ភ្នំពេញ ៖ ក្រសួងសុខាភិបាលថា ការប្រែប្រួលអាកាសធាតុ ធ្វើឱ្យកកើតមូសក្នុងអំឡុងរដូវប្រាំង ក្រសួងស្នើឱ្យពលរដ្ឋប្រុងប្រយ័ត្ន និងបង្ការការចម្លងជំងឺគ្រុនឈាម នាដើមឆ្នាំ២០២៥។ បើតាមក្រសួងសុខាភិបាល ក្នុងរដូវប្រាំង រំហូរប្រព័ន្ធលូបង្ហូរទឹកខ្សោយ ឬ ស្ទះដក់ទឹកក្លិនស្អុយ តាមថ្លុកដក់ទឹកស្អុយ ឬវត្ថុដក់ទឹកយូរមានក្លិនស្អុយ ដែលក្លាយជាជម្រកសម្រាប់មូសអង្កាមរស់នៅ និងបង្កបង្កើតកូនចៅនៅកន្លែងមានទឹកដក់ក្លិនស្អុយ។ ទោះជាយ៉ាងណាក៏ដោយក្នុងរដូវប្រាំងនេះ ក៏មានវត្តមានមូសខ្លាខ្លះៗ នៅតាមពាង អាង ធុងដាក់ទឹកប្រើប្រាស់ ទឹកថូផ្កា ចានទ្រជើងតុ ទូ ក្រឡ និងពែង ដែលបង្កើតជាប្រភពដក់ទឹក និងជម្រកសត្វមូស។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបន្តប្រុងប្រយ័ត្ន ក្នុងការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ បង្ការការឆ្លងជំងឺគ្រុនឈាម។ ដើម្បីចូលរួមទប់ស្កាត់ការផ្ទុះឡើងនូវជំងឺគ្រុនឈាមទ្រង់ទ្រាយធំក្នុងសហគមន៍ ក្រសួងសុខាភិបាលក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ប្រកាន់ខ្ជាប់នូវវិធានការ ចំនួន ៥ ក្នុងការទប់ស្កាត់ការកកើតសត្វមូស ដូចជា ៖
១ ៖ ម្ចាស់ផ្ទះ ឬ ម្ចាស់អាជីវកម្មនានា ត្រូវធានាឱ្យបានថា ប្រព័ទ្ធលូបង្ហូរទឹកមិនមានការស្ទះ ដែលអាចបង្កឱ្យមានទឹកដក់ ដែលអំណោយផលក្នុងការកកើតមូស។
២ ៖ អាណាព្យាបាល មាតាបិតា កុមារា កុមារី គ្រប់រូប រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុទូ ក្រឡ ធុង ខាប់ជាដើម ដោយការផ្លាស់ប្តូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចមួយដងក្នុងមួយអាទិត្យ ឬត្រូវគ្របគម្របឱ្យបានជិតល្អ និងត្រូវសហការជាមួយបណ្តាញសុខាភិបាលនៅតាមមូលដ្ឋាន ដើម្បីដាក់ថ្នាំសម្លាប់ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹក ឬចិញ្ចឹមកូនត្រីប្រាំពីរពណ៌ នៅកន្លែងអាចចិញ្ចឹមបាន។
៣ ៖ ម្ចាស់ការដ្ឋានសំណង់ រួមទាំងកម្មករ និងកម្មការនីទាំងអស់ ដែលកំពុងបំពេញការងារនៅតាមការដ្ឋានសំណង់ទាំងអស់ ត្រូវធ្វើអនាម័យបរិស្ថានឱ្យបានស្អាត នៅក្នុងបរិវេណការដ្ឋានសំណង់របស់ខ្លួន ជាពិសេសត្រូវលុបបំបាត់វត្ថុដក់ទឹក និងថ្លុកដក់ទឹក ដោយរៀបចំទុកដាក់សម្ភារៈសំណង់ដែលអាចដក់ទឹកនៅ ក្នុងទីកន្លែងដែលមានដំបូលត្រឹមត្រូវ ដើម្បីកុំឱ្យដក់ទឹក។
៤ ៖ ត្រូវប្រាកន់ខ្ជាប់នូវទម្លាប់រស់នៅស្អាត ធ្វើអនាម័យផ្ទះសម្បែង ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ លុបបំបាត់ព្រៃស៊ុបទ្រុបជុំវិញផ្ទះ ដើម្បីកាត់បន្ថយជម្រកសត្វមូសមកតោងជ្រកជុំជិតខ្លួន ដែលអាចងាយនឹងខាំ។
៥ ៖ ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញ៉ាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលនៅជិតបំផុតជាបន្ទាន់ (មិនឱ្យយឺតជាង៤៨ម៉ោង បន្ទាប់ពីក្តៅខ្លួន)។ សូមកុំសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅភ្លាមៗនេះដោយខ្លួនឯង ឬពន្យាពេលតាមដានព្យាបាលជំងឺនៅសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមឱ្យសោះ៕
ដោយ ៖ សិលា