ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឱ្យជនដែលបង្កើតហ្វេសប៊ុកផេក «ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ» ក្លែងក្លាយ ត្រូវប្រញាប់លុបចោលជាបន្ទាន់

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥  ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃើញមានជនអនាមិក បានបន្លំបង្កើតផេកហ្វេសប៊ុកដាក់ឈ្មោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើឱ្យមហាជនមានការយល់ច្រឡំ ក្នុងគោលបំណងអាក្រក់ណាមួយ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចំពោះផេកហ្វេសប៊ុកក្លែងក្លាយដាក់ឈ្មោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងរាល់ខ្លឹមសារមួយចំនួនដែលជនអនាមិកបានផុស។

សារជាថ្មីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឱ្យជនដែលបង្កើតហ្វេសប៊ុកផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្លែងក្លាយ ត្រូវប្រញាប់លុបចោលជាបន្ទាន់ បើមិនដូច្នោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការស្រាវជ្រាវ ដើម្បីនាំយកជនរូបនេះមកអនុវត្តតាមនីតិវិធី។

ផេកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានសញ្ញា ធីក ពណ៌ខៀវ ទទួលស្គាល់ពីហ្វេសប៊ុក។ 

យោងតាមមាត្រា៦២៦ នៃក្រមព្រហ្មទណ្ឌ បានឲ្យនិយមន័យ «ការក្លែងបន្លំ» គឺជាការធ្វើឲ្យខូចខាត ដោយចេតនានូវការពិត ដែលសម្តែងនូវគំនិត កាលបើមានគ្រប់លក្ខខណ្ឌដូចជា (១)ការធ្វើឲ្យខូចខាតនេះមាន កម្មវត្ថុ ឬ អាចមានអនុភាពធ្វើជាភស្តុតាងនៃសិទ្ធិ ឬ នៃអំពើដែលមានផលវិបាលគតិយុត្ត និង(២)ការធ្វើឲ្យខូច ខាតនេះអាចបណ្តាលឲ្យមានព្យសនកម្ម ។ រី «ឯកសារសាធារណៈ» គឺជាលិខិតយថាភូត ឬ លិខិតធ្វើឡើងតាមរូបមន្ដច្បាប់ ដោយមន្ត្រីសាធារណៈ ដែលត្រូវបានអនុញ្ញាតឱ្យប្រតិបត្ដិមុខងារនោះ (ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និងបោះពុម្ភដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០០៧)។

ការក្លែងបន្លំឯកសារសាធារណៈ គឺជាបទល្មើសឧក្រិដ្ឋ ដែលមានចែងនៅក្នុងមាត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ ដោយបានកំណត់និយមន័យថា «ការក្លែងបន្លំប្រព្រឹត្តនៅក្នុងលិខិតយថាភូត ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារដែលចេញឱ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិ អត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្តល់ការអនុញ្ញាត ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ»៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print