ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានរំលឹកនូវគុណបំណាច់ របស់សាធារណរដ្ឋគុយបា ជាមិត្តចាស់ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់កម្ពុជា លើវិស័យសុខាភិបាល អប់រំ និងកសិកម្ម នាពេលកន្លងមក រាប់ចាប់ តាំងពីការចាប់ផ្តើមទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងសាធារណរដ្ឋគុណបា នាអំឡុង ១៩៧៩ និងអំឡុងទសវត្ស៨០ ជាពិសេសការជួយរបស់គុយបា មកកាន់កម្ពុជា ក្រោយកម្ពុជា រំដោះប្រទេសជាតិ ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលគុយបា បានរួមចំណែកយ៉ាងធំធេញ លើការអភិវឌ្ឍប្រទេសជាតិកម្ពុជា ក្រោយកម្ពុជា រួចផុតពីសង្គ្រាម ។ ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់បែបនេះ ខណៈ ឯកឧត្ដម ទទួលជួប ពិភាក្សាការងារជាមួយ លោកជំទាវ មីឡេនណាការីដាដ ស្សាលឌីវ៉ារ ពាដ្រា(Milena Carida d Zaldivar Piedra) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី បានរំលឹកថា ជាការពិតចំណងការទូត ដែលផ្តួចផ្តើមឡើងដោយសម្តេចព្រះបរមរតនកោដ្ឋ និងឯកឧត្តម Fidel Castro បានធ្វើឱ្យកម្ពុជា និងគុយបា មានទំនាក់ទំនងការទូតតាំងពីបុរេប្រវត្តិមក ប៉ុន្តែមកដល់កម្ពុជា នៅសម័យរំដោះឱ្យរួចពីការកាប់សម្លាប់ពីរបស់ប៉ុលពត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាមគ្គទេសការទូត ប្រចាំកម្ពុជានាពេលនោះ ក៏បានរៀបចំទំនាក់ទំនង ជាមួយជាមួយបណ្តាប្រទេសជាច្រើន ដោយឡែក គុយបា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេស ដែលបានធ្វើកិច្ចការការទូត ជាមួយនឹងសាធារណរដ្ឋប្រជាមានិតកម្ពុជា នាពេលនោះផងដែរ ។
ឯកឧត្តម ឃួង ស្រេង មានប្រសាសន៍ថា “ពាក្យស្លោកកម្ពុជា មួយ បានលើកឡើងថា ជួយគ្នាក្នុងគ្រាក្រ ហើយក្នុងពេលដែលកម្ពុជា ក្រ ក៏មានប្រទេសគុយបាមួយ បានជួយមកលើប្រទេសកម្ពុជា នូវជំនួយឥតសំណងសព្វបែបយ៉ាង ។
ជាមួយគ្នានេះ ឯកឧត្តម ឃួង ស្រេង បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតគុយបា នូវការត្រៀមលក្ខណៈរួចរាល់របស់អាជ្ញាធររាជធានីភ្នំពេញ នៅក្នុងការជួយជ្រោមជ្រែង លើកិច្ចការងារចាំបាច់ ជាពិសេសក្នុងបេសកកម្មការទូតរបស់លោកជំទាវ ក្នុងទីក្រុងភ្នំពេញ និងការការពារសុខសុវត្ថិភាព របស់ស្ថានទូតគុយបា នៅទីក្រុងភ្នំពេញផងដែរ ។
លោកជំទាវ មីឡេនណា ការីដាដ ស្សាលឌីវ៉ារ ពាដ្រា ឯកអគ្គរដ្ឋទូតគុយបា បានថ្លែងអំរគុណចំពោះ ឯកឧត្ដម ឃួង ស្រេង ដែលបានចំណាយពេលវេលា ដ៏មមាញឹក អនុញ្ញាឱ្យលោកជំទាវ និងសហការី អញ្ជើញជួបសម្តែងការគួរសម នាឱកាសនេះ ព្រមទាំងអរគុណដល់អាជ្ញាធររាជធានីភ្នំពេញ ដែលជានិច្ចជាកាល បានជួយដល់ស្ថានទូតគុយបា ទាំងការរក្សាអនាម័យបរិស្ថានជុំវិញស្ថាន ទូត និងជាពិសេស សុខសុវត្ថិភាពរបស់មន្ត្រីនៃស្ថានទូតគុយបា ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញតែម្តង ។
លោកជំទាវ ក៏បានរំលេច នូវចំណងមិត្តភាពរវាងប្រទេសទាំពីរ គុយបា-កម្ពុជា ដែលមានទំនាក់ទំនងការទូតយ៉ាងស្អិតរមួត ហើយប្តេជ្ញារក្សាឱ្យបាននូវតម្លៃមិត្តភាព សាមគ្គីភាព និងបន្តឱ្យកាន់តែល្អប្រសើរថែមទៀត ។
ឯកអគ្គរដ្ឋទូតគុយបា ក៏បានស្នើដល់ ឯកឧត្តម ឃួង ស្រេង ពិនិត្យលទ្ធភាព ក្នុងការស្វែងរក នូវសាលារៀន ដែលធ្លាប់បានប្រើប្រាស់ឈ្មោះថា ជាសាលាគុយបាកាលពីអតីតកាល នឹងអាចឱ្យស្ថានទូតគុយបា អាចចុះទស្សនកិច្ច និងមានបំណងចង់ដាំដើមឈើ សម្រាប់ទុកជាអនុស្សាវរីយ៍ដែលបង្ហាញពីចំណងមិត្តភាព រវាងគុយបា និងកម្ពុជា ខណៈ ដែលកិច្ចការងារនេះ ឯកឧត្តម ឃួង ស្រេង បានឯកភាពលើការផ្តល់នូវការគាំទ្រចំពោះកិច្ចការមួយចំនួន ដែលជាសំណើររបស់លោកជំទាវឯកអគ្គរដ្ឋទូត តែយ៉ាងណាមិញ ឯកឧត្តម ឃួង ស្រេង ក៏បានផ្តល់អនុសាសន៍ណែនាំ ឱ្យឯកអគ្គរដ្ឋទូតគុយបា ពិនិត្យនិងពិភាក្សាការងារខាងលើ ជាមួយឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំជាមុនសិន ថាតើអាចមានការរៀបចំបានលើអ្វីខ្លះ ដើម្បីឱ្យសាកសមនឹងតម្លៃនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ ។
ឯកឧត្តម ឃួង ស្រេង និងលោកជំទាវឯកអគ្គរដ្ឋទូត ក៏បានឯកភាពគ្នា លើការជំរុញការផ្សព្វផ្សាយនូវទំនាក់ទំនង អំពីវប្បធម៌ប្រពៃណីដ៏ផូផង រវាងប្រទេសទាំងពីរ ទៅកាន់ប្រជាជនគ្នាទៅវិញទៅមក និងសង្ឃឹមថានឹងអាចមានការចុះអនុស្សារណយោគយល់គ្នា រវាងទីក្រុងហាវ៉ាណា និងទីក្រុងភ្នំពេញផងដែរ៕
