ភ្នំពេញ៖ រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អុឹម ស៊ីថុល តំណាងដ៏លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមការងារនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងជំនួបនេះ លោករដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ និងសាទរចំពោះក្រុមការងារ FAO ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកន្លងមក និងបន្តពង្រឹងការងារនេះបន្ថែមទៀតដើម្បីផលប្រយោជន៍ប្រជាកសិករ ក្នុងវិស័យកសិកម្ម។ លើសពីនេះ លោករដ្ឋលេខាធិការ បានណែនាំក្រុមការងារផ្តោតលើការងារស្រូវអង្ករ ដែលត្រូវជំរុញការងារនេះអោយកាន់តែរីកចំរើនបន្ថែមទៀតលើការកែច្នៃ និងនាំចេញទៅទីផ្សារអន្តរជាតិ។
ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានលើកទឹកចិត្តដល់ក្រុមការងារ FAO ស្វែងរកគម្រោងនានា សំដៅចូលរួមចំណែកក្នុងគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម គឺការចងក្រងសហគមន៍កសិកម្មទំនើប ដែលជាដំណោះស្រាយល្អបំផុតសម្រាប់ប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានប្រសិទ្ធភាពសេដ្ឋកិច្ច និងមាននិរន្តរភាព។
ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថាកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) គឺជាកម្មវិធីមួយយ៉ាងល្អក្នុងការទាក់ទាញ និងកៀរគរអ្នកវិនិយោគមកប្រទេសកម្ពុជា ជាពិសេសអាចជំរុញការនាំចេញកសិផលសក្តានុពលកម្ពុជាបានយ៉ាងពិតប្រាកដ និងមានការទទួលស្គាល់ពីទីផ្សារអន្តរជាតិ៕ដោយ៖តារា