ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារប្រចាំខែមករា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ របស់អគ្គាធិការដ្ឋាន ក្រោមអធិបតីភាព លោក អង មង្គល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ។
បន្ទាប់ពី លោក ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនភាពការងាររបស់អគ្គាធិការដ្ឋាន ប្រចាំខែមករា និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ខែកុម្ភៈ ឆ្នាំ២០២៥ រួចមក លោក អង មង្គល រដ្ឋលេខាធិការនិងជាប្រធានអង្គប្រជុំ បានធ្វើការកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃអគ្គាធិការដ្ឋាន ដែលខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចនាពេលកន្លងមក។
ទន្ទឹមនឹងនោះ លោក រដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំ បានមានប្រសាសន៍ណែនាំការងារសំខាន់ៗមួយចំនួនដល់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ ត្រូវយកចិត្តទុកដាក់អនុវត្តបន្តផងដែរ។
ជាកិច្ចបញ្ចប់ លោក អង មង្គល រដ្ឋលេខាធិការ បានជូនពរសមាជិក សមាជិកា នៃអង្គប្រជុំទាំងមូល មានសុខភាពល្អ និងប្រកបដោយពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ទីស្តីការក្រសួងមហាផ្ទៃ និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ លោក ឧត្តមសេនីយ៍ឯក អគ្គាធិការ និងលោក លោកស្រី អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត៕
ដោយ ៖ សិលា