កម្ពុជា និងហុងគ្រីជំរុញទំនាក់ទំនងរដ្ឋសភា ក៏ដូចជាទំនាក់ទំនងនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត

ចែករំលែក៖

ភ្នំពេញ ៖ លោកកិត្តិសេដ្ឋាបណ្ឌិត  ជាម យៀប អនុប្រធានទី១រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបប្រជុំទ្វេភាគីជាមួយ លោកស្រី ម៉ារតា ម៉ាត្រៃ (Marta MATRAI) អនុប្រធានទី១រដ្ឋសភា នៃប្រទេសហុងគ្រី ដើម្បីជំរុញទំនាក់ទំនងរដ្ឋសភា ក៏ដូចជាទំនាក់ទំនងនៃប្រទេសទាំងពីឱ្យកាន់តែប្រសើរឡើងថែមទៀត នៅក្នុងឱកាសដែលលោកជំទាវ ម៉ារតា ម៉ាត្រៃ និងសហការី អញ្ជើញមកបំពេញទស្សនកិច្ចការងារ និងមិត្ដភាព នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥។

  លោកកិត្តិសេដ្ឋាបណ្ឌិត  ជាម យៀប បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់ លោកជំទាវអនុប្រធានទី១រដ្ឋសភា នៃប្រទេសហុងគ្រី មកកាន់ព្រះជាណាចក្រកម្ពុជានាពេលនេះ គឺជាព្រឹត្ដិការប្រវត្ដិសាស្រ្ដថ្មីមួយទៀតសម្រាប់ប្រទេសទាំងពីរ បន្ទាប់ពីទស្សនកិច្ចរបស់ឯកឧត្តមប្រធានរដ្ឋសភាហុងគ្រី កាលពីឆ្នាំ២០១៥កន្លងទៅ ដែលបង្ហាញឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងក្នុងការបន្ដពូនជ្រុំ ជំរុញពង្រឹង និងពង្រីកចំណងមិត្តភាព ដែលប្រទេសទាំងពីរដែលបានបង្កើតចំណងការទូតជាមួយគ្នាចាប់តាំងពីឆ្នាំ១៩៥៦ មក។

  លោកកិត្តិសេដ្ឋាបណ្ឌិត  ជាម យៀប បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័ននីតិប្រតិបត្ដិ និងនីតិប្បញ្ញត្ដិ នៃប្រទេសទាំងពីរ ជាពិសេសក្នុងការបន្តពង្រឹង និងពង្រីកចំណងការទូត វប្បធម៌ និងសេដ្ឋកិច្ច ឱ្យកាន់តែស៊ីជម្រៅ ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ។

ឆ្លៀតក្នុងឱកាសនេះ លោកកិត្តិសេដ្ឋាបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សភាហុងគ្រី ដែលបានសហការរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំខ្លឹមសារធម្មនុញ្ញសន្តិភាពសកលដើម្បីមនុស្សជាតិនិងភពផែនដី ដែលប្រព្រឹត្តទៅនៅទីក្រុង ប៊ូដាប៉េសនៃប្រទេសហុងគ្រី កាលពីខែកញ្ញា ឆ្នាំ២០២៤ និងនៅទីក្រុង សៀមរាប ទឹកដីអង្គរ នៃព្រះរាជាណាចក្រកម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ហើយទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់គណៈប្រតិភូចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្ដរជាតិដើម្បីភាពអត់ឱន និងសន្ដិភាព(IPTP)

 លោកកិត្តិសេដ្ឋាបណ្ឌិត  ជាម យៀប  បានជម្រាបជូន លោកស្រី និងគណៈប្រតិភូ ថា សម័យប្រជុំពេញអង្គលើកទី១១របស់IPTP បានដាក់ចេញនូវឯកសារសំខាន់ចំនួនពីរគឺ៖ ទី១) សេចក្ដីប្រកាសទីក្រុងភ្នំពេញ ។

និង២) ធម្មនុញ្ញសន្ដិភាពសកល ដើម្បីមនុស្សជាតិនិងភពផែនដី ដែលជាគំនិតផ្ដួចផ្ដើមរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។         

