ក្រុមហង្សក្រហម Liverpool បានត្រឡប់មកវិញទៅកាន់កីឡដ្ឋាន Wembley ជាមួយនឹងការប្រកួតវគ្គផ្តាច់ព្រ័ត្រ League Cup ទល់នឹងក្រុម Newcastle United បន្ទាប់ពីក្រុមហង្សក្រហមបានបញ្ចប់ក្នុងលទ្ធផល ៤-០ និងជ័យជម្នះសរុប ៤-១ ទាំង២ជើងលើក្រុម Tottenham Hotspur នៅកីឡដ្ឋាន Anfield កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៧ កុម្ភៈនេះ។
ក្រុម Tottenham ដែលកំពុងនាំមុខ ១-០ កាលពីជើងទី១ បានទទួលរងបរាជ័យនៅជើងទី២នេះ ដោយបានរបូតរហូតដល់៤គ្រាប់។ កីឡាករ Cody Gakpo បានរកគ្រាប់បាល់នាំមុខ១គ្រាប់នៅនាទីទី៣៤ពីការបញ្ជូនរបស់ Mohamed Salah។
ខ្សែប្រយុទ្ធ Salah បានបន្ថែមគ្រាប់ទី២ នៅនាទីទី៥១ បន្ទាប់ពីអ្នកចាំទី Antonin Kinsky របស់ Spurs បានរារាំងពីការស៊ុតរបស់ Darwin Nunez ហើយ Dominik Szoboszlai បានស៊ុតបញ្ចូលទីគ្រាប់ទី៣នៅនាទីទី៧៥ ខណៈដែលខ្សែការពារ Virgil van Dijk បានបន្ថែមគ្រាប់ទី៤នៃការប្រកួតនេះនៅនាទីទី៨០ពីការតែតបាល់បញ្ចូលទី។
Newcastle បានយកឈ្នះ Arsenal ក្នុងលទ្ធផលទាំង២ជើង៤ទល់០ កាលពីថ្ងៃពុធ ដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រលើកទី២របស់ពួកគេក្នុងរយៈពេល៣ឆ្នាំនៅថ្ងៃទី១៦ ខែមីនា ដោយត្រូវប៉ះ Liverpool។
វគ្គផ្តាច់ព្រ័ត្របានក្លាយជាលើកទី១៥របស់ Liverpool ក្នុងពានរង្វាន់ League Cup ប៉ុន្តែជាលើកទី១ក្នុងបាល់ទាត់អង់គ្លេសសម្រាប់អ្នកចាត់ការសញ្ជាតិហូឡង់លោក Arne Slot របស់ Liverpool ដែលបានជំនួសលោក Juergen Klopp នៅចុងបញ្ចប់នៃរដូវកាលមុន ខណៈដែលក្រុមហង្សក្រហមបានរក្សាកំណត់ត្រាឈ្នះពាន League Cup ចំនួន១០ដង។
បច្ចុប្បន្ន Liverpool មាន៦ពិន្ទុដាច់លើក្រុម Arsenal នៅលើកំពូលតារាង Premier League ជាមួយនឹងការប្រកួតក្នុងដៃបាននាំមុខតារាងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ Champions League និងកំពុងប្រជែងក្នុងពានរង្វាន់ FA Cup ផងដែរ។
ចំណែកការបរាជ័យរបស់ Tottenham គឺជាការជូរចត់សម្រាប់គ្រូបង្វឹកលោក Ange Postecoglou ដែលបានបញ្ជាក់ពីកំណត់ត្រារបស់គាត់ដែលមិនទាន់ឈ្នះពានមួយនៅឡើយ ប៉ុន្តែឥឡូវនេះមានតែពានរង្វាន់ Europa League និង FA Cup ប៉ុណ្ណោះដែលក្រុមកំពុងប្រជែងដណ្តើមនៅរដូវកាលនេះ៕
(រូបភាព ៖ BBC)