ភ្នំពេញ ៖ ការឡើងសោយរាជ្យរបស់ព្រះករុណា នរោត្តម សីហមុនី !
ដើម្បីជៀសវាងវិបត្តិរាជបល្ល័ង្ក ដែលតែងតែកើតឡើងមិនចេះឈប់ឈរ នៅក្នុងប្រវត្តិសាស្ត្រខ្មែរ សម្តេចសីហនុបានប្រកាសនៅឆ្នាំ២០០៤ថាព្រះ អង្គនឹងដាក់រាជ្យ។ តាមរដ្ឋធម្មនុញ្ញ ដើម្បីអាចក្លាយជាព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាបាន មានតែសមាជិកនៃរាជវង្សានុវង្សខ្មែរ ដែល ជាព្រះរាជបច្ឆាញាតិនៃព្រះមហាក្សត្រអង្គដួង ឬព្រះមហាក្សត្រនរោត្តម ឬព្រះមហាក្សត្រស៊ីសុវត្តិ។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រូវ បានក្រុមប្រឹក្សារាជសម្បត្តិជ្រើសតាំងជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបន្តពីព្រះបិតា កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។ ព្រះរាជពិធី រាជាភិសេកព្រះអង្គជាផ្លូវការត្រូវបានប្រារព្ធឡើងនៅក្នុងព្រះបរមរាជវាំង ក្រុងភ្នំពេញ នាថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤។
ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទ្រង់ចូលទិវង្គត នៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២។ ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ជាព្រះមហាវីរក្សត្រដ៏មានឥទ្ធិពលរបស់កម្ពុជា ចាប់ពីឆ្នាំ១៩៥៣ដល់២០០៤។ ព្រះអង្គត្រូវបានប្រសិទ្ធិនាមជាផ្លូវការជាមួយគោរម្យងារ ព្រះករុណា ព្រះបាទ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ហ្វូងមនុស្សបានប្រមូលផ្តុំគ្នាលើផ្លូវ នានានៅភ្នំពេញដើម្បីធ្វើការលាព្រះសីហនុជាចុងក្រោយ ពេលដែលព្រះ សពរបស់ព្រះអង្គត្រូវបានដឹកទូទាំងទីក្រុង។
៣-យុទ្ធសាស្ត្រអភិវឌ្ឍកម្ពុជាក្នុងគ្រប់វិស័យ
ក្រោយការបោះឆ្នោតនៅខែកក្កដា ឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជា បានអនុវម័តយុទ្ធសាស្ត្រត្រីកោណ ដែលមានទិសដៅជំរុញការអភិវឌ្ឍ ប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។
មុំទីមួយនៃ“ត្រីកោណ” ៖ គឺការនាំសុខសន្តិភាព និងស្ថិរភាពមកវិញ និងការរក្សាបាននូវសន្តិសុខសម្រាប់ប្រទេស និងប្រជាជនខ្លួន ឥឡូវជាការ ពិត ចំណុចនេះរដ្ឋាភិបាលធ្វើបានសម្រេចហើយ។
មុំទីពីរនៃ“ត្រីកោណ” ៖ ដែលផ្តោតលើ សមាហរណកម្ម ប្រទេស កម្ពុជាចូលក្នុងតំបន់ និងប្រក្រតីភាវូបនីយកម្មនៃទំនាក់ទំនងរបស់ខ្លួនជាមួយ សហគមន៍អន្តរជាតិ ក៏បានសម្រេចដោយជោគជ័យផងដែរ។ ការកាន់កាប់ឡើងវិញអាសនៈនៅអង្គការសហប្រជាជាតិ ៖ ប្រទេស កម្ពុជាបានទទួលអាសនៈរបស់ខ្លួននៅឯអង្គការសហប្រជាជាតិមកវិញ ដែលអាសនៈនេះបានបាត់បង់កាលពីក្រោយការ ប្រឈមគ្នាខាងប្រដាប់អាវុធ នៅខែកក្កដា ឆ្នាំ១៩៩៧។សមាហរណកម្មកម្ពុជាទៅក្នុងតំបន់ ៖ ក្នុងខែមេសា ឆ្នាំ ១៩៩៩ កម្ពុជា បានក្លាយជាសមាជិកទីដប់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ មូលហេតុដែលកម្ពុជាចូលជាសមាជិកអាស៊ានគឺ ៖ (១) អាស៊ានអនុវត្ត គោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង (២) ស្មារតីសហគមន៍ ៖ ការសម្រេចចិត្តដោយកុងសង់ស៊ីស (៣) ផលប្រយោជន៍សេដ្ឋកិច្ច និង សង្គម (៤) អាស៊ាន គឺជាច្រកការទូតរបស់កម្ពុជា និង (៥) អាស៊ានក៏ជា កត្តាធានានូវការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកម្ពុជា