ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ មានពិធីចាប់ត្រីបែបប្រពៃណី របស់អ្នកភូមិបង្កោង ឃុំអំពិល នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប បានផ្ដល់ភាពរីករាយ និងបានទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកចូលរួមពិធីបែបប្រពៃណីនេះជាច្រើនកុះករ។
សូមបញ្ជាក់ថា ៖ ទោះបីបច្ចុប្បន្នស្រុកទេសមានការរីកចម្រើនក៏ដោយ ក៏អ្នកស្រុកអង្គរនៅតែបន្តថែរក្សាប្រពៃណី និងទំនៀមទម្លាប់បែបបុរាណបានយ៉ាងខ្ជាប់ខ្ជួន ដោយនាំគ្នាធ្វើពិធីឡើងមាឃ ឬឡើងអ្នកតានៅតាមខ្ទមអ្នកតា ឬសាលាឆាន់ក្នុងភូមិរបស់ពួកគេ។
ខែមាឃ ជាខែដែលប្រមូលផលស្រូវបានរួចរាល់ទាំងស្រុង ពោលជាការបិទបញ្ចប់វដ្ដស្រូវនៃឆ្នាំនោះ។ ជាទូទៅ ភូមិជាច្រើននៅតំបន់អង្គរ ដូចជា ភូមិរលួស និងភូមិដូននំ នៃឃុំបាគង ភូមិគីរីមានន្ទ និងភូមិត្នោត នៃឃុំអំពិល ស្រុកប្រាសាទបាគង ភូមិនគរក្រៅ ភូមិគោកត្នោត គោកបេង នៃសង្កាត់គោកចក ភូមិក្រវាន់ នៃសង្កាត់នគរធំ ភូមិក្រសាំងរលើង នៃសង្កាត់សៀមរាប ភូមិភ្នំក្រោម នៃសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ភូមិប្រដាក ភូមិថ្នល់ត្រង់ នៃឃុំព្រះដាក់ ភូមិសាលាក្រវាន់ នៃឃុំរំចេក ភូមិស្រែចង្ហូត នៃឃុំរុនតាឯក ស្រុកបន្ទាយស្រី ភូមិដូនឪ ភូមិតាប្រុក និងភូមិលាងដៃ នៃឃុំលាងដៃ ស្រុកនគរធំជាដើម តែងធ្វើពិធីឡើងមាឃនៅខ្ទមអ្នកតាតែមួយល្ងាចប៉ុណ្ណោះ។ ចំណែកឯភូមិខ្លះទៀត ធ្វើរយៈពេលមួយយប់មួយថ្ងៃក៏មាន។
នៅឆ្នាំនេះ ភូមិបង្កោងនឹងរៀបចំពិធីឡើងមាឃនៅថ្ងៃអាទិត្យ ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយធ្វើពិធីចាប់ត្រីសម្រាប់ធ្វើម្ហូបថ្ងៃឡើងមាឃ នៅត្រពាំងបឹង វេលាម៉ោង៦ព្រឹក។ ភូមិបង្កោង នៅក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប៕
ដោយ ៖ សិលា