្លាំងធ្វើការ ហើយត្រូវអង្គការចោទប្រកាន់ និងអាចរឹតបន្តឹងចំពោះឧត្តមជាងនេះទៀត។ ប៉ុន្តែឧត្តមមិនព្រមទេ ហាក់បីដូចជាភ័យខ្លាចមិនចង់ឲ្យអង្គការដឹង ហើយនិយាយតបវិញថា ខ្ញុំមិនអីទេមិត្តបងចាប់ពីស្អែកទៅ ខ្ញុំលែងអីហើយខ្ញុំមិនចង់ឲ្យអង្គការចោទប្រកាន់ថា ខ្ញុំផ្ដេកផ្តួលរមួលផ្សំគ្រិច ឈឺតិចៗថាឈឺខ្លាំងនោះទេ។ ឧត្តមបានងាកមកមើលមុខហើយញញឹមស្ងួតមកកាន់ខ្ញុំដោយសួរថា មិត្តនារីនេះជាអ្នកមូលដ្ឋានថ្មីឬ ខ្ញុំដូចជាមិនដែលឃើញ មិនដែលស្គាល់ពីមុនមក។ យ៉ាដាក៏បានណែនាំខ្ញុំឲ្យឧត្តមស្គាល់ថា ចា៎ ពិតមែនហើយ សុភីនាថ ជាអ្នក ១៧ មេសាត្រូវបានជម្លៀសចេញពីភ្នំពេញមកទីនេះ ហើយសព្វថ្ងៃមិត្តរស់នៅផ្ទះជាមួយនឹងគ្រួសារខ្ញុំ។ ភ្លាមនោះបង យ៉ារីក៏បាននិយាយកាត់ថា ឧត្តម! ខ្ញុំគិតថាយើងជជែកគ្នាលេងតែប៉ុណ្ណេះបានហើយ នេះបើអង្គការឃើញច្បាស់ជាគិតថាមិត្តឯងហើយនិងពួកខ្ញុំបែបលេបខាយពាក្យសម្ដីស្រីប្រុសចាក់ជាពុំខានពួកខ្ញុំគិតថា សុំទៅមុនហើយណា ។
ខ្ញុំងាកមើលទៅសមមិត្តឧត្តម រួចញញឹមដាក់គាត់ដោយភាពទន់ភ្លន់ គាត់ក៏ញញឹមតបមកខ្ញុំវិញមុននឹងយើងបែកគ្នា។ ពួកខ្ញុំទាំងបីក៏ដើរទៅមុនតម្រង់ទៅផ្ទះ។ទៅដល់ផ្ទះភ្លាមពួកយើងក៏ម្នីម្នាទៅផ្ទះបាយដើម្បីទទួលយកចំណែកបបរដែលអង្គការបានចែកឲ្យ។ ខ្ញុំជាអ្នកមូលដ្ឋានថ្មី ត្រូវគេមើលងាយនិយាយឌឺដងនិងរើសអើងសព្វគ្រប់បែបយ៉ាង សូម្បីតែមេចុងភៅពេលដួសបបរឲ្យខ្ញុំ ក៏ដួសមិនពេញស្រួលដូចប្រជាជនដទៃទៀតដែរ។ មេចុងភៅគ្រលែងវែកឲ្យកំពប់បបរចេញស្ទើរពាក់កណ្ដាល។ ខ្ញុំទទួលបានអាហារហូបមិនដែលគ្រប់គ្រាន់ទេ ហើយត្រូវអ្នកមូលដ្ឋានចាស់និយាយចោលដឹងទាំងដងមកថា អ្នក ១៧ មេសាជាអ្នកបញ្ញើក្អែក ឬក៏ថា អ្នកថ្មីគ្មានអ្វីក្រៅពីពោះអាចម៍ និងពោះទឹកទេ។ ខ្ញុំហូបបបររួចហើយ ក៏ប្រញាប់ប្រញាល់ទៅផ្ទះដើម្បីងូតទឹកសម្អាតកាយដោយមិនខ្វល់នឹងសម្ដីទាំងអស់នោះឡើយ។ ខោអាវមានតែមួយចង្កេះឆ្អេះនិងខ្លួនមិនមានខោអាវផ្លាស់ប្ដូរផ្សេងទេ ធ្វើការក៏ស្លៀកមួយបន្លាស់ហ្នឹង ពេលគេងក៏មួយបន្លាស់ហ្នឹង ពេលងូតទឹកមិនដែលហ៊ានបោកសម្អាតទេ ព្រោះខ្លាចមិនស្ងួត មិនមានខោអាវសម្រាប់ស្លៀកទៅធ្វើការ ទោះបីជាធំុក្លិនឆ្អេះឆ្អាបយ៉ាងណាក៏ចេះតែទ្រាំទៅ។ ប្រជាជនម្នាក់ៗត្រូវបែកញើសផ្កាអំបិល ក្អែលប្រឡាក់ខ្មៅ ដីជាប់ឱ្យស្រម៉ក។ ខ្ញុំគ្រាន់តែលើករលាស់ក៏យកមកស្លៀកវិញ ហើយក៏ប្រះខ្លួនចូលគេងទៅ។
