ក្រសួងកសិកម្ម​ ណែនាំក្រុមការងារ FAO ប្រចាំកម្ពុជាផ្តោតលើការងារស្រូវអង្ករ ដែលត្រូវជំរុញការងារនេះអោយកាន់តែរីកចំរើនបន្ថែមទៀតលើការកែច្នៃ និងនាំចេញទៅទីផ្សារអន្តរជាតិ

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក អុឹម ស៊ីថុល​ តំណាងដ៏លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥​ បានទទួលជួបសម្តែងការគួរសមជាមួយក្រុមការងារនៃអង្គការ​ស្បៀង​ និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា​ នៅទីស្តីការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ។

ក្នុងជំនួបនេះ​ លោករដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍ និងសាទរចំពោះក្រុមការងារ FAO ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកន្លងមក និងបន្តពង្រឹងការងារនេះបន្ថែមទៀតដើម្បីផលប្រយោជន៍ប្រជាកសិករ ក្នុងវិស័យកសិកម្ម។ លើសពីនេះ លោករដ្ឋលេខាធិការ បានណែនាំក្រុមការងារផ្តោតលើការងារស្រូវអង្ករ ដែលត្រូវជំរុញការងារនេះអោយកាន់តែរីកចំរើនបន្ថែមទៀតលើការកែច្នៃ និងនាំចេញទៅទីផ្សារអន្តរជាតិ។ 

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានលើកទឹកចិត្តដល់ក្រុមការងារ FAO ស្វែងរកគម្រោងនានា សំដៅចូលរួមចំណែកក្នុងគោលនយោបាយអាទិភាពក្នុងវិស័យកសិកម្ម​ គឺការចងក្រងសហគមន៍កសិកម្មទំនើប ដែលជាដំណោះស្រាយល្អបំផុតសម្រាប់ប្រជាកសិករក្នុងការកាត់បន្ថយថ្លៃដើមផលិត មានប្រសិទ្ធភាពសេដ្ឋកិច្ច និងមាននិរន្តរភាព។

ជាមួយគ្នានេះដែរ លោករដ្ឋលេខាធិការ បានគូសបញ្ជាក់ថាកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម ផ្សាភ្ជាប់ការវិនិយោគទៅនឹងពាណិជ្ជកម្ម (CAFE-2025) គឺជាកម្មវិធីមួយយ៉ាងល្អ​ក្នុងការទាក់ទាញ​ និងកៀរគរអ្នកវិនិយោគមកប្រទេសកម្ពុជា​ ជាពិសេសអាចជំរុញការនាំចេញកសិផលសក្តានុពលកម្ពុជាបាន​យ៉ាងពិតប្រាកដ​ និងមានការទទួលស្គាល់ពីទីផ្សារអន្តរជាតិ៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print