ឯកឧត្ដម ឃួង ស្រេង និងមន្ដ្រីរាជការ អាជ្ញាធរដែនដីពាក់ព័ន្ធ បានចុះពិនិត្យ ដំណើរការសាកល្បង នៃគម្រោងផ្លូវថ្មើរជើង (walk street) មាត់ទន្លេ

ចែករំលែក៖

ភ្នំពេញ៖  ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកជំទាវ អមដំណើរ ដោយ មន្ត្រីនិងអាជ្ញាធរដែនដីពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ ដំណើរការសាកល្បងនៃគម្រោងផ្លូវថ្មើរជើង (walk street) ខណៈ នៅល្ងាចថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៥នេះ គឺជាថ្ងៃដែលរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចដាក់ឱ្យដំណើរការដំបូង។

  ឯកឧត្ដម ឃួង ស្រេង ខណៈចុះពិនិត្យនេះបានមានប្រសា សន៍ថា៖ ប្រទេសកម្ពុជាកំពុងត្រៀមខ្លួនចេញពីប្រទេសដែលក្រីក្រ និងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០។ ដូច្នេះហើយ ទើបរាជធានីភ្នំពេញ បានរៀបចំខ្លួន ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានជម្រើស ក្នុងការដើរលំហែកាយ ហាត់ប្រាណ ទទួលបាននូវផាសុខភាពល្អ ព្រោះពួកគាត់មានជីវភាពធូរធារមួយកំរិតហើយ។

     ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា៖  រដ្ឋបាលរាជធានីភ្នំពេញ បានគិតគូររួចហើយ ប៉ុន្តែដោយសារស្ថានភាពជំងឺកូវីដ-១៩ គម្រោងនេះត្រូវបានផ្អាក។ តែមកដល់ពេលនេះ ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីគម្រោងនេះ ត្រូវបានបង្កើតឡើងវិញនិងបានដាក់ឱ្យដំណើរការសាកល្បងនៅពេលនេះ។ សុខទុក្ខនិងសុខមាលភាពរបស់ប្រជាពលរដ្ឋគឺជាការគិតគូររបស់អាជ្ញាធរនិងរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។

     ឯកឧត្តម ឃួង ស្រេង ក៏បានថ្លែងនូវការអរគុណ ចំពោះ បងប្អូនប្រជាពល រដ្ឋ ពិសេស បងប្អូនដែលមានលំនៅដ្ឋាននៅក្នុងគម្រោងផ្លូវថ្មើជើងនេះតែម្តង ដែលពួកគាត់បានចូលរួមសហការជាមួយអាជ្ញាធរបានយ៉ាងល្អ។ការចូលរួមសហការយ៉ាងល្អនេះ វានឹងធ្វើឲ្យរាជធានីភ្នំពេញរបស់យើង មានអ្វីៗសព្វបែបយ៉ាងជាបន្តបន្ទាប់ទៀត។      

   ឯកឧត្តម ឃួង ស្រេង ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានបំណង ចង់មកទស្សនា ក៏ដូចជា ការដើរលេងកំសាន្ត ការហាត់ប្រាណ ដើម្បីសុខភាពនៅទីតាំង

ខាងលើនេះ សូមបងប្អូនកុំប្រើប្រាស់យានជំនិះខ្លួនឯង បងប្អូនអាចប្រើប្រាស់ ជាម៉ូតូកង់បីឬក៏រថយន្តដឹកជញ្ជូនសាធារណៈ ។ 

   ពាក់ព័ន្ធនឹងការរៀបចំស្តង់លក់ម្ហូបអាហារ ដើម្បីបម្រើដល់ភ្ញៀវជាតិនិងអន្តរជាតិដែលមកដើរលេងកំសាន្តនៅទីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏មានគម្រោងរៀបចំផងដែរ។ទាំងទីតាំង ស្តង់ម្ហូបអាហារ ទាំងការប្រគំតន្ត្រីសម័យ បុរាណ ការគូរគំនូរ កន្លែងលេងសៀករហ័សកម្មផ្សេងៗ ក៏ជាកន្លែងដែលបងប្អូនប្រជាពលរដ្ឋ ចង់បង្ហាញពីសមត្ថភាពរបស់ខ្លួន និងបង្ហាញពីស្នាដៃរបស់បុព្វបុរសយើងដែលបានបន្សល់ទុកឲ្យកូនចៅយើងមកដល់ពេលនេះ។

  ឯកឧត្ដមឃួង ស្រេង បានបន្ដថា៖ រាជធានីភ្នំពេញកំពង់ត្រៀមលក្ខណៈដាំដើមឈើចំនួន ៧៥ហិកតា នៅតំបន់ដ៏ល្អមួយដើម្បីជាជម្រើសឲ្យបងប្អូនប្រជាពលរដ្ឋអាចទៅដើរលេងកំសាន្តនៅក្នុងទីតាំងដែលមានដើមឈើនោះ ក៏ដូចការជ្រើសរើសទីតាំងមកដើរលេងនៅតាមផ្លូវខាងលើនេះផងដែរ ព្រោះប្រជាពលរដ្ឋយើងសព្វថ្ងៃរស់នៅក្នុងភាពស៊ីវិល័យហើយ។

       សូមបញ្ជាក់ថា៖ តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ការសាកល្បងផ្លូវថ្មើរជើង (Walk Street)នេះត្រូវធ្វើឡើងនៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ដោយចាប់ពីម៉ោង ១៨:០០នាទី រហូតដល់ម៉ោង ២៣:០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរម រាជវាំង ស្ថិតនៅ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។

  ដើម្បីឱ្យដំណើរការបើកសាកល្បងផ្លូវថ្មើរជើង (Walk Street) ប្រកបដោយជោគជ័យ រក្សាបាននូវ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញស្នើសុំបិទផ្លូវ និងពង្វាងចរាចរចំពោះយានយន្តគ្រប់ប្រភេទតាមពេលវេលា និងម៉ោងដែលបានកំណត់ ដើម្បីទុកឱ្យប្រជាពលរដ្ឋធ្វើដំណើរថ្មើរជើង៕. ដោយ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print