ខេត្តសៀមរាប៖ បើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរចេញផ្សាយនៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ២០២៥ថា៖ នៅក្នុងខែមករា ឆ្នាំ ២០២៥ មានភ្ញៀវទេសចរបរទេសជាង ១៤ ម៉ឺននាក់ (១៤៦ ១៤០) បានទិញសំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ ដែលធ្វើឱ្យកម្ពុជារកចំណូលបានប្រមាណជាង ៦,៩ លានដុល្លារ កើនឡើង ២៥,៥៦ ភាគរយ ធៀបនឹងខែមករា ឆ្នាំ ២០២៤។
បើតាមការបញ្ជាក់ពីប្រធានសមាគមន៍មគ្គុទ្ទេសក៏ទេសចរអង្គរ លោក ខៀវ ធី បានឱ្យដឹងនៅថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា រដូវ High Season ចាប់ពីខែ ១១ ដល់ខែ ០២ ដោយសារស្រុកគេចុះត្រជាក់ទឹកកកច្រើនគេមកលេងស្រុកក្ដៅ ខណៈកម្ពុជាទទួលទេសចរណ៍មួយចំនួនតភ្ជាប់ជើងហោះហើរពីវៀតណាម។
ម្យ៉ាងទៀត ភ្ញៀវបរទេសចាប់ផ្ដើមស្គាល់កម្ពុជា និងបានណែនាំបងប្អូនសាច់ញាតិគេឱ្យមកលេង ខណៈកម្ពុជាមានសុវត្ថិភាព សន្តិសុខ អនាម័យ ដែលទេសចរមកលេងជាបន្តបន្ទាប់។
លោកប្រធានសមាគមន៍មគ្គុទ្ទេសក៏ទេសចរអង្គររូបនេះ បានបញ្ជាក់ទៀតថា នៅដើមឆ្នាំ ២០២៥ កំណើនភ្ញៀវទេសចរហាក់មានការកើនឡើង ដែលបង្កើតការងារ និងប្រាក់ចំណូលដល់អ្នកផ្ដល់សេវាកម្ម រាប់ចាប់តាំងពីសេវាកម្មមគ្គុទេសក៏ទេសចរ អ្នកបើកបរ និងភោជនីយដ្ឋាន។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ឆ្នាំ ២០២៤ បង្ហាញថា ចំណូលទេសចរណ៍អន្តរជាតិសរុបជាង ៣,៦៣ ពាន់លានដុល្លារ កើនឡើងប្រមាណជាង ១៧% ធៀបនឹងឆ្នាំ ២០២៣។
នៅក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិជាង ៦,៧ លាននាក់ កើនឡើងជិត ២៣ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។
ក្នុងចំណោមភ្ញៀវទេសចរជាង ៦,៧ លាននាក់ ទេសចរណ៍ថៃឈរនៅលំដាប់លេខរៀងទី ១ មានចំនួន ២,១៤ លាននាក់ កើនជិត ១៨% វៀតណាមចំនួន ១,៣៤ លាននាក់ កើន ៣១,៥% ចិនជាង ៨៤ ម៉ឺននាក់ កើន ៥៥% ភ្ញៀវទេសចរឡាវចំនួនជាង ៣៣ ម៉ឺននាក់ ធ្លាក់ចុះ ១០% និងភ្ញៀវទេសចរអាមេរិកជាង ២១ ម៉ឺននាក់ កើនឡើង ១៦%៕ដោយ៖តារា