ជាពិសេសការធានាបាន នូវសុខសន្តិភាពទាំងនៅក្នុងប្រទេស ទាំងនៅក្នុងតំបន់។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៅក្នុងអាស៊ានបាននាំឆ្ពោះទៅរកការ បង្កើតតំបន់ពាណិជ្ជកម្មសេរី។ កម្ពុជាក៏ជាផ្នែកមួយនៃមហាអនុតំបន់មេគង្គ (GMS)។ សកម្មភាពកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់របស់កម្ពុជាឥឡូវនេះ រួមមាន ក្រុមតំបន់ថ្មីដែលសំដៅទៅលើ“អាស៊ាន+៣” ដែលនៅក្នុងក្រុម នេះរួមមានចិន ជប៉ុន និងកូរ៉េខាងត្បូងក៏ដូចជាវេទិកាតំបន់អាស៊ាន (ARF) ដែលការពិភាក្សាផ្តោតទៅលើបញ្ហាសន្តិសុខតំបន់។ នៅក្នុងឆ្នាំ២០០៤ កម្ពុជា បានក្លាយទៅជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ហើយ បានចាប់ផ្តើមចូលរួមនៅក្នុងកិច្ចប្រជុំផ្សេងៗរួមមានកិច្ចប្រជុំអាស៊ី-អ៊ឺរ៉ុប (ASEM)។
ក្នុងនាមជាប្រទេសសមាជិកថ្មីមួយ កម្ពុជាអាចទទួលបានអត្ថប្រ យោជន៍ពីគំនិតផ្តួចផ្តើមមួយចំនួនដែលបង្កើតឡើងដោយដៃគូ ដែលមាន ការអភិវឌ្ឍជាងសម្រាប់ប្រទេ ទសជាសមាជិកថ្មី និងប្រទេស ទសជាសមាជិក ដែលមានការអភិវឌ្ឍតិចតួចរបស់អាស៊ានរួមមានប្រព័ន្ធអនុគ្រោះសមា-ហរណកម្មអាស៊ាន (AISP) (៣៤៩មុខ)។ កិច្ចព្រមព្រៀងក្របខ័ណ្ឌដទៃ ទៀតជាមួយនឹងដៃគូអាស៊ានក៏បាននាំមកនូវផលប្រយោជន៍សម្រាប់កម្ពុជា ដែលក្នុងចំណោមផលប្រយោជន៍ទាំងអស់នេះរួមមាន ពន្ធគយអនុគ្រោះ និងពិសេស (SPT) ជាមួយនឹងប្រទេសចិន (២៩៧មុខ) ប្រព័ន្ធអនុគ្រោះពន្ធទូទៅ (GSP) ជាមួយប្រទេសជប៉ុន (២២៦មុខ) និងសាធារណរដ្ឋកូរ៉េ (៧៨មុខ)។
នៅពេលដែលកម្ពុជាបានក្លាយជាសមាជិកអាស៊ានកម្ពុជាបានក្លាយ ជាផ្នែកមួយនៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន (AFTA)។ វិសាលភាពរបស់ កិច្ចព្រមព្រៀងគ្របដណ្តប់ទៅលើផលិតផលដែលបានកំណត់ដោយឈរ លើតាមផ្នែកជាមួយនឹងបរិមាណតម្លៃបន្ថែមជាក់លាក់ហើយមានប្រភព ក្នុងតំបន់ពាណិជ្ជកម្មសេរី។ ការបង្កើតតំបន់ពាណិជ្ជកម្មសេរីគឺជាបញ្ហា ប្រឈមទីមួយរបស់កម្ពុជានៅក្នុងដំណើដ៏វែងឆ្ងាយ ក្នុងការធ្វើសមាហរណ កម្មជាមួយនឹងអាស៊ាន។
យន្តការគន្លឹះដើម្បីអនុវត្ត AFTA គឺអនុគ្រោះពន្ធគយរួម។ នៅក្រោម កិច្ចព្រមព្រៀងនេះប្រទេសជាសមាជិកបានឯកភាពកាត់បន្ថយពន្ធគយ ទៅលើទំនិញដែលនាំចូលពីប្រទេសអាស៊ានដទៃទៀតនៅក្នុងអត្រាពី០ និង ៥% នៅក្នុងកាលកំណត់១៥ឆ្នាំ។ គំនិតផ្តួចផ្តើមគន្លឹះខ្លះដែលបង្កើតឡើង ដោយអាស៊ានរួមមាន “កិច្ចព្រមព្រៀងក្របខ័ណ្ឌអាស៊ាន-ចិនលើកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ” “កិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយ អាស៊ាន-ជប៉ុន” “កិច្ចព្រមព្រៀងក្របខ័ណ្ឌឥណ្ឌា-អាស៊ានស្តីពីកិច្ចសហ ប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ” តំបន់ពាណិជ្ជកម្មសេរីរវាងអាស៊ាននិង សាធារណរដ្ឋកូរ៉េ ហើយនឹងតំបន់ពាណិជ្ជកម្មសេរី AFTA-CER (ទំនាក់-ទំនងសេដ្ឋកិច្ចជិតស្និទជាមួយនឹងអូស្ត្រាលី និងណូវែលហ្សេឡង់)។ ការ បង្កើនការវិនិយោគផលិតកម្មនិងការប្រើប្រាស់ដែលបានមកពីកត្តាទាំង អស់នេះនឹងផ្តល់ផលប្រយោជន៍ដល់កម្ពុជាថែមទៀតក្នុងនាមជាសមាជិក អាស៊ាន៕ (នៅមានត)
ដោយ ៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន