ផ្លូវជាតិលេខ៥ចាប់ពីខាងក្រោមស្ពានជ្រោយចង្វារហូតដល់កែងផ្លូវលេខ៦៨ ស្ថិត នៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញបានក្លាយទៅជាកន្លែងចំណតរថយន្តតាក់ស៊ីឈប់ចាំហៅម៉ូយយ៉ាងអនាធិបតេយ្យលើដងផ្លូវសាធារណៈគ្មានចំណតត្រឹមត្រូវ ហើយក៏គ្មានអ្នកគ្រប់គ្រង និងរៀបចំឲ្យមានសណ្តាប់ធ្នាប់របៀបរៀបរយនោះដែរ។
ខ្ញុំបាទសង្កេតឃើញថា នៅរៀងរាល់ថ្ងៃបើនៅពេលព្រឹកក្រុមអ្នកបើករថយន្តតាក់សីុបានបើករថយន្តរបស់ខ្លួនមកចតពេញផ្លូវ ដោយមិនដែលឃើញខាងអាជ្ញាធររៀបចំឬរកទីតាំងណាមួយសម្រាប់ពួកគាត់ធ្វើជាចំណតទេគឺឃើញតែសមត្ថកិច្ចមូលដ្ឋានចុះ មកប្រមូលលុយពីក្រុមអ្នករត់តាក់ស៊ីនោះទៅវិញ ។
សកម្មភាពទាំងនេះធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការរអ៊ូរទាំថា ហេតុអ្វីបានជា ក្រុមអ្នករត់តាក់ស៊ីមកយកចិញ្ចើមផ្លូវ និងចំណីផ្លូវធ្វើជាកម្មសិទ្ធិ? ធ្វើឲ្យអ្នកដំណើរថ្មើរជើងមិនមានចិញ្ចើមផ្លូវសម្រាប់ពួកគាត់ដើរគឺពួកគាត់ត្រូវបង្ខំចិត្តដើរលើទ្រូងផ្លូវតែម្តង ដែលវាងាយបង្កគ្រោះថ្នាក់ជាយថាហេតុ ហើយម៉្យាងវិញទៀតបង្កឲ្យមានការកកស្ទះ ចរាចរណ៍ទៀតផង ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់