ភ្នំពេញ ៖ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់មនុស្សក្នុងសង្គមខ្មែរ ក៏ដូចជាតាមប្រវត្តិសាស្ត្រ តាំងពីសម័យនគរភ្នំ រហូតមកដល់សម័យបច្ចុប្បន្ននេះ គេសង្កេតឃើញថា នារីបានចូល រួមយ៉ាងសកម្ម ជាដៃគូនឹងបុរស។ ទោះបីជាការងារតូចធំក្តី គេមិនអាចខ្វះដៃគូស្ត្រីបាន នោះឡើយ។ ដូចហេតុនេះហើយ ទើបមានទស្សនៈមួយបានលើកឡើងថា «ស្ត្រីមាន តួនាទីសំខាន់ណាស់ក្នុងការចូលរួមអភិវឌ្ឍសង្គមជាតិ» ។
តើស្ត្រីមានតួនាទីសំខាន់អ្វីខ្លះ ក្នុងការអភិវឌ្ឍសង្គមជាតិ?
ជាបឋមដើម្បីបកស្រាយទស្សនៈប្រធានឱ្យបានក្បោះក្បាយ យើងគួរគប្បីសិក្សា ស្វែងយល់នូវពាក្យគន្លឹះមួយចំនួនជាមុនសិន។ «តួនាទីសំខាន់» មានន័យថាជាភារកិច្ច ឬ មុខងារយ៉ាងពិសេស ក្នុងការជំរុញឱ្យមានការងារពុំអាចអត់បាន។ រីឯ «អភិវឌ្ឍ» មានន័យថា ភាពរីកចម្រើន ឬ ការធ្វើឱ្យរីកចម្រើន។ ដូច្នេះ ខ្លឹមសារនៃប្រធានខាងលើ ចង់បានន័យថា នារីមានតួនាទីយ៉ាងពិសេសក្នុងការជំរុញឱ្យមានការរីកចម្រើននៅក្នុង ក្រុមគ្រួសារ និងប្រទេសជាតិទាំងមូល។
ជាការពិតណាស់ នៅក្នុងគ្រួសារនីមួយៗ ស្ត្រីមានភារៈយ៉ាងសំខាន់ដែលត្រូវរែក ពន់រាប់មិនអស់។ នារីត្រូវទទួលបន្ទុកពរពោះ អស់រយៈពេលប្រាំបួនខែដប់ថ្ងៃ ដោយ ក្តីវេទនា និងជាអ្នកផ្តល់កំណើតដល់បុត្រីធីតាទាំងឡាយ។ ពេលកូនប្រសូតមកនារីត្រូវ ទទួលបន្ទុកជាអ្នកចិញ្ចឹមបីបាច់ថែទាំបំបៅដោះកូន និងថ្នាក់ថ្នមកូនពុំដែលមានធ្វេស ប្រហែស។ មាតាទាំងឡាយ ជាអ្នកស្និទ្ធស្នាលជាងឪពុក ដោយបានអប់រំទូន្មានកូនចៅ គ្រប់បែបយ៉ាង ដើម្បីឱ្យកូនក្លាយជាមនុស្សល្អនឹងគេ ។ ជាងនេះទៅទៀត នារី គឺជាអ្នកផ្តល់ភាពកក់ក្តៅជាទីបំផុតនៅក្នុងក្រុមគ្រួសារ ដោយស្គាល់សុខទុក្ខប្តី គោរពប្តីដោយ ចេះយោគយល់គ្នាទៅវិញទៅមក ព្រមទាំងជាមេផ្ទះដ៏ល្អ និងជាអ្នករៀបចំទុកដាក់ ទ្រព្យសម្បត្តិឱ្យបានគង់វង្សថែមទៀតផង។ឧទាហរណ៍ នៅក្នុងគ្រួសារមួយ បើមាន ប្រពន្ធជាអ្នកទុកដាក់ទ្រព្យសម្បត្តិ ដែលប្តីរកបានឱ្យបានត្រឹមត្រូវ និងចេះសន្សំសំចៃក្នុង ការចាយវាយមិនខ្វះខ្ជាយ គ្រួសារនោះប្រាកដជាមានទ្រព្យសម្បត្តិបរិបូរណ៍ និងមាន សុភមង្គលជាមិនខាន។ នារីបានរួមចំណែកក្នុងចលនាសង្គមយ៉ាងសស្រាក់សស្រាំ និង ជួយដោះស្រាយបញ្ហាលំបាកផ្សេងៗ។ ជាក់ស្តែងនារីបានចូលខ្លួនប្រឡូកក្នុងការងារជា ច្រើនដូចជា គ្រូបង្រៀន វេជ្ជបណ្ឌិត គ្រូពេទ្យ និយោជក និយោជិក សហគ្រិន មេឃុំ ស្មៀនឃុំ សិល្បៈករ ប្រធានសមាគម សហជីព ព្រឹទ្ធសភា រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ សំខាន់ៗដទៃជាច្រើនទៀត។ ជួនកាលការងារខ្លះត្រូវតែពឹងផ្អែកលើនារី ដោយពុំអាច ខ្វះបានឡើយ ដូចជាឆ្មបជាដើម។ ម្យ៉ាងទៀតការងារខ្លះមានតែនារីទេដែលដឹងចិត្តនារី ដូចគ្នា ដូច្នេះការងារអ្វីៗក៏មិនអាចឃ្លាតចាកពីនារីបានឡើយ។ ឧទាហរណ៍ការដឹកនាំ មួយដោយរាប់បញ្ចូលថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់កំពូល គឺនារីដាច់ខាត នៅតែជា កម្លាំងចលករ ដ៏មានតម្លៃមិនអាចខ្វះបាន។ បើសង្គមណាលុបបំបាត់ការងាររបស់នារី មានន័យថាសង្គមនោះបាត់បង់ដៃម្ខាងរបស់ខ្លួនហើយ។ សូម្បីតែក្នុងប្រវត្តិសាស្ត្រ របស់ខ្មែរ ដ៏យូរលង់ណាស់មកហើយ ក៏បង្ហាញពីតម្លៃរបស់នារី ដែលបានចូលរួម ចំណែកក្នុងការដឹកនាំ និងអភិវឌ្ឍរបស់ប្រទេសជាតិដែរ ជាពិសេសព្រះនាងលីវយី បឋមក្សត្រខ្មែរ និងព្រះនាងឥន្ទ្រទេវី ដែលជាកំពូលនារីដ៏អស្ចារ្យ ដែលបានចូលរួមក្នុង ការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ។ ចំណែកនៅក្នុងស្នាដៃអក្សរសិល្ប៍ខ្មែរវិញ រឿង ជាច្រើនបានសរសេរសរសើរអំពីសកម្មភាពវីរភាព នៃគំរូស្ត្រីខ្មែរ ក្នុងការចូលរួមគ្រប់ សកម្មភាពរបស់សង្គម។ ដូចមាននៅក្នុង រឿងភូមិតិរច្ឆាន តួអង្គនាងនី នាងប៊ី គឺជានិមិត្តរូប របស់អ្នកក្រាំងលាវ ក្នុងការទាមទារសិទ្ធិសេរីភាពពីអាណានិគមនិយមបារាំង ដោយមិនខ្លាចអំណាចបារាំងបារដេសបន្តិចណាឡើយ ។ ម្យ៉ាងវិញទៀត តាមរយៈរឿង តេជោយ៉ត ដោយសារតែជំទាវស្រែន មានការគ្រប់គ្រងល្អ ស្មារតីជាតិនិយម ឬ ក្នុងភាព ជាពលរដ្ឋល្អ ភាពជាអ្នកដឹកនាំវៃឆ្លាតបែបនេះហើយ ទើបលោកជំទាវស្រែនអាចប្រើ វិធីកម្ចាត់ស្តេចសំរ៉ែ ដែលជាជនក្បត់ផែនដី បានសម្រេចជោគជ័យដ៏ត្រចះត្រចង់ ។ វិធីនេះវាចំណេញទាំងស្បៀង ទាំងកងទ័ព ទាំងពេលវេលាជូនជាតិមាតុភូមិ និងស្វាមី នាង។
សរុបសេចក្តីមក តាមការរៀបរាប់ខាងលើបង្ហាញឱ្យឃើញថា នារីពិតជាមាន តួនាទីយ៉ាងសំខាន់ សម្រាប់ការអភិវឌ្ឍគ្រួសារ និងសង្គមជាតិសមដូចសុភាសិតខ្មែរបាន លើកឡើងថា «សម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងដោយសារភរិយាចេះ ទុកដាក់» ឬ «សំណាបយោងដីស្រីយោងប្រុស»ជាដើម។
ឆ្លងតាមការបកស្រាយខាងលើ យើងអាចសន្និដ្ឋានបានថា ទស្សនៈប្រធានពិតជា មានតម្លៃជ្រាលជ្រៅ បានលើកតម្កើងតម្លៃនៃនារីខ្មែរ។ ដូច្នេះស្ត្រីទាំងឡាយ ត្រូវតែ ប្រកាន់ និងរក្សានូវប្រពៃណីឱ្យបានល្អប្រពៃ ត្រូវខិតខំរៀនសូត្របង្កើនសមត្ថភាពផ្ទាល់ ឱ្យកាន់តែខ្លាំងក្លាថែមទៀតសមនឹងពាក្យ «ស្ត្រីជាមាតានៃពិភពលោក» ៕
ដោយ ៖ សិលា