រដ្ឋមន្ត្រី ឌិត ទីណា៖​ កម្ពុជាស្វាគមន៍អ្នកវិនិយោគ ដែលមានបំណងវិនិយោគផ្នែកឧស្សាហកម្ម​ ធាតុចូលកសិកម្ម និងសេវាកម្ម​ ដែលអាចស្រូបយកកសិផល​កម្ពុជា​ ធ្វេីការកែច្នៃ​ និងនាំចេញបានពិតប្រាកដ​

ចែករំលែក៖

ភ្នំពេញ​៖​ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ នៅរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសមជាមួយឯកអគ្គរាជទូតតែងតាំងថ្មីនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅសាធារណរដ្ឋប៊ុលហ្គារី ព្រះរាជាណាចក្រប៊ែលហ្សុិក ប្រ៊ុយណេដារូស្សាឡាម និងសាធារណរដ្ឋហ្វីលីពីន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរនូវឱកាសចូលកាន់តំណែង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី ចំនួន០៤ រូបប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលត្រូវចេញទៅបំពេញបេសកកម្មក្នុងពេលឆាប់ៗខាងមុខនេះ។ លោករដ្ឋមន្ត្រី បានលើកឡើងពីគោលនយោបាយកសិកម្មក្នុងការធានាសន្តិសុខស្បៀង និងនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ពោលគឺមានហូប មានប្រើ មានបាន និងមានរហូត ដែលកម្ពុជាបានឆ្លងផុតនូវដំណាក់កាលខ្វះហូប មកដល់បច្ចុប្បន្ននេះគឺមានហូបគ្រប់គ្រាន់ ហើយត្រូវជំរុញការកែច្នៃ វេចខ្ចប់ និងអាចនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដែលជាមូលដ្ឋានសេដ្ឋកិច្ចគឺ មានបាន។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីកសិផលសក្តានុពលរបស់កម្ពុជារួមមាន ស្រូវអង្ករ ស្វាយ ស្វាយចន្ទី ម្រេច និងចេក ដែលត្រូវការការវិនិយោគក្នុងការកែច្នៃ ជំរុញការនាំចេញឱ្យបានច្រេីន​ ទទួលបានតម្លៃបន្ថែមខ្ពស់ និងមានផលប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាកសិករកម្ពុជា។ ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានបន្ថែមថាកម្ពុជាស្វាគមន៍អ្នកវិនិយោគ ដែលមានបំណងវិនិយោគផ្នែកឧស្សាហកម្ម​ ធាតុចូលកសិកម្ម និងសេវាកម្ម​ ដែលអាចស្រូបយកកសិផល​កម្ពុជា​ ធ្វេីការកែច្នៃ​ និងនាំចេញបានពិតប្រាកដ​ ដោយមិនប្រកួតប្រជែងការដាំដុះជាមួយប្រជាកសិករក្នុងស្រុកឡេីយ​ ដែលឯកអគ្គរាជទូត​ត្រូវពិនិត្យលទ្ធភាពក្នុងការកៀរគរ​ និងស្វែងរកការគាំទ្រ​នានាដេីម្បីទាក់ទាញអ្នកវិនិយោគមកវិនិយោគក្នុងប្រទេសកម្ពុជា។

បើតាម លោករដ្ឋមន្ត្រី ការបើកទីផ្សារអន្តរជាតិ គឺជារឿងចាំបាច់ដែលគួរយកចិត្តទុកដាក់បំផុត ដោយឯកអគ្គរាជទូត អាចជួយជំរុញគាំទ្រ សម្របសម្រួល មានការចរចានីតិវិធីច្បាស់លាស់ មានការថ្លឹងថ្លែងផលប្រយោជន៍ និងផលប៉ះពាល់ត្រឹមត្រូវ និងតស៊ូមតិអំពីលក្ខខណ្ឌសុវត្ថិភាពចំណីអាហារ អនាម័យ ភូតគាមអនាម័យ និងមានការទទួលស្គាល់នូវគុណភាពកសិផលកម្ពុជា ដោយតម្កល់ផលប្រយោជន៍ជាតិជាធំ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពីការងារឥណទានកាបូន​ និងការអភិរក្សធនធានធម្មជាតិផងដែរ​ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់អំពីការងារនេះ​ គិតគូរពីអធិបតេយ្យភាពរបស់ខ្លួន​ ពិចារណាឱ្យបានច្បាស់លាស់​ និងគិតគូរផលប្រយោជន៍ប្រជាជនជាសំខាន់​។

ជាទីបញ្ចប់​ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី ចំនួន០៤​ រូបបានថ្លែងអំណរគុណដល់​ លោករដ្ឋមន្ត្រី​ ដែលបានពន្យល់​ និងផ្តល់ការណែនាំយ៉ាងសុីជម្រៅក្នុងវិស័យកសិកម្ម​ ដេីម្បីជាទុនក្នុងការស្វែងរកការគាំទ្រក្រៅប្រទេស​ និងប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសផ្សេងៗឱ្យកាន់តែល្អប្រសេីរ​ ទាញយកផលចំនេញ​សម្រាប់វិស័យកសិកម្ម​ និងវិស័យសំខាន់ផ្សេងៗទៀត​ឱ្យកាន់តែរីកចំរេីន៕

...

ដោយ៖សូរិយា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print