រុស្ស៊ីបញ្ជាក់ថា ខ្លួនកំពុងចរចាជាមួយរដ្ឋបាល Trump អំពីសន្តិភាពអ៊ុយក្រែន

ចែករំលែក៖

វិមានក្រឹមឡាំងបានបញ្ជាក់ថារុស្ស៊ីកំពុងពិភាក្សាជាមួយអាមេរិកអំពីកិច្ចចរចាសន្តិភាពដែលមានសក្តានុពលដើម្បីបញ្ចប់ជម្លោះរយៈពេលបីឆ្នាំនៅអ៊ុយក្រែន។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទកាលពីថ្ងៃទី 5 ខែកុម្ភៈថា “មានការទំនាក់ទំនងរវាងនាយកដ្ឋាននីមួយៗ ហើយទំនាក់ទំនងទាំងនេះបានកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនអាចបង្ហាញព័ត៌មានលម្អិតណាមួយបន្ថែមទៀតបានទេ” ។
ទន្ទឹមនឹងនេះ លោក Peskov បាននិយាយថា ការអំពាវនាវរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ឱ្យមានការសន្ទនាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin គឺគ្រាន់តែជាសេចក្តីថ្លែងការណ៍ “ទទេ” ។
លោកបានមានប្រសាសន៍ថា “ការត្រៀមខ្លួនក្នុងការចរចាត្រូវតែផ្អែកលើអ្វីមួយ វាមិនអាចមកពីបទបញ្ជាប្រតិបត្តិដែលចេញដោយលោក Zelensky ដែលហាមឃាត់ការចរចានោះទេ។ ដូច្នេះយើងអាចពិចារណាបានតែពាក្យទទេសម្រាប់ពេលនេះ” ។
សេចក្តីថ្លែងការណ៍របស់លោក Peskov បានសំដៅទៅលើការហាមឃាត់ការចរចារដែលដាក់ដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ក្នុងឆ្នាំ 2022។ នៅថ្ងៃទី 4 ខែកុម្ភៈ លោក Trump ក៏បានបញ្ជាក់ផងដែរថា ទីក្រុងវ៉ាស៊ីនតោនបានចូលរួមក្នុងការចរចា “ស្ថាបនា” ជាមួយទាំងរុស្ស៊ី និងអ៊ុយក្រែន។
លោក Trump បាននិយាយថា “យើងកំពុងមានកិច្ចពិភាក្សាដ៏ល្អ កិច្ចពិភាក្សាក្នុងន័យស្ថាបនាអំពីអ៊ុយក្រែន ហើយយើងកំពុងនិយាយជាមួយរុស្ស៊ី និងនិយាយទៅកាន់ថ្នាក់ដឹកនាំអ៊ុយក្រែន” ។
លោកបានសង្កត់ធ្ងន់ថា “ខ្ញុំគិតថាយើងក៏កំពុងធ្វើបានយ៉ាងល្អជាមួយរុស្ស៊ី ជាមួយអ៊ុយក្រែន។ យើងសង្ឃឹមថានឹងដោះស្រាយចំណុចនោះនៅពេលអនាគតមិនឆ្ងាយ។ វាជាបញ្ហាស្មុគស្មាញ ប៉ុន្តែយើងនឹងដោះស្រាយវា” ។
នៅពេលសួរថាតើលោកបានហៅទូរស័ព្ទឯកជនជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ឬយ៉ាងណានោះ លោក Trump បានបដិសេធមិនឆ្លើយ។
កាលពីខែមុន លោក ពូទីន បាននិយាយថា លោកបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបជាមួយមេដឹកនាំសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីសង្គ្រាមនៅអ៊ុយក្រែន ក៏ដូចជា “តំបន់ដែលមានផលប្រយោជន៍ទៅវិញទៅមកទាំងសហរដ្ឋអាមេរិក និងរុស្ស៊ី”៕

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print