លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីប្រតិទិនការងារអាយប៉ា និងត្រៀមរៀបចំកិច្ចប្រជុំ AIPA Caucus លើកទី១៦

ចែករំលែក៖

ភ្នំពេញ ៖ លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានរដ្ឋសភាស្តីទី និងជាប្រធានក្រុមអាយប៉ាជាតិកម្ពុជា នាព្រឹក ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីប្រតិទិនការងារអាយប៉ា និងកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមអ្នកនយោបាយអាយប៉ា(AIPA)  លើកទី១៦ ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ គ្រោងរៀបចំចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនៅរាជធានីភ្នំពេញ។

កិច្ចប្រជុំនេះបានរៀបចំឡើងនៅវិមានរដ្ឋសភា ដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកា ក្រុមសភាជាតិកម្ពុជានៃអន្តរសភាអាស៊ាន (មានទាំងសមាជិរដ្ឋសភា និងព្រឹទ្ធសភា) និងមន្ត្រីបច្ទេកទេសមួយចំនួននៃអគ្គលេខាធិការដ្ឋានសភា ដែលទទួលបន្ទុកការងារអាយប៉ា ក្នុងការត្រៀមទទួលរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមអ្នកនយោបាយអាយប៉ា លើកទី១៦ (The 16th Meeting  of AIPA  CAUCUS)។

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ជម្រាបជូនកិច្ចប្រជុំអំពីបទពិសោធន៍របស់សភាកម្ពុជាដែលធ្លាប់ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតអាយប៉ាចំនួន៣លើកកន្លងមក ក៏ដូចជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំផ្សេងៗមួយចំនួនទៀត។ 

លោកកិត្តិសេដ្ឋាបណ្ឌិតប្រធានក្រុមអាយប៉ាជាតិកម្ពុជា បានជម្រាបជូនពីប្រតិទិនការងាររបស់អាយប៉ាសម្រាប់ឆ្នាំ២០២៥ ដែលមានកិច្ចប្រជុំចំនួន៥ មុននឹងដល់មហាសន្និបាតអាយប៉ាលើកទី៤៦ នៅក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខ មានដូចជាកិច្ចប្រជុំសមាជិកសភាស្ត្រីអាយប៉ា កិច្ចប្រជុំទល់មុខរវាងប្រមុខដឹកនាំអាស៊ាន និងប្រមុខអាយប៉ា កិច្ចប្រជុំសមាជិកសភាវ័យក្មេងអាយប៉ា កិច្ចប្រជុំអាយប៉ាស្ដីពីគ្រឿងញៀន កិច្ចប្រជុំប្រចាំឆ្នាំនៃអ្នកនយោបាយអាយប៉ា( AIPA Caucus) ដែលកិច្ចប្រជុំទាំង៤ខាងដើម និងមហសន្និបាតអាយប៉ាលើកទី៤៦ នឹងត្រូវប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី។ ចំណែកកិច្ចប្រជុំនៃអ្នកនយោបាយអាយប៉ា AIPA Caucus គឺនឹងរៀបចំឡើងនៅប្រទេសកម្ពុជា ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ គ្រោងរៀបចំនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។

បន្ទាប់ពីបានផ្ដល់វេទិកាឱ្យសមាជិកអង្គប្រជុំចូលរួមបញ្ចេញមតិយោបល់ទាក់ទងនឹងដំណើការនៃការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមអ្នកនយោបាយអាយប៉ា លើកទី១៦ (The 16th Meeting  of AIPA  CAUCUS) របស់សភាកម្ពុជានាពេលខាងមុខ ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ លោកកិត្តិសេដ្ឋាបណ្ឌិតប្រធានអង្គប្រជុំ បានស្នើឱ្យមានការបង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំ និងចាត់តាំងគណៈប្រតិភូសភាកម្ពុជាសម្រាប់ចូលរួមកិច្ចប្រជុំ។ 

លោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានជម្រាបជូន លោកអគ្គលេខាធិការរដ្ឋសភា សូមធ្វើទំនាក់ទំនងជាមួយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានអាយប៉ានៅហ្សាការតា អំពីដំណើរការផ្សេងៗ សម្រាប់ឈានទៅកាន់ការរៀបចំកិច្ចប្រជុំ និងម្យ៉ាងទៀត ត្រូវធ្វើការពិនិត្យសិក្សាវាយតម្លៃអំពីទីតាំងនៃការៀបចំកិច្ចប្រជុំ ទាំងផលចំណេញ បញ្ហាប្រឈម  និងភាពងាយស្រួលរវាងការរៀបចំកិច្ចប្រជុំនៅក្នុងវិមានរដ្ឋសភា និងការរៀបចំកិច្ចប្រជុំនៅសណ្ឋាគារណាមួយក្នុងរាជធានីភ្នំពេញ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print