កម្ពុជា​ ការលក់សំបុត្រចូលទស្សនាអង្គររកចំណូលបានជិត ៧លានដុល្លារ

ចែករំលែក៖

ខេត្ត​សៀមរាប​៖​ បើយោង​តាម​របា​យ​​​ការណ៍​របស់​គ្រឹះ​​ស្ថាន​អង្គរ​ចេញ​ផ្សាយនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៥ថា៖​ នៅក្នុងខែមករា ឆ្នាំ ២០២៥ មានភ្ញៀវទេសចរបរទេសជាង ១៤ ម៉ឺននាក់ (១៤៦ ១៤០)​ បាន​ទិញ​សំបុត្រ​ចូល​ទស្សនា រមណី​យដ្ឋាន​អង្គរ ដែលធ្វើឱ្យកម្ពុជារកចំណូលបាន​​​ប្រមាណជាង ៦,៩ លានដុល្លារ កើនឡើង ២៥,៥៦ ភាគរយ ធៀបនឹងខែមករា ឆ្នាំ ២០២៤។

បើតាមការបញ្ជាក់ពីប្រធាន​សមាគមន៍​មគ្គុទ្ទេសក៏​ទេសចរ​អង្គរ​ លោក ខៀវ ធី បានឱ្យដឹងនៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា រដូវ High Season ចាប់ពីខែ ១១ ដល់ខែ ០២ ដោយសារស្រុក​គេចុះត្រជាក់​ទឹក​កកច្រើនគេមកលេងស្រុកក្ដៅ ខណៈកម្ពុជាទទួលទេសចរណ៍មួយចំនួនតភ្ជាប់ជើង​ហោះហើរពី​វៀត​​​​​ណាម។

ម្យ៉ាងទៀត ភ្ញៀវបរទេសចាប់ផ្ដើមស្គាល់កម្ពុជា និងបានណែនាំបងប្អូនសាច់​ញាតិ​គេ​ឱ្យ​មកលេង ខណៈកម្ពុជាមានសុវត្ថិភាព សន្តិសុខ អនាម័យ ដែលទេសចរ​មកលេង​ជា​បន្ត​បន្ទាប់​។

លោកប្រធាន​សមាគមន៍​មគ្គុទ្ទេសក៏​ទេសចរ​អង្គរ​រូបនេះ​ បានបញ្ជាក់ទៀតថា​ នៅដើមឆ្នាំ ២០២៥ កំណើនភ្ញៀវទេសចរហាក់មានការកើនឡើង ដែល​បង្កើតការងារ និងប្រាក់ចំណូលដល់អ្នកផ្ដល់សេវាកម្ម រាប់ចាប់តាំងពីសេវាកម្ម​មគ្គុទេសក៏​ទេសចរ អ្នកបើកបរ និងភោជនីយដ្ឋាន។

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ឆ្នាំ ២០២៤ បង្ហាញថា ចំណូលទេសចរណ៍​អន្តរ​ជាតិ​​សរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៧% ធៀបនឹងឆ្នាំ ២០២៣។

នៅក្នុងឆ្នាំ២០២៤ កម្ពុជា​ទទួលបានភ្ញៀវទេសចរណ៍​អន្តរជាតិ​ជាង ៦,៧ លាន​នាក់ ​កើន​ឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។

...

ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាន​នាក់ ទេសចរណ៍ថៃឈរនៅ​លំដាប់​លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេស​ចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print