ភ្នំពេញ៖ បុរសស្រ្តី៤នាក់បន្ទាប់ពីផឹកស៊ីរួចបម្រុងនាំគ្នាទៅហូបអីក្រៅបន្តស្រាប់តែមានជនមិនស្គាល់អត្តសញ្ញាណមកវាយបណ្តាលឱ្យរងរបួសធ្ងន់២នាក់ ស្រាល២នាក់ ហើយជនបង្កបានរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកេីតហេតុពួកគាត់បាននាំគ្នាផឹកស៊ីជួបជុំគ្នានៅបន្ទប់ជួលជាន់ទី២ដោយមានគ្នា៩នាក់ក្នុងនោះមានស្រី៥នាក់នឹងប្រុស៤នាក់ ខណៈផឹកសុីចប់ ហេីយបម្រុងនាំគ្នាទៅហូបអីនៅខាងក្រៅបន្ត ពេលកំពុងរៀបចំអីវ៉ាន់ស្រាប់តែជនបង្កមួយក្រុមដែលផឹកស៊ីនៅក្បែរនោះ ក្នុងនោះម្នាក់បានយកស្នាប់ដៃមកវាយជនរងគ្រោះចំនួនបួននាក់បណ្តាលឱ្យរងរបួសធ្ងន់២នាក់និងស្រាល២នាក់ក្នុងនោះមានស្រីម្នាក់ដែលទៅជួយឃាត់រងរបួសស្រាល ។
ក្រោយពេលកើតហេតុជនរងគ្រោះបានចុះមកខាងក្រោមដេីម្បីអោយបងប្អូនជួយទាក់ទងទៅសមត្ថកិច្ចក៏ស្រាប់តែជនបង្កគំរាមបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុអោយនាំគ្នាចូលដេកទៅ ចំណែកបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានទាក់ទងទៅសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដេីម្បីឱ្យជួយអន្តរាគមន៍ភ្លាមៗផងដែរ ។
បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់កន្លែងកេីតហេតុសហការជាមួយ អាជ្ញាធរនិងម្ចាស់ផ្ទះដេីម្បីឃាត់ជនបង្ក តែពេលទៅមេីលបន្ទប់ជួលជនបង្កនាំគ្នារត់គេចខ្លួនបាត់ ៕
ដោយ៖ ជ្រោយពេជ្រ