ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន (CMAC) និងថ្នាក់ដឹកនាំក្រុមការងារក្រសួងការពារជាតិ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ បានចូលរួមក្នុងពិធីបើករបបប្រាក់ឧបត្ថម្ភអតីតភាពបម្រើការងារជូនយោធិន យោធិនសោធននិវត្តន៍ និងគ្រួសារយោធិនពលី ដែលជាអតីតមន្រ្តីអង្គភាពស៊ីម៉ាក់ ដែលបានដាក់ឲ្យចូលនិវត្តន៍កាលពីឆ្នាំ២០២២កន្លងទៅ។
ក្នុងដំណាក់កាលទី១នេះ អនុគណៈកម្មការបើកប្រាក់ឧបត្ថម្ភគោលនយោបាយក្រសួងការពារជាតិបើកជូនរបបប្រាក់ឧបត្ថម្ភនេះជូនយោធិនសោធននិវត្តន៍ចំនួន៤៧នាក់ លើចំនួនសរុប៣៥៣នាក់។ ដោយឡែកចំពោះយោធិនពិការ និងគ្រួសារយោធិនពលីចំនួន៣០៦នាក់ទៀត នឹងរៀបចំបើករបបប្រាក់ឧបត្ថម្ភនេះជូនក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។
ជាថ្មីម្តងទៀត លោកអគ្គនាយកស៉ីម៉ាក់ សូមគោរពអរគុណ សម្តេចអគ្គមហាសេនាបតីតេជោ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី សម្ដេចពិជ័យសេនា និងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកនាយឧត្តមសេនីយ៍ មាស សាវ៉ន និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានយោធសេវា ព្រមទាំងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈ ដែលបានរៀបចំចាត់ចែងមន្រ្តីអង្គភាពCMAC ចូលក្របខណ្ឌកងយោធពលខេមរភូមិន្ទ ប្រយោជន៍ដើម្បីទទួលបានរបបសោធននេះ៕ដោយ៖តារា