ធម្មនុញ្ញសន្ដិភាពនេះ គឺជាឯកសាររស់ និងមិនមានការចងកាតព្វកិច្ចច្បាប់ ព្រមទាំងបានបង្ហាញពី   ឆន្ទៈដ៏មោះមុតក្នុងការកសាងនូវមូលដ្ឋាន និងប្រព័ន្ធអេកូឡូស៊ីនៃសន្តិភាព សំដៅទប់ស្កាត់ជម្លោះ ការកសាងសុខសន្ដិភាព ស្ថិរភាព និងវិបុលភាពសម្រាប់មនុស្សជាតិនៅលើពិភពលោក។  

ក្នុងនាមប្រជាជនកម្ពុជា លោកកិត្តិសេដ្ឋាបណ្ឌិតអនុប្រធានទី១រដ្ឋសភា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ហុងគ្រី ដែលបានរួមចំណែកក្នុងការស្វែងរកសន្តិភាព ការស្តារនិងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញ និងថាហុងគ្រី បានជួយដល់កម្ពុជាជាច្រើនវិស័យ។

លោកក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរដែល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា ធ្លាប់បានទៅបំពេញទស្សនកិច្ច និងបានអញ្ជើញចូលរួមកិច្ចប្រជុំស្ដីពីទឹកលើកទី៣ នៅប្រទេសហុងគ្រី ដែលក្នុងពេលនោះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯកភាពគ្នាជំរុញកិច្ចកិច្ចសហប្រតិបត្ដិការជាច្រើនវិស័យដូចជា៖ វិស័យសេដ្ឋកិច្ច វិនិយោគ វប្បធម៌ ទេសចរណ៍ និងធនធានមនុស្សជាដើម។

លោកស្រី ម៉ារតា ម៉ាត្រៃ បានថ្លែងអំណរគុណចំពោះសភាកម្ពុជាដែលបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងបានឯកភាពចំពោះប្រសាសន៍លើកឡើងរបស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ពិសេសការស្នើឱ្យសភាទាំងពីរធ្វើការផ្លាស់ប្ដូរទស្សនកិច្ចគ្រប់កម្រិត តាំងពីប្រធានសភា និងក្រុមមិត្ដភាពនៃប្រទេសទាំងពីរ ព្រមទាំងគណៈកម្មការជំនាញនានានៃរដ្ឋសភាទាំងពីរ ដើម្បីការសិក្សាស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៌ពីគ្នាទៅវិញទៅមក ក្នុងកិច្ចការតាក់តែងច្បាប់ និងការទូតសភាជាដើម។ 

ដោយលោកជំទាវបានបញ្ជាក់សារជាថ្មីពីគោលជំហររបស់ហុងគ្រី ក្នុងការពង្រឹងទំនាក់ទំនងជាមួយកម្ពុជាដោយផ្អែលលើគោលនយោបាយការបរទេសដែលមានការជឿទុកចិត្តគ្នា ការគោរពគ្នា និងការផ្ដល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក  ហើយកម្ពុជាគឺជាគោលដៅមួយដ៏សំខាន់សម្រាប់ហុងគ្រី នៅក្នុងការពង្រឹងនូវទំនាក់ទំនងជាមួយអាស៊ាន ក៏ដូចជានៅអាស៊ីទាំងមូល។

ភាគីហុងគ្រីក៏បានបង្ហាញនូវមោទនភាព ដែលអតីតនិស្សិតកម្ពុជាដែលបានទៅសិក្សានៅប្រទេសហុងគ្រីកាលពីពេលកន្លងមក  នៅពេលនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា និងមួយចំនួនបានក្លាយជាថ្នាក់ដឹកនាំ ក្នុងនោះក៏មានសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផងដែរ។ ប្រតិភូហុងគ្រី បញ្ជាក់ថា និស្សិតគឺជាទូតសុឆន្ទៈនៃទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។

ភាគីទាំងពីក៏បានបង្ហាញនូវជំនឿថា ទោះបីជាសភាពការណ៍តំបន់ និងពិភពលោកមានការផ្លាស់ប្តូរ វិវត្តប្រែប្រួលឆាប់រហ័សមិនអាចស្មានទុកជាមុនបាន និងមានហានិភ័យខ្ពស់យ៉ាងណាក៏ដោយ ក៏ចំណងមិត្តភាព ទំនាក់ទំនងរបស់ប្រទេសទាំងពីរ កម្ពុជា ហុងគ្រី នៅតែឈរយ៉ាងរឹងមាំជាងមុនទៅទៀត ដោយផ្អែកលើការជឿទុកចិត្តគ្នា ការគោរពគ្នា និងការផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕

...

ប្រភព ៖  «CCFR China state-controlled media »

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print