ភ្នំពេញ ៖ អាស៊ីអាគ្នេយ៍ គឺជាតំបន់ដែលមានប្រជាជនចម្រុះជាតិសាសន៍រស់នៅ។ ពួកគេប្រមូលផ្តុំគ្នានៅក្នុងរដ្ឋតូចៗ។ ក្នុងចំណោមរដ្ឋទាំងអស់ មានតែចក្រភពអង្គរទេ ដែលរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារព្រះបាទជ័យវរ្ម័នទី២ និងស្តេចខ្មែរជំនាន់អង្គរដទៃទៀតបានរៀបចំនូវប្រព័ន្ធគ្រប់គ្រង រដ្ឋ ដែលឈរលើមូលដ្ឋាននៃចំណេះដឹង និងច្បាប់ទម្លាប់។ រាជបុរោហិត ឬរាជគ្រូរបស់ព្រះមហាក្សត្រមានតួនាទីក្នុងការអភិវឌ្ឍធនធានមនុស្ស ដែល ចាំបាច់សម្រាប់គ្រប់គ្រងអាណាចក្រដ៏ធំល្វឹងល្វើយ រៀបចំរបាក្សត្រិយ៍ និង រចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋ ជួយដឹកនាំកសាងប្រាសាទ តែងនិពន្ធក្បួនច្បាប់ អក្សរសិល្ប៍ គម្ពីរ សាស្ត្រាចារឹកសិលាចារឹក កសាងស្រុកភូមិ និងធានា ការគោរពសាសនា។
ការបង្កើតប្រទេសសៀម ៖ ជនជាតិតៃ (ថៃ) បានធ្វើចំណាកស្រុក ពីប៉ែកខាងត្បូងនៃប្រទេសចិន នៅក្នុងដំណើរទៅទិសខាងត្បូង។ ពួកគេ រស់នៅក្នុងក្រុង (មឿង) តូចៗ ហើយនៅសតវត្សទី១១ និងទី១២ ពួកគេ បានខិតខំបង្កើតរដ្ឋថ្មី ដោយរៀបចំរដ្ឋបាលគ្រប់គ្រងថ្នាក់កណ្តាល តែនៅ មិនទាន់អាចពង្រីកការគ្រប់គ្រងទៅលើរដ្ឋជិតខាងឡើយ។ នៅចុងសតវត្សទី១៣ បន្ទាប់ពីពួកម៉ុងហ្គោលបានចូលមកកាន់កាប់ណាន់ចៅ នៅយូណាន់ ពួកតៃធ្វើដំណើរចុះមកភាគខាងក្រោម ហើយបានបង្កើតជារដ្ឋតូចៗ ដែលស្ថិតនៅលើដែនដីដែលខ្មែរគ្រប់គ្រង។ នៅពេលនោះ នៅពេលដែល ចក្រភពបាហ្គាន និងចក្រភពអង្គរចាប់ចុះខ្សោយ អំណាចនៅតំបន់អាស៊ី អាគ្នេយ៍ចាប់ផ្តើមបែកខ្ញែក រដ្ឋតូចៗដែលធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រង នៃអាណាចក្រអង្គរចាប់ផ្តើមពង្រឹងអំណាច តាមរយៈការគ្រប់គ្រងដោយ ស្វ័យភាព និងមានជំនឿសាសនា និងវប្បធម៌ដាច់ដោយឡែក ដោយប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទ។ បន្ទាប់ពីព្រះបាទជ័យវរ្ម័នទី៧ បានចូល ទិវង្គត រដ្ឋសុខោទ័យ ដែលធ្លាប់តែជារដ្ឋចំណុះអាណាចក្រខ្មែរបានប្រកាស ឯករាជ្យក្នុងឆ្នាំ១២១៩។ ស្ដេចមួយអង្គមកពីឈៀងសែនព្រះនាម ម៉ោងរ៉ែ បានប្រមូលផ្តុំរដ្ឋតែតូចៗនៅតំបន់ឈៀងម៉ៃ ហើយបង្កើតរាជាណាចក្រ ឡានណា។ បន្ទាប់ពីពួកម៉ុងហ្គោលបានវាយកម្ទេចអាណាចក្រ បាហ្គាន ក្នុងឆ្នាំ១២៨៧ ជនជាតិថៃលែងមានឧបស័គ្គរារាំងពួកគេ ក្នុងដំណើរឆ្ពោះ ទៅទិសខាងត្បូងទៀតហើយ។ ក្នុងរយៈពេល៦០ឆ្នាំ ព្រះបាទម៉ោងរ៉ៃបាន ប្រែក្លាយរដ្ឋមឿងតូចមួយឱ្យទៅជារាជាណាចក្រដ៏ធំមួយ។ ចាប់ពីពេល នោះមក ព្រះបាទរាមកំហែង (Rama Khamheng) ដែលជាស្តេចក្រាញ់នៅ សុខោទ័យបានវាតយកទឹកដីរបស់ពួកមន