អភិបាលខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពផ្លូវដីស ២កន្លែង និងស្ពាន១ ដែលប្រជាពលរដ្ឋមានការស្នើសុំ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងស្រុកប្រាសាទសំបូរ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ដោយទទួលបទបញ្ជាពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចាត់ឱ្យលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងក្រុមការងារចុះពិនិត្យស្ថានភាពផ្លូវដីស ដែលពិបាកធ្វើដំណើរ ចំនួន ២កន្លែង និងស្ពាន១ កន្លែង ដែលប្រជាពលរដ្ឋមានការស្នើសុំទៅសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺពីផ្លូវក្រាលដីស ប្រែក្លាយទៅជាផ្លូវក្រាលក្រហម១ខ្សែក្នុងនៅឃុំឈូក ផ្លូវក្រាលគ្រួសក្រហម២ខ្សែ នៅឃុំគោល និងស្ពានបេតុង ១កន្លែង នៅឃុំស្រើង ឆ្លងទៅឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥។

ថ្លែងនៅក្នុងឱកាសនេះ លោកអភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដើម្បីជួយសម្រួលផ្លូវ និងស្ពាន ដែលមានការលំបាកក្នុងការធ្វើដំណើរប្រចាំថ្ងៃរបស់ពួកគាត់ ក្នុងការដោះស្រាយឱ្យបានទាន់ពេលវេលាក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាពទាំងពេលថ្ងៃ ទាំងពេលយប់។ សូមឱ្យសហគមន៍ស្វាយចន្ទីត្រូវយកចិត្តទុកដាក់ទៅលើការថែទាំផ្លែស្វាយចន្ទី ព្រោះស្វាយចន្ទីកំពុងតែនាំចេញជាច្រើនតោន ទៅលើទីផ្សារជាតិ និងអន្តរជាតិ។ ព្រមទាំងកោតសរសើរដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ ដោយមានយុទ្ធសាស្ត្រក្នុងការលក់គ្រាប់ស្វាយចន្ទីសើម៧០% និងគ្រាប់ស្វាយចន្ទីស្ងួត៣០% ជាមួយនឹងការរៀបចំធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាថ្លៃល្អជាងមុន ១០-១៥%។

ជាមួយគ្នាដូចផងដែរប្រជាពលរដ្ឋទាំង៤ឃុំ ក្នុងស្រុកប្រាសាទសំបូរ បានថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានចុះជួយដោះស្រាយរាល់ទុក្ខលំបាកក្នុងមូលដ្ឋានដល់ពួកគាត់បានទាន់ពេលវេលា ដើម្បីឱ្យហេដ្ឋារចនាសម្ព័ន្ធមានការរីកចម្រើនជាលំដាប់ ក្នុងអាណត្តិទី៧ នីតិកាលទី១។ 

គួរបញ្ជាក់ផងដែរថា សម្រាប់ផ្លូវដែលត្រូវសាងសង់ក្រាលគ្រួសក្រហមមានប្រវែងជាង ១៣គីឡូម៉ែត្រ ស្ថិតនៅភូមិវាលវែង ឃុំឈូក និងជួសជុលផ្លូវក្រាលគ្រួសក្រហម១ខ្សែប្រវែង ៣គីឡូម៉ែត្រ ដើម្បីផុតពីទឹកជំនន់ ស្ថិតនៅក្នុងភូមិបាក់ស្រី ឃុំគោលដែលកសាងដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងកសាងស្ពានបេតុង១កន្លែងប្រវែង៥០ម៉ែត្រ ស្ថិតនៅភូមិជាំបឹង ឃុំស្រើង ឆ្លងមកភូមិទឹកអណ្ដូង ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។ នេះបើយោងតាមប្រភពពីរដ្ឋបាលខេត្តកំពង់ធំ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print