ភ្នំពេញ ៖ ប្រវត្តិសាស្ត្រខ្មែរពីសតវត្សទី១ដល់ចុងសតវត្សទី៨ ក-ទំនាក់ទំនងប្រវត្តិសាស្រ្តរវាងហ្វូណន និងចេនឡា
តាមមតិលោក Coedès និងអ្នកប្រាជ្ញឯទៀត ពួកគេសន្និដ្ឋានថា ហ្វូណន មានមជ្ឈមណ្ឌលនយោបាយ និងសេដ្ឋកិច្ចនៅម្តុំដីសណ្ដទន្លេ មេគង្គ ហើយប្រហែលមានរាជធានីតែមួយនៅអង្គរបុរី ដែលមានទំនាក់-ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធជាមួយឥណ្ឌា និងចិន។
ឯកសារចិន History of the Liang Dynasty បានបញ្ជាក់ថា នៅ ពេលដែលស្តេចគ្រប់គ្រងហ្វូណនចូលទិវង្គតនៅឆ្នាំ៥៥០ ចលាចលបាន កើតឡើង។ នៅពេលនោះ ស្តេចចេនឡា ដែលជាសាមន្តរដ្ឋនៅខាងជើង ប្រទេស បានឆក់យកឱកាស ដើម្បីវាយយកហ្វូណន ជាសាមន្តរដ្ឋវិញ។ នៅពាក់កណ្តាលទី២នៃស.វ.ទី៦ ចេនឡាមានអានុភាពកាន់តែខ្លាំងឡើងៗ ហើយចាប់ផ្តើមវាយលុកប្រឆាំងនឹងអាណាចក្រភ្នំ។ អាណាចក្រចេនឡា ក៏លាតសន្ធឹងតាមដងទន្លេមេគង្គ ពីសម្បូរណ៍ទៅដល់កំពង់ចាម រួចហើយ ក៏ឆ្ពោះទៅដល់យកអាណាចក្រភ្នំជាចំណុះនៅឆ្នាំ៥៥០។ តាមមតិលោក Coedès រដ្ឋដ៏មហិមានេះលាតសន្ធឹងជិតស្មើនឹងអាណាចក្រខ្មែរ ហើយចែក ជាចេនឡាដីគោក ដែលគ្របដណ្តប់ទឹកដីកម្ពុជាបច្ចុប្បន្ន និងខ្ពង់រាបកូរ៉ាត និងចេនឡាទឹក ដែលគ្របដណ្តប់ដីសណ្ដទន្លេមេគង្គ។
គេបានលើកឡើងថា ទំនាស់រាជបល្ល័ង្ក ទំនាស់ខាងសាសនា និង មហន្តរាយធម្មជាតិ គឺជាបុព្វហេតុបង្គ្រប់ទៅវិញទៅមកក្នុងចម្បាំងរវាង ចេនឡា និងអាណាចក្រភ្នំ។ អ្នកប្រាជ្ញបារាំងលោក Bernard Philippe Groslier បានសរសេរថា ៖ «មហន្តរាយដែលបណ្តាលមកពីទឹកជំនន់បាន បំផ្លាញទីក្រុង និងប្រព័ន្ធបញ្ចូលទឹកក្នុងស្រែ ហើយបង្ខំឱ្យប្រជារាស្រ្តភៀស ខ្លួនទៅរស់នៅត្រង់ដីខ្ពស់នៅភាគខាងជើង ពេលនោះកូសាំងស៊ីនក៏ក្លាយ ទៅជាវាលឈប់មួយស្ងាត់ជ្រងំ។ នៅពាក់កណ្តាលទី២នៃស.វ.ទី៦ ព្រះបាទ ភវវរ្ម័ន និងប្អូនជីដូនមួយរបស់ព្រះអង្គព្រះនាម ចិត្រសេន បានវាយលុកយកអាណាចក្រភ្នំ ចាប់តាំងពីខេត្តក្រចេះដល់បុរីរម្យនៅចន្លោះទន្លេមូល និងជួរភ្នំដងរែក និងដល់មង្គលបុរី។ អាណាចក្រភ្នំក៏លើករាជធានីចេញពី វ្យាធបុរៈទៅតាំងនៅទិសខាងត្បូង គឺនៅត្រង់នរវរនគរ គឺនៅត្រង់អង្គរបុរី ក្នុងខេត្តតាកែវ។ បន្ទាប់ពីព្រះបាទភវវរ្ម័ន សោយទិវង្គត ព្រះបាទចិត្រសេន បានឡើងសោយរាជ្យនៅឆ្នាំ៦០០ ដោយយកព្រះនាមថា មហេន្ទ្រវរ្ម័ន។ បុត្ររបស់ព្រះអង្គគឺព្រះបាទឦសានវរ្ម័ន បានឡើងសោយរាជ្យនៅឆ្នាំ៦១៦។ ព្រះអង្គបានបញ្ចប់សង្គ្រាមជាមួយអាណាចក្រភ្នំ ដោយវាយយករាជធានី នរវរនគរ (អង្គរបុរី) ប្រមាណនៅឆ្នាំ៦៣០។ មតិនេះបានលើកឡើងថា ឦសានបុរៈ បានក្លាយទៅជារាជធានីនៃចេនឡានៅក្រោមរជ្ជកាលនៃព្រះ បាទឦសានវរ្ម័នទី១ គឺនៅសតវត្សទី៧។
នៅដើមស.វ.ទី៨ (៧០៦) អាណាចក្រចេនឡាត្រូវបែងចែកជាពីរ ដោយសារតែអំណាចកណ្តាលចុះខ្សោយ ៖ ភាគខាងជើងហៅថា ចេនឡា ដីគោក ជាតំបន់ភ្នំ និងជ្រលងភ្នំ (ប្រទេសឡាវភាគកណ្តាល) និងភាគខាង ត្បូងហៅថា ចេនឡាទឹកលិច ដែលមានតំបន់សម្បូរដោយបឹង និងមាន សមុទ្រព័ទ្ធជុំវិញ (ពីអាងទន្លេមេគង្គត្រង់ល្បាក់ខោនដល់សមុទ្រ) ហើយ ដែលក្រោយមកប្រហែលជាបែកជារដ្ឋតូចៗជាច្រើន។ របបចេនឡាបាន បែកបាក់ខ្ចាយទៅជារដ្ឋតូចៗគ្មានលំនឹង។
ក៏ប៉ុន្តែ ប្រវត្តិវិទូក្រោយៗមានលោក Claude Jacques និងលោក Michael Vickery បានបដិសេធសេចក្តីសន្និដ្ឋានមួយចំនួនរបស់អ្នកប្រាជ្ញ មុនៗ។ លោក Claude Jacques មានមតិថា អ្នកប្រាជ្ញមុនៗសិក្សាប្រវត្តិសាស្ត្រ ខ្មែរមុនអង្គរតាមរយៈប្រភពឯកសារចិន ហើយមិនបានសិក្សាពីសិលាចារឹក ឡើយ។ លោក Michael Vickery បានចាត់ទុកថា មិនត្រឹមតែ «ចេនឡាដី គោក» និង «ចេនឡាទឹក» មិនដែលមានពិតទេ ការចែកដំណាក់កាលជា ពីរនៅក្នុងរាជពង្សាវតាពីប្រភពចិនជា «ហ្វូណន» និង «ចេនឡា» គឺជា រឿងដែលគ្មានន័យ ដោយសារតែតាមសក្ខីភាពជាក់ស្តែង មកទល់ឆ្នាំ៨០២។ (នៅមានត) ៕
ដោយ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន