ខេត្តពោធិ៍សាត់ ៖ មន្រ្តីនៃមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ម្នាក់បានបង្ហើប នាព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា រសៀលម្សិលម៉ិញបានទទួលរថយន្ត១គ្រឿងមានផ្ទុកផលអនុផលព្រៃឈើ(វល្លិ៍រមៀត)និងតៃកុងរថយន្តម្នាក់ ពីកងកម្លាំង(នគរបាល)ដើម្បីបន្តនីតិវិធី ។
ប្រភពព័ត៌មានពីមន្រ្តីដដែលបង្ហើបទៀតថា រថយន្តមានផ្ទុកផលអនុផលព្រៃឈើ(វល្លិ៍រមៀត)នេះ ម៉ាក ហ៊ីយ៉ានដាយ ពណ៏ស ពាក់ស្លាកលេខ ភ្នំពេញ 3F 9314 និងអ្នកបើកបរម្នាក់ ដែលសមត្ថកិច្ចនគរបាលប្រគល់ជូនខាងលើ ត្រូវបានបង្រ្កាបកាលពីវេលារំលងអធ្រាត្រ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចផ្លូវវាងក្រុង(រូបឧកញ៉ាឃ្លាំងមឿងជិះសេះ) ស្ថិតនៅភូមិទួលម្កាក់ សង្កាត់រលាប ក្រុង.ខេត្តពោធិ៍សាត់ ។
ប្រភពបញ្ជាក់ទៀតថា តៃកុងបើកបររថយន្តដឹកផលអនុផល(វល្លិ៍រមៀត)ឈ្មោះ ប៊ុន សុវណ្ណ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំរាជធានីភ្នំពេញ ។ បញ្ជាក់ៈ រថយន្តដឹកផលអនុផលព្រៃឈើ(វល្លិ៍រមៀត)នេះ ចេញពីតំបន់ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់(ជាដែនសមត្ថកិច្ចបរិស្ថានតែម្ដង)ឆ្ពោះទៅស្រុកបរកែវ ខេត្តរតនៈគីរី អាចឆ្លងដែនទៅប្រទេសក្បែរខាងក៍ថាបាន ។
ដោយឡែកៈ បើយោងប្រសាសន៍មន្រ្តីជំនាញ(រដ្ឋបាលព្រៃឈើ)វល្លិ៍រមៀតហាមកាប់ ដឹកជញ្ជូនឬកែច្នៃ ប៉ុន្តែមិនពាក់ព័ន្ធសារធាតុញៀននោះទេ ហើយក៍មិនច្បាស់ដែរថាធ្វើជាម្សៅឬថ្នាំអ្វីម្យ៉ាង ម្យ៉ាងវិញទៀតវត្ថុតាងនេះគួរណាស់តែប្រគល់មកមន្រ្តីរដ្ឋបាលព្រៃឈើ ព្រោះបង្ក្រាបក្នុងដែនសមត្ថកិច្ចជំនាញព្រៃឈើ៕ ដោយៈ ប៉ឹម ពិន