ភ្នំពេញ ៖ នាដើមឆ្នាំ២០២៥នេះ ពោលគឺនៅក្នុងខែមករា បន្ទាប់ពីបញ្ចប់ការប្រឡងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ដោយមានឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាសេនាធិការចម្រាញ់បានបេក្ខជនមានសមត្ថភាពចំនួន៤០០នាក់បន្ថែមទៀត ដើម្បីបណ្ដុះបណ្ដាលនៅបណ្ឌិត្យសភានគរបាលកម្ពុជា។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដំណើរការប្រឡងជ្រើសរើសនេះ បានប្រព្រឹត្តទៅ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ត្រង់ មុំធនធានមនុស្ស និងស្មារតី នៃមរតកនយោបាយដឹកនាំកំណែទម្រង់នគរបាលជាតិ ដាក់ចេញដោយអតីតរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ទទួលដឹកនាំអនុវត្តដោយសម្ដេចក្រឡាហោម ស ខេង អតីតឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដោយចម្រាញ់បានទាំងបេក្ខជនមានកាយសម្បទាត្រូវស្តង់ដារ និងចំណេះដឹងជាមូលដ្ឋានយ៉ាងច្បាស់លាស់។
បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងចំណោម បេក្ខជនទាំង៤០០នាក់នោះ បេក្ខជនថ្នាក់បរិញ្ញាបត្រវិទ្យាសាស្រ្តនគរបាល លើជំនាញប្រតិបត្តិការកិច្ចការនគរបាល ភាសាអង់គ្លេសមាន២៥នាក់ ជំនាញសន្តិសុខ ជំនាញសណ្តាប់ធ្នាប់សារធារណៈ និងជំនាញស៊ើបអង្កេតព្រហ្មទណ្ឌមានចំនួន១៧៥នាក់ ថ្នាក់សញ្ញាបត្រមធ្យមឯកទេសនគរបាល ជំនាញសណ្តាប់ធ្នាប់សាធារណៈ និងជំនាញស៊ើបអង្កេតព្រហ្មទណ្ឌចំនួន១០០នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញនគរបាលចំនួន ១០០នាក់។
សូមបញ្ជាក់ថា បណ្ឌិត្យសភានគរបាលកម្ពុជា បច្ចុប្បន្នដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន គឺជាសេនាធិការបស់ក្រសួងមហាផ្ទៃ ដែលទទួលបន្ទុកលើការងារបណ្ដុះបណ្ដាលសិស្ស និស្សិត និងសិក្ខាកាម ក្របខ័ណ្ឌនគរបាល និងពន្ធនាគារ ពោលគឺបណ្ដុះបណ្ដាលទាំងអ្នកទើបប្រឡងជាប់ តួយ៉ាងដូចបេក្ខជន៤០០នាក់ខាងលើ និងទាំងមន្រ្តីនគរបាលដែលកំពុងបំពេញការងារស្រាប់ ទាំងផ្នែកទ្រឹស្ដី និងការអនុវត្ត សំដៅធានាបានគុណភាពធនធានមនុស្សនិងកងកម្លាំងប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌៕
ដោយ ៖ លោក សេង បូលីន មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