ខេត្តកណ្តាល៖ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូបានសម្រេចជិះគេចខ្លួនពីភ្នំពេញគោលបំណងយកដើរលក់នៅឃុំក្រាំងយ៉ូវ ខណៈជិះដល់ឃុំស្អាងភ្នំ ក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ចេញល្បាតចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចស្ពានកំពង់ស្វាយ ស្ថិតក្នុងភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកស្អាងឲ្យដឹងថា ជនសង្ស័យឈ្មោះ អន អូន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ធូប-ទៀន នៅមុខវាំង បច្ចុប្បន្នស្នាក់នៅភូមិសម្លរកកូរ ប្លុកស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចបានធ្វើការចាប់យកវត្ថុតាងម៉ូតូមួយគ្រឿងម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌លឿងលាយស ពាក់ស្លាកលេខភ្នំពេញ 1CJ-8980 ជាកម្មសិទ្ធរបស់ជនរងគ្រោះឈ្មោះ ថោង ដនរិទ្ធិពង្ស ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពបានបន្តថា នៅមុនពេលចាប់ខ្លួនជនសង្ស័យខាងលើនេះសមត្ថកិច្ចនគរបាលស្រុកស្អាង បានចេញល្បាតក្នុងភូមិសាស្ត្រឃុំស្អាងភ្នំ ខណៈនោះបានប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូតាមដងផ្លូវ ។ អ្វីដែលធ្វើឲ្យសមត្ថកិច្ចឈានដល់ចាប់ខ្លួននោះ ពេលជនសង្ស័យឃើញសមត្ថកិច្ចបានព្យាយាមបន្ថែមល្បឿនបើកគេច ទើបសមត្ថកិច្ចដេញតាមឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរ ។
ជនសង្ស័យឈ្មោះ អន អូន បានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា នៅវេលាម៉ោងប្រមាណ១០ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ រូបគេបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងដែលខ្លួនជិះនេះចេញពីផ្សារសាន់ហាន់ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ក្នុងគោលបំណងយកដើរលក់ ។ ពេលជិះមកជួបសមត្ថកិច្ចរូបគេមានការភ័យខ្លាចក៏បើកម៉ូតូរត់គេចខ្លួន តែរត់មិនរួចក៏ត្រូវសមត្ថកិច្ចនគរបាលក្របួចជាប់តែម្តង ៕
ដោយ៖ ស្អាងជ័យ
...