មនុស្ស២នាក់រងរបួសធ្ងន់ស្រាលខណៈម៉ូតូបើកលឿនប៉ះជាមួយឡានបត់អត់ស៊ីញ៉ូ

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់ជិះម៉ូតូទៅទាក់រលកចៃដន្យមកដល់ត្រង់ផ្លូវបំបែកជាបួនមិនបានប្រុងប្រយ័ត្នក៏បុករថយន្តដែលកំពុងធ្វើចរាចរណ៍បត់ត្រឡប់ក្រោយបណ្តាលឲ្យរងរបួសធ្ងន់ស្រាល២នាក់នៅក្រុងបានលុង។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលវេលាម៉ោង៩និង២៥នាទីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវបំបែកជាបួន លើផ្លូវជាតិលេខ៧៨ ស្ថិតក្នងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ប្រភពពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះសឹប យ៉ានភេទប្រុស អាយុ៤៥ឆ្នាំមានមុខរបរលក់ដូរនៅក្នងផ្សារ រស់នៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង រងរបួសចំដើមទ្រូងដោយសារបុកផ្ទុបនិងដៃចង្កូតម៉ូតូ(របួសធ្ងន់) និងអ្នករួមដំណើរឈ្មោះ ម៉ូ សា ភេទប្រុស អាយុ៣៧ឆ្នាំ បុខរបទាក់រលក (របួសស្រាល) រស់នៅភូមិជាមួយគ្នា។

ប្រភពបានបន្តឲ្យដឹងទៀតថា អ្នកទាំង២ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១៥ ពាក់ស្លាកលេខរតនគិរី 1B-3063 ពណ៌ខ្មៅ ក្នុងទិសដៅពីត្បូងទៅជើងមកដល់ត្រង់កន្លែងកើតហេតុខាងលើក៏បុករថយន្តចំហៀងខាងឆ្វេងផ្នែកខាងក្រោយពេញទំហឹង បណ្តាលឲ្យរថយន្តបែកកញ្ចក់ ចំណែកឯម៉ូតូបាក់របាំង និងវៀចកង់មុខខូចខាតយ៉ាងដំណំ។

អ្នកបើកបររថយន្តឈ្មោះ តាំ ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុង បើកបររថយន្តម៉ាកកាមរីហើម ពណ៌ត្រាវ ពាក់ស្លាកលេខ ភ្នំពេញ 2A-2853។

បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តនិងម៉ូតូគឺខុសទាំងសងខាងព្រោះម៉ូតូបើកបរក្នុងល្បឿនលឿនចំណែករថយន្តបត់គ្មានបច្ចេកទេសត្រឹមត្រូវគឺគ្មានភ្លើងស៊ីញ៉ូទើបបណ្ដាលឲ្យគ្រោះថ្នាក់តែម្តង។

បច្ចុប្បន្នរថយន្តនឹងម៉ូតូត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍យកទៅរក្សាទុកនៅការិយាល័យនៃស្នងការខេត្ត រងចាំដោះស្រាយជាក្រោយ។ ចំណែកជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕

FB_IMG_1471500360222 FB_IMG_1471500365870 FB_IMG_1471500371459 FB_IMG_1471500377631 FB_IMG_1471500383766

ដោយ៖ វុទ្ធឦសាន្ត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print