ក្រសួងធនធានទឹក អំពាវនាវឱ្យចូលរួមសហការប្រើប្រាស់ទឹកដោយសន្សំសំចៃកម្រិតខ្ពស់ នៅខែកុម្ភៈ និងខែមីនាខាងមុខនេះ ជាពិសេសតំបន់ជនបទដែលស្ថិតនៅឆ្ងាយពីប្រភពទឹក

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីធ្វើការតាមដាន វិភាគ និងព្យាករស្ថានភាពអាកាសធាតុរួចមក ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាប ជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបអំពីស្ថានភាពអាកាសធាតុក្នុងរដូវប្រាំងឆ្នាំ២០២៥ ដោយផ្អែកទៅលើ បាតុភូតសកល និងយោងលើការព្យាករស្តីពីស្ថានភាពវិវត្តន៍នៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងតំបន់អេក្វាទ័រ បាន បង្ហាញឱ្យឃើញថា ចាប់ពីខែកុម្ភៈ ដល់ខែឧសភា បាតុភូតឡានីញ៉ានឹងថយចុះមកត្រឹម ៣០-៥០ភាគរយ ដោយជំនួសមក វិញនូវបាតុភូតអែនសូ(ENSO-Neutral) បានកើនឡើង៧០ភាគរយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

១. រដូវប្រាំង

១.១. សីតុណ្ហភាព៖សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមានឹងទាបជាងធម្មតា គឺទាបជាងឆ្នាំ២០២៤។ ដោយឡែក ចាប់ពីខែកុម្ភៈ ដល់ដើមខែមីនា នៅទូទាំងប្រទេសអាចមានសីតុណ្ហភាពមធ្យមអប្បបរមា ២០°C និងមធ្យម អតិបរមា ៣៧°C ដែលត្រជាក់ជាងធម្មតា គឺត្រជាក់ជាងឆ្នាំ២០២៤។

១.២. បរិមាណទឹកភ្លៀង៖ នៅក្នុងខែកុម្ភៈ និងខែមីនា អាចមានភ្លៀងតិចជាងមធ្យម ដែលអាចបណ្តាលឱ្យមានការ ខ្វះខាតទឹកប្រើប្រាស់នៅបណ្តាខេត្តភាគខាងជើង និងជុំវិញបឹងទន្លេសាប ដែលរួមមាន ខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ធំ បាត់ដំបង ពោធិ៍សាត់ និងកំពង់ឆ្នាំង។ ភ្លៀងកក់ខែអាចកើតមានឡើងនៅខែមេសា ដែលមាន កម្រិត ពីមធ្យមទៅច្រើន និងច្រើនជាងឆ្នាំ២០២៤ ជាមួយបាតុភូតរន្ទះ និងខ្យល់កន្ត្រាក់កើតឡើងច្រើន។ ដោយឡែក នៅ តំបន់មាត់សមុទ្រ បរិមាណទឹកភ្លៀងអាចមានកម្រិតខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។

២. ដើមរដូវវស្សា៖ រដូវវស្សាអាចនឹងចាប់ផ្តើមនៅក្នុងសប្តាហ៍ទី២ នៃខែឧសភា ដែលលឿនជាងឆ្នាំ២០២៤។

២.១. សីតុណ្ហភាព៖ សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ។

២.២. បរិមាណទឹកភ្លៀង៖ មានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងមានពីមធ្យមទៅបង្គួរជាមួយ នឹងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។ បាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន។

យោងលើការព្យាករអាកាសធាតុដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន។ ក្រសួងធនធានទឹក និងឧតុនិយម សូមជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ មេត្តាចូលរួមសហការប្រើប្រាស់ទឹក ដោយសន្សំសំចៃកម្រិតខ្ពស់នៅខែកុម្ភៈ និងខែមីនាខាងមុខនេះ ជាពិសេសតំបន់ជនបទដែលស្ថិតនៅឆ្ងាយពីប្រភពទឹក។ ជាមួយគ្នានេះ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នចំពោះអាកាសធាតុដែលមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ដែលអាច កើតមានច្រើននៅក្នុងខែមេសា និងខែឧសភា ឆ្នាំ២០២៥៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print