ទីក្រុងវៀងចន្ទន៍៖ លោកបណ្ឌិត សាយ សំផន កូមិវិហាន ប្រធានរដ្ឋសភាជាតិឡាវ នៅយប់ថ្ងៃទី៦ខែ កុម្ភះឆ្នាំ២០២៥ បានរៀបចំពិធីលៀងសាយភោជន៍ផ្លូវការ ជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតូជាន់ខ្ពស់កម្ពុជា នៅសណ្ឋានគារហូលីដេអីុនក្នុងទីក្រុងវៀងច័ន្ទន៍។ មុនដំណើរការពិធីជប់លៀងនេះ ក៍មានរៀបចំពិធីកួចដៃជូនពរតាមប្រពៃណីបងប្អូនជនជាតិឡាវជាកិច្ចជូនពរបវសួស្តីសិរីមង្គល ចំពោះ សម្តេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទាំងអស់ក្នុងឱកាសមានវត្ថមានក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅលើទឹកដី នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងរយៈពេល ពីរថ្ងៃនេះ សូមជួបតែសេចក្តីសុខសុវត្ថិភាព និងជោគជ័យ។
ថ្លែងសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍ផ្លូវការនេះ លោកបណ្ឌិត សាយ សំផន កូមិវិហាន បានសម្តែងក្តីរីករាយក្រៃលែងនិងកិត្តិយសដ៍ខ្ពង់ខ្ពស់ដែលបានទទួលស្វាគមន៍ សម្តេចតេជោ ជាលើកដំបូង បន្ទាប់ពី សម្តេចជាប់ឆ្នោតជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។ ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការលើកនេះ ជាការរិតចំណងមេត្រីភាព មិត្តភាពនិងសាមគ្គីភាព ជាប្រពៃណីតាំងពីយូរលង់ណាស់មកហើយ ក្នុងឋានៈជាប្រទេសភូមិផង របងជាមួយគ្នានិងមានទំនាក់ទំនងល្អទៅវិញទៅមក ជាពិសេសជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាង រដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា និងប្រជាជននៃប្រទេសទាំងពីរ។ លោកបណ្ឌិត បានវាយតម្លៃខ្ពស់ ចំពោះជោគជ័យនៃជំនួបទ្វេភាគីរវាង សម្តេចតេជោ និងឯកឧត្តមបណ្ឌិត ក្នុងថ្ងៃនេះ ដែលបានផ្តោតជាសំខាន់ទៅលើការងារ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរ វាងប្រទេសទាំងពីរ សភាទាំងពីរ និងព្រឹទ្ធសភាកម្ពុជា ឲ្យកាន់តែល្អប្រសើរថែមទៀត ។
ក្នុងនាមគណៈបក្ស រដ្ឋាភិបាល ប្រជាជនឡាវ គ្រប់ជនជាតិ សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះគណបក្សគណៈប្រជាជនកម្ពុជា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានជួយគាំទ្រចំពោះបុព្វហេតុតស៊ូរបស់ប្រជាជនឡាវក្នុងពេលកន្លងមកនិងបច្ចុប្បន្ន លើការជ្រោមជ្រែងដល់ការកសាងនិងអភិវឌ្ឍសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ក្នុងនាមសភាជាតិឡាវ លោកបណ្ឌិត បានអរគុណចំពោះជំនួយរបស់កម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សដែល ព្រឹទ្ធសភាកម្ពុជា បានផ្តល់អាហារូបករណ៍ ដល់មន្ត្រីនៃសភាជាតិឡាវ ក៍ដូចជាជំនួយលើវិស័យផ្សេងៗ ទៀត ជាពិសេសការជួយគាំទ្រឡាវនៅក្របខណ្ឌតំបន់និងអន្តរជាតិ។
ថ្លែងនៅក្នុងពិធីជប់លៀងផ្លូវការនេះ សម្តេច តេជោ ប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ លោកបណ្ឌិតប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដែលបានផ្តល់នូវបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ និងបានរៀបចំពិធីជប់លៀងសាយភោជន៍ ប្រកបដោយបរិយាកាសរីករាយ ស្និទ្ធស្នាល មិត្តភាព និងកិតិ្តយសដល់គណៈប្រតិភូកម្ពុជានាពេលនេះ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងប្រពៃណី ជាបងប្អូន និងយូរអង្វែងរវាងប្រជាជនយើង និងប្រទេសយើងទាំងពីរ។ សម្តេចជឿជាក់ថា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ដែលយើងបានបង្កើតឡើងនៅឆ្នាំ២០១៩ នឹងបន្តឈានទៅមុខយ៉ាងស្វាហាប់ និងត្រូវបានលើកកម្ពស់ថែមទៀត ដោយការប្រាស្រ័យទាក់ទងគ្នា យ៉ាងជិតស្និទ្ធ របស់យើង នៅគ្រប់កម្រិតទាំងក្នុងក្របខ័ណ្ឌរដ្ឋ និងក្របខ័ណ្ឌបក្ស។ សម្តេចពិតជាពេញចិត្តយ៉ាងខ្លាំង ចំពោះលទ្ធផលនៃការពិភាក្សាយ៉ាងស៊ីជម្រៅក្នុងជំនួបរវាងសម្តេច និងឯកឧត្តមបណ្ឌិត ជាពិសេស ការឯកភាពគ្នាដើម្បីបន្តជំរុញឱ្យកាន់តែខ្លាំងឡើងថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិយើងទាំងពីរ និងការគាំទ្រ គ្នាទៅវិញទៅមកនៅក្នុងស្ថាប័នអន្តរសភានានា ទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ ដើម្បីសន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពយូរអង្វែង សម្រាប់ប្រជាជាតិយើងទាំងពីរ ក៏ដូចជាប្រជាជាតិនៅលើភពផែនដីយើងទាំងមូល។ ក្នុងស្មារតីមិត្តភាពជាប្រពៃណីនិងសាមគ្គីភាពដ៏ជិតស្និទ្ធ និងសភាកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីបន្តធ្វើកិច្ចសហការកាន់តែជិតស្និទ្ធ ជាមួយឯកឧត្តម ប្រធាន និងរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីនាំមកនូវគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននិងប្រទេសទាំងពីរ។
ជាមួយនេះ សម្តេចបញ្ជាក់ សម្តេច រង់ចាំស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការនិងមិត្តភាពរបស់ លោកបណ្ឌិតប្រធានរដ្ឋសភា នៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។ កម្មវិធីលៀងសាយភោជន៍ជាផ្លូវការនេះ បានបញ្ជប់ក្រោម បរិយាកាស រីករាយ ស្និតស្នាលមិត្តភាពនិងភារតភាពបំផុត៕ដោយ៖ស តារា