ខេត្តព្រៃវែង ៖ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម វង្ស ពិសេន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពារាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្ស ឆ្នាំ២០២៤ និងលើកទិសដៅភារកិច្ច ឆ្នាំ២០២៥ នៅទីស្នាក់ការគណបក្សស្រុកពារាំង។
ក្នុងឱកាសនោះ បន្ទាប់ពីបានស្តាប់របាយការណ៍សកម្មភាពការងារ និងទិសដៅភារកិច្ចគណបក្សរួចមក ឯកឧត្តម វង្ស ពិសេន បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងមន្រ្តីគណបក្សគ្រប់ថ្នាក់នៅមូលដ្ឋានស្រុកពារាំង ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី និងធនធានផ្ទាល់ខ្លួន បម្រើប្រជាពលរដ្ឋសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ក្នុងរយៈពេលកន្លងមកនេះ។
ឯកឧត្តម ប្រធានក្រុមការងារ បានលើកឡើងពីលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ ថ្មីៗនេះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងនោះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបំពេញបេសកកម្មជាប្រវត្តិសាស្ត្រ និងជោគជ័យក្នុងការដឹកនាំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្លើយតបទៅនឹងសេចក្តីសង្ឃឹម និងការជឿជាក់របស់ប្រជាជន។
ឯកឧត្តម បានគូសបញ្ជាក់ពីការដាក់ចេញទិសដៅរបស់សន្និបាតឆ្នាំ២០២៥ ក្នុងការពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូងរដ្ឋធម្មនុញ ការពាររឹងមាំឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ការពារដាច់ខាត សន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឲ្យកម្លាំងអមិត្ត ឬក្រុមជ្រុលនិយមណាមកបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនបានឡើយ។
ឯកឧត្តមប្រធានក្រុមការងារ បានធ្វើការផ្តាំផ្ញើដល់ក្រុមការងារត្រូវសហការជាមួយគណៈកម្មាធិការបក្សស្រុក គណបក្សឃុំ បង្កើន និងពង្រឹងសមាជិកគណបក្សទាំងបរិមាណ គុណភាព ដោយឈរលើគោលការណ៍សាមគ្គីឯកភាពផ្ទៃក្នុង និងកិច្ចសហប្រតិបត្តិការល្អ ជាពិសេស ត្រូវខិតខំរៀនសូត្រ អភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ ព្រមទាំងត្រូវមានសីលធម៌ គុណធម៌ ជាប់ខ្លួនជានិច្ច។
ឯកឧត្តមប្រធានក្រុមការងារ ក៏បានផ្តាំផ្ញើដល់មន្រ្តីបក្សចុះពង្រឹងមូលដ្ឋាន និងមន្រ្តីគណបក្សគ្រប់ថ្នាក់ បន្តធ្វើអំពើល្អ ខិតខំយកអស់កំលាងកាយចិត្តនិងស្មារតីទទួលខុសត្រូវ បម្រើប្រជាជន ការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងបង្រ្កាបទាន់ពេលវេលារាល់បទល្មើស ការប្រើប្រាស់គ្រឿងញឿន ល្បែងស៊ីសងគ្រប់ប្រភេទ និងការនេសាទខុសច្បាប់៕