រៀងរាល់ព្រឹកឡើងខ្ញុំត្រូវកាន់ចបបង្គីទៅជីកប្រឡាយ និងលើកទំនប់បន្ត។ ពេលនេះអង្គការបានចែកចំណែកឲ្យខ្ញុំបីនាក់ បងយ៉ារី និងយ៉ាដា។ យើងត្រូវជីកដីពីម៉ែត្រគូបឲ្យហើយក្នុងមួយថ្ងៃ។ កន្លែងដែលខ្ញុំត្រូវជីកគឺនៅក្បែរគ្នាជាមួយនឹងសមមិត្តឧត្តមដែលខ្ញុំបានជួបពីម្សិលមិញដែរ។ យើងមិនហ៊ាននិយាយស្ដីរកគ្នាឡើយ ម្នាក់ៗខិតខំប្រឹងតែរៀងៗខ្លួន ព្រោះខ្លាចជីកដីមិនហើយត្រូវអង្គការពិន័យ។ ណាមួយពួកខ្ញុំជាស្រីមិនសូវមានកម្លាំង ដូច្នេះមានតែខំប្រឹងឲ្យអស់សមត្ថភាព។ មេកងចេះតែដើរក្រវែលក្បែរខ្ញុំ ខ្ញុំកាន់តែមានអារម្មណ៍ភិតភ័យក្នុងចិត្តឱនមុខចុះប្រឹងប្រែងធ្វើការ។ មេកងបាននិយាយដោយសំដីមុតស្រួចថា កង់ប្រវត្តិសាស្រ្តវិលទៅមុខជានិច្ច បើអ្នកណាជំទាស់ ប៉ះដៃកិនដៃ ប៉ះជើងកិនជើង។ ឮដូច្នោះហើយពួកយើងមិនដែលហ៊ានតវ៉ាទេ យើងចេះតែខំធ្វើការទាំងត្រដាបត្រដួស ព្រោះខ្លាចអង្គការយកទៅរៀនសូត្រ។ ឱលោកអើយ! ពេលណាទើបផុតពីនឹមដែកអម្រែកទុក្ខគុកជញ្ជាំងមួយនេះ?
ពេលល្ងាចមុនចូលដំណេក ខ្ញុំនឹកដល់បញ្ញាវឌ្ឍន៍ប្អូនប្រុសរបស់ខ្ញុំ។ បញ្ញវឌ្ឍន៍រស់នៅជាមួយកងកុមារមិនដឹងថាបានសុខឬយ៉ាងណានោះទេ? ណាមួយបែកពីប្អូនរាប់ខែមិនដែលបានជួបប្អូនសូម្បីតែម្ដង។ ខ្ញុំបាននិយាយពិភាក្សាជាមួយប៉ា ម៉ាក់ របស់ខ្ញុំថា ពុក ម៉ែ ខ្ញុំនឹកបញ្ញាវឌ្ឍន៍ខ្លាំងណាស់ ខ្ញុំចង់ជួបប្អូនណាស់ តើធ្វើម្ដេចទៅទើបបានជួបគេ មិនដឹងថាគេបានសុខឬទុក្ខយ៉ាងណាទេ។ ប៉ារបស់ខ្ញុំឆ្លើយថា ចាំពុកសាកស្នើសុំថ្នាក់លើ ដើម្បីសុំជួបបញ្ញវឌ្ឍន៍ម្ដង! ចាំស្អែក ចាំពុកសាកល្បងស្នើសុំទៅអង្គការ ឥឡូវកូនសម្រាកទៅ ព្រោះស្អែកត្រូវក្រោកឡើងទៅធ្វើការផង។
ព្រឹកឡើងខ្ញុំក្រោកទៅធ្វើការជាធម្មតា តែអ្វីដែលខ្ញុំទន្ទឹងនោះគឺចង់ជួបប្អូនប្រុសសំណព្វរបស់ខ្ញុំ មិនដឹងថាបានជួបគេឬអត់ទេ។ដល់ម៉ោងសម្រាកបាយថ្ងៃត្រង់ ប៉ាម៉ាក់របស់ខ្ញុំក៏ដើរសំដៅមកកាន់ខ្ញុំ រួចនិយាយប្រាប់ថា ថ្ងៃនេះអង្គការអនុញ្ញាតឱ្យយើងទៅជួបបញ្ញាវឌ្ឍន៍ ដូច្នេះកូនឆាប់ហូបបបរឱ្យអស់ទៅ នឹងអាលបានទៅជួបប្អូន។ (នៅមានត)