ដោយខ្ចីសិល្បៈ ការគ្រប់គ្រង នយោបាយ និងរដ្ឋបាលពីខ្មែរ និងទទួលយកប្រពៃណីផ្នែកច្បាប់ និងព្រះ ពុទ្ធសាសនាថេរវាទពីពួកមន ហើយបានបង្កើតភាសាថៃដោយយកភាសា ខ្មែរជាមូលដ្ឋាន។ នៅដើមសតវត្សទី១៤ រាជាណាចក្រសុខោទ័យបាន បែកបាក់ ហើយទឹកដីនៅតាមវាលទំនាបចៅប៉ាយ៉ាស្ថិតនៅក្នុងភាពចលា ចល។ ដូច្នេះ អំណាចនៃតំបន់តែបានងាកមកភូមិភាគកណ្តាល ដោយសារ អ្នកដឹកនាំម្នាក់ឈ្មោះអ៊ូថង បានច្របាច់រដ្ឋពីរបញ្ចូលគ្នា តាមរយៈការ រៀបការ គឺរដ្ឋសោភ័ណបុរីជាមួយនឹងរដ្ឋលពបុរីនៃអាណាចក្រអង្គរ ហើយ បានបង្កើតអាណាចក្រថ្មីមួយទៀតនៅអយុធ្យា ហើយគ្រងរាជ្យជាព្រះបាទរាមាធិបតី (១៣៥០-១៣៦៩)។ លពបុរីធ្លាប់ជាមជ្ឈមណ្ឌលនៃអារ្យធម៌ ទ្វារវតី ដែលព្រះបាទសូរ្យវរ្ម័នទី១ (១០០៧-១០៥០) ដណ្តើមបាន និង ដាក់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអង្គរ។ អយុធ្យាបានប្រណាំង ប្រជែងជាមួយរដ្ឋតែដទៃទៀតក្នុងការពង្រឹង និងវាតទីយកអំណាចនៅក្នុង ដែនដីតៃ។
នៅឆ្នាំ១៣៥៣ ព្រះអង្គម្ចាស់ហ្វាង៉ុម នៅហ្លួងព្រះបាង បានបង្កើត រដ្ឋឡានសាង ដោយបង្រួបបង្រួមរដ្ឋតូចៗ ដែលមានជនជាតិលាវរស់នៅ ពីវាលទំនាបរៀងចន្ទន៍ដល់សុវណ្ណខេត្ត តាមដងទន្លេមេគង្គ។
ការពង្រឹងរដ្ឋសៀមនៅបន្តក្នុងរជ្ជកាលព្រះបាទត្រៃលោក (១៤៤៨-១៤៨៨) ដែលបានធ្វើមជ្ឈការនៃការគ្រប់គ្រងអំណាច ដោយបង្កើតការ គ្រប់គ្រងរដ្ឋបាលខេត្ត បង្កើតរដ្ឋបាលគ្រប់គ្រង និងកងទ័ព និងប្រព័ន្ធ តុលាការ ការគ្រប់គ្រងសេដ្ឋកិច្ចនិងសង្គម ជាពិសេស របៀបរបបក្នុងការ តែងតាំងព្រះរាជា ដែលបំបាត់បាននូវជម្លោះផ្ទៃក្នុងរាជវង្សានុវង្ស។ កត្តា ទាំងនេះហើយ ដែលធ្វើឱ្យសៀមអាចវាតយកទឹកដីខ្មែរបន្តិចម្តងៗ។
នៅចុងសតវត្សទី១៦ អយុធ្យាបានក្លាយជាមជ្ឈមណ្ឌលផលិតស្រូវ វាងធំនៅអាស៊ីអាគ្នេយ៍ ហើយចូលរួមក្នុងពាណិជ្ជកម្មអន្តរជាតិ តាមរយៈ ការនាំស្រូវចេញតាមកំពង់ផែអន្តរជាតិនៅម៉ាឡាកា ហើយនាំចូលមកវិញ នូវទំនិញផ្សេងៗពីក្រៅប្រទេស។ ការចូលរួមក្នុងពាណិជ្ជកម្មអន្តរជាតិបាន ធ្វើឱ្យអយុធ្យាមានការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច ហើយជួយរដ្ឋសៀមក្នុង ការពង្រឹងកងទ័ព និងរៀបចំប្រព័ន្ធរដ្ឋបាលគ្រប់គ្រងប្រទេស។ នៅពេល ដែលពួកព័រទុយហ្គាល់ចូលមកអាស៊ីអាគ្នេយ៍ នៅដើមសតវត្សទី១៦ សៀម បានទិញគ្រឿងសព្វាវុធជាច្រើន មានជាអាទិ៍កាំភ្លើងតូច និងកាំភ្លើងធំ និង គ្រាប់រំសេវជាដើម ដែលកងទ័ពសៀមប្រើប្រាស់ ក្នុងការធ្វើសង្គ្រាមជាមួយ ភូមា និងរាជាណាចក្រលង្វែករបស់ខ្មែរ៕
ដោយ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន