ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុប វាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង និងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង លោកជំទាវ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បុគ្គលិកអប់រំ អាជ្ញាធរមូលដ្ឋាន អង្គការនិងដៃគូអភិវឌ្ឍជាតិ-អន្ដរជាតិ នាយក នាយិកា លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធសរុបចំនួនប្រមាណ ៩៦០ នាក់។
បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ក្នុងការខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយមនសិការវិជ្ជាជីវៈខ្ពស់ ដើម្បីផ្ដល់នូវសេវាអប់រំមួយដែលមានគុណភាពខ្ពស់ជូនដល់សិស្សានុសិស្ស ជាពិសេសចំពោះលទ្ធផលសិក្សារបស់សិស្ស ដែលទទួលនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដោយខេត្តបាត់ដំបងបានជាប់លំដាប់ថ្នាក់ទី៦ ដែលជាខេត្តមានសិស្សទទួលបាននិទ្ទេស A ច្រើនជាងគេទូទាំងប្រទេស ក្នុងចំណោមខេត្ត-ក្រុងទាំង ២៥។
បន្ថែមលើនេះបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីដំណើរប្រវត្តិនៃខេត្តបាត់ដំបង ដែលជាខេត្តមួយមានប្រវត្តិសាស្ត្រសម្បូរបែប និងវប្បធម៌ជាច្រើនក្នុងប្រទេសកម្ពុជា ជាពិសេសសម្បូរទៅដោយអ្នកប្រាជ្ញ និងអ្នកនិពន្ធ កវីជាច្រើន រួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្ស និងអភិវឌ្ឍវប្បធម៌ខ្មែររហូតដល់ពេលបច្ចុប្បន្ន ដែលក្នុងពេលនេះ ខេត្តបាត់ដំបងជាដែនដីទេសចរណ៍ និងជាខេត្តកសិកម្ម និងកសិឧស្សាហកម្មឈានមុខគេក្នុងប្រទេសកម្ពុជា ដែលទាំងអស់នេះបានឆ្លុះបញ្ចាំងពីតួនាទីវិស័យអប់រំ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ។
ដើម្បីពង្រឹងគុណភាពអប់រំបន្ថែម គ្រប់ភាគីពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យមើលការផ្តល់សេវាអប់រំជាកញ្ចប់តាំងពីកម្រិតកុមារតូច ដល់មធ្យមសិក្សា ដោយគុណភាពអប់រំផ្អែកលើកត្តាចូលរួមចំនួន ៥ រួមមាន៖ ១) នាយកសាលា ២) គ្រូបង្រៀន ៣) សិស្ស ៤) ការគាំទ្រពីគ្រួសារ និង ៥) ការគាំទ្រពីក្រសួង និងភាគីពាកព័ន្ធ។ ទន្ទឹមនឹងនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីកំណែទម្រង់វិស័យអប់រំ និងគោលនយោបាយអប់រំ ដើម្បីលើកកម្ពស់គុណភាពអប់រំ ដែលក្នុងនោះរួមមានរួមមាន៖
– កំណែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ផ្អែកលើគោលការណ៍យុត្តិធម៌ និងតម្លាភាព
– កំណែទម្រង់គ្រូបង្រៀន ដោយការបង្កើនបៀវត្សគ្រូបង្រៀន ទាក់ទាញអ្នកមានសមត្ថភាពចូលធ្វើគ្រូបង្រៀន លើកស្ទួយកិត្តិយស និងតួនាទីរបស់គ្រូបង្រៀននៅក្នុងសង្គម ដោយពង្រឹងការបណ្ដុះ បណ្ដាលគ្រូប្រកបដោយគុណវុឌ្ឍិ
– កំណែទម្រង់សាលារៀន ដែលរួមមាន ការកែលម្អភាពជាដឹកនាំរបស់នាយក ការលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ការអនុវត្តតេស្តស្តង់ដា ការយកចិត្តទុកដាក់លើគុណភាពគ្រូបង្រៀន និងការចូលរួមរបស់ មាតាបិតា និងសហគមន៍
– ការលើកកម្ពស់ការអប់រំកុមារតូច ដែលរួមមានការលើកកម្ពស់សុខុមាលភាពរបស់ម្តាយ ការរៀនតាមរយៈការលេង និងអភិវឌ្ឍគ្រូមត្តេយ្យ
– ការលើកកម្ពស់ការអប់រំកម្រិតមូលដ្ឋាន ដែលរួមមាន កម្មវិធីអំណានកម្រិតដំបូង និងគណិតវិទ្យាកម្រិតដំបូង ដែលជាមូលដ្ឋានគ្រឹះក្នុងការចាប់យកមុខវិជ្ជាដទៃទៀតមកសិក្សា ជាពិសេសបានចូលរួមអបអរសាទរដល់ សាលាបឋមសិក្សា២ធ្នូ ខេត្តបាត់ដំបង ដែលក្រសួងអប់រំ បានទទួលស្គាល់ថា ជាសាលាជំនាញខាងគណិតដំបូង
– ការដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ ដោយក្រសួងបាននិងកំពុងជំរុញលើកទឹកចិត្ត និងគាំទ្រដល់សាលានៅគ្រប់តំបន់ដែលមានការប្តេជ្ញាចិត្តសម្រេចឱ្យបាននូវស្តង់ដាសាលារៀនគំរូចំនួន៥ ដែលក្រសួងបានដាក់ចេញ។ គូសបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ក្រសួងបានកំណត់យកសាលារៀនគំរូចំនួន ១២០ រួចមកហើយ និងមានគោលដៅកំណត់យក ១៣០ សាលារៀនទៀត ក្នុងសន្និបាតអប់រំថ្នាក់ជាតិ ខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខនេះ។
សាជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និង កីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅដល់ ភាគីពាក់ព័ន្ធទាំងអស់ ដែលសម្រេចបានសមិទ្ធផលជាច្រើននាពេលកន្លងមកនេះ និងបានលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងបន្ថែម ស្វែងយល់ និងចូលរួមក្នុងការអនុវត្តសាលារៀនជំនាន់ថ្មី សហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឈានទៅសម្រេចសមិទ្ធផលរួមគ្នាកាន់តែច្រើនបន្ថែមទៀត ចូលនរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន ឆ្លើយតបទៅនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល៕