ភ្នំពេញ៖ ខ្សែភាពយន្តខ្នាតធំបែបកំប្លែង និងភ័យរន្ធត់គឺរឿង”គំនុំខ្មោចក្រមុំទាំង៣”ប្រកាសចាក់បញ្ចាំងជាផ្លូវការហើយ។ ទាំងផលិតករសិល្បករដែលចូលរួមផលិតខ្សែភាពយន្តនេះបានដាក់ក្តីរំពឹងខ្ពស់ថា ខ្សែភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើននៅពេលដែលដាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទំនើប។
ជាវណ្ណកម្មលើកដំបូងរបស់ផលិតកម្មបដិហារ្យភាពយន្តរឿង«គំនុំខ្មោចក្រមុំទាំង៣»បានធ្វើការដាក់បញ្ចាំងជាផ្លូវការ កាលពីល្ងាចថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦នារោងភាពយន្តMajor Cineplex ផ្សារទំនើបអ៊ីអនម៉ល រាជធានីភ្នំពេញ ក្រោមវត្តមានសិល្បករផលិតករជាច្រើនរូប។
លោក ខន រ៉ាម៉ន ហៅយូអ៊ីន ជាអ្នកគ្រប់គ្រងទូទៅប្រចាំផលិតកម្មបដិហារ្យភាពយន្តបានថ្លែងថា រឿង«គំនុំខ្មោចក្រមុំទាំង៣»អ្វីដែលជាចំនុចសំខាន់មានបែបកំប្លែងលងរន្ធត់ និងជារឿងពិតរបស់សង្គមដែលអាចឆ្លុះបញ្ចាំងជីវិតមនុស្សគ្រប់ស្រទាប់វណ្ណៈ។ លោកថា រឿងនេះបានចំណាយពេលថតសុទ្ធប្រមាណជាង៣ខែ ដោយសារតែក្រុមអ្នកផលិតចង់បានឈុតឆាកនីមួយៗមានភាពឥតខ្មោះ និងមិនចង់ឲ្យតួបង្ខំចិត្តសម្ដែងទាំងហត់ទាំងនឿយ។ លោកបន្តថា រឿងនេះចំណាយទុនជិត៦ម៉ឺនដុល្លារ ដោយមិនទាន់បញ្ចូលការចំណាយលើសម្ភារ និងការចំណាយលើការបណ្ដុះក្រុមបច្ចេកទេសនៅឡើយទេ។ លោកថា រឿងនេះក្រៅពីពោរពេញដោយភាពកំប្លែង ភ័យរន្ធត់ ក៏និយាយពីភាពភ្លើតភ្លើនក្នុងន័យអប់រំដល់យុវវ័យឲ្យយល់ពីលទ្ធផលនៃការភ្លើតភ្លើនស្នេហាផងដែរ។
ចាងហ្វាងផលិតកម្មបដិហារ្យភាពយន្តលោក ស៊ុម ភារិន បានឲ្យដឹងដែរថា ចំនុចសំខាន់ដែលយុវវ័យចូលចិត្តទស្សនាគឺការកំប្លែងតែម្តងនិងមានឈុតឆាករន្ធត់របស់ខ្មោចក្រមុំទាំងបី។ ការផលិតរឿងនេះគឺមានការលំបាកច្រើនដែរ ប៉ុន្តែយើងទាំងអស់គ្នានៅតែខិតខំដើម្បីចង់ឲ្យវិស័យសិល្បៈរីកចម្រើនព្រមទាំងចង់ឲ្យប្រជាជនកម្ពុជាបានស្គាល់ផលិតកម្មបដិហារ្យផងដែរ។ ចាងហ្វាងរូបនេះបន្តបញ្ជាក់ទៀតថាផលិតកម្មយកចង់ធ្វើជាគំរូសម្រាប់លុបបំបាត់ការលួចចម្លងអ្វីដែលជារបស់បរទេសនិងប្រទេសជិតខាង។ ផលិតករគឺជាអ្នកផលិតគឺមិនមែនជាអ្នកលួចចម្លងគេនោះទេ ក្នុងនាមលោកជាកូនខ្មែរពេលឃើញប្រទេសជិតខាងប្រមាថមើលងាយថាប្រទេសយើងពូកែខាងលួចចម្លងគឺលោកទទួលយកមិនបាន។ ដូចនេះហើយរឿងនេះទោះខាតឬចំណេញគឺលោកត្រូវតែធ្វើ ហើយធ្វើរឿងផ្សេងៗទៀតដើម្បីឲ្យកាន់តែទៅមុខ។ ក្នុងសាច់រឿងទាំងមូលនេះជាការខិតខំនិពន្ធរបស់លោកខំនិពន្ធទាំងយប់ទាំងថ្ងៃដោយចំណាយពេលចងក្រងទុកប្រហែលជាកន្លះឆ្នាំដើម្បីឲ្យបានសាច់រឿងល្អនិងបង្កប់អត្ថន័យមួយចំនួនដែរ។
តារាកំប្លែង សម្តែង និងចម្រៀង នាយចឺម និយាយថា អ្វីដែលលោកសប្បាយចិត្តគឺផលិតកម្មបានប្តេជ្ញាចង់ឲ្យមានស្នាដៃថ្មីៗជាការសម្រេចឡើងពីកូនខ្មែរមិនចម្លងពីបរទេសលោកពិតជារីករាយ។ ជាពិសេសសូមទស្សនិកជនជួយគាំទ្រស្នាដៃរឿង«គំនុំខ្មោចក្រមុំទាំង៣»នេះផងដែលជាស្នាដៃដំបូងរបស់បដិហារ្យភាពយន្ត ដើម្បីបានការលើកទឹកចិត្តព្រោះខាងផលិតកម្មកំពុងទេបោះជំហ៊ានកសាងស្នាដៃបន្តបន្ទាប់ទៀតដើម្បីកុនខ្មែរមានតែទស្សនិកជនទេដែលជួយគាំទ្រភាពយន្តខ្មែរ។
ខ្សែភាពយន្តមួយនេះ សម្ដែងដោយតួអង្គ៣គូគឺលោកណាខុន គូជាមួយនឹងកញ្ញា ស៊ី សុខារ៉ាឌី គូទី២លោកយូអ៊ីន គូនឹងកញ្ញា ដួង ម៉ានិច និងនាយចឺម គូជាមួយនឹងកញ្ញា នីតា វរវង្ស។ ក្រៅពីតួអង្គធំៗទាំង៦ រឿងនេះក៏ចូលរួមសម្ដែងដោយតារាល្បីៗដូចជា នាយចេក យាយយ៉យ យាយយក្ស និងតួអង្គកំប្លុកកំប្លែងជាច្រើនទៀត ទើបធ្វើឲ្យផលិតកររឿងនេះ រំពឹងពីទំហំជោគជ័យ៕
ដោយ៖ វឌ្ឍនា