កីឡាករ Lukas Podolski អតីតខ្សែប្រយុទ្ធរបស់ក្លិបកាំភ្លើងធំ Arsenal បានប្រកាសលាឈប់ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ហើយ។
បច្ចុប្បន្នខ្សែប្រយុទ្ធវ័យ៣១ឆ្នាំនេះកំពុងតែលេងឲ្យក្លិប Galatasaray របស់ ប្រទេសទួរគី។ គាត់ធ្លាប់បានបញ្ជាក់ថា កម្ម វិធីយូរ៉ូឆ្នាំ២០១៦គឺជាការប្រកួតចុងក្រោយរបស់គាត់លើឆាកអន្តរជាតិ។ គាត់បានចូលរួមក្រុមជម្រើសជាតិអាល្លឺម៉ង់ពេលឈ្នះក្រុមស្លូវ៉ាគីដោយលទ្ធផល៣-០ក្នុង កម្មវិធីយូរ៉ូឆ្នាំ២០១៦នៅប្រទេសបារាំង។
អាល្លឺម៉ង់បានធ្លាក់ចេញពីកម្មវិធីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដោយប្រកួតចាញ់ក្រុមម្ចាស់ផ្ទះបារាំងក្នុងលទ្ធផល២-០។
កីឡាករ Podolski បានថ្លែងនៅក្នុង បណ្តាញសង្គមទៅកាន់អ្នកគាំទ្ររបស់ខ្លួនថា “មុនពេលការប្រកួតរដូវកាលថ្មីចាប់ ផ្តើម ខ្ញុំចង់ប្រាប់រឿងមួយដល់អ្នកគាំទ្រថាខ្ញុំបានប្រាប់គ្រូបង្វឹកក្រុមជម្រើស ជាតិថាខ្ញុំលែងលេងឲ្យក្រុមជម្រើសជាតិទៀត ហើយ។ តួនាទីនៅក្នុងក្រុមជម្រើសជាតិតែងតែស្ថិតនៅក្នុងចិត្តខ្ញុំជានិច្ច តែអ្វីៗមិនអាចស្ថិតស្ថេររហូតនោះទេ។ ខ្ញុំចង់យកពេលវេលានេះសម្រាប់ក្រុមគ្រួសារដោយខ្ញុំដឹងថាពួកគេនឹងសប្បាយចិត្តប្រសិនបើខ្ញុំមានពេលវេលាច្រើនជាមួយនឹងពួកគេ”។
គួរបញ្ជាក់ថា Podolski ធ្លាប់ជាប់ជាកីឡាករវ័យក្មេងលេងល្អបំផុតនៅក្នុងកម្មវិធី World Cupឆ្នាំ២០០៦ ហើយជាប់ជម្រើសជាតិក្នុងកម្មវិធីយូរ៉ឆ្នាំ២០០៨។ អាជីព របស់គាត់កាន់តែភ្លឺស្វាងថែមទៀត ក្រោយ អាល្លឺម៉ង់ឈ្នះជើងឯកពិភពលោកក្នុងឆ្នាំ ២០១៤នៅប្រទេសប្រេស៊ីល៕
ដោយ៖ ដេវីត