ភ្នំពេញ ៖ នៅក្នុងពិធីកាត់ខ្សែបូសម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាព្រឹកថ្ងៃទី១១ ខែុកុម្ភៈ ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានផ្តាំផ្ញើទៅក្រុមអ្នកដែលបានរៀបចំផែនការបង្ហោះដ្រូនចូលភូមិគ្រឹះរបស់សម្ដេចនៅក្រុងតាខ្មៅថា ពួកគេបានបរាជ័យហើយ។
សម្ដេចតេជោបានបន្តថា អ្នកឯងត្រូវដឹងថា គ្រាន់តែបាត់ខ្លួនមនុស្សម្នាក់ចេញពីតាកែវដើម្បីត្រៀមបង្ហោះដ្រូន ក៏ត្រូវបានសម្ដេចដឹងជាមុនដែរ ពោលគឺឱ្យតែពាក់ព័ន្ធនឹងសន្តិសុខជាតិ គឺសម្ដេចតែងតែទទួលបានព័ត៌មានមុនជានិច្ច ដូច្នេះសូមកុំគិតចង់ប្រហារជីវិតរបស់ខ្ញុំឱ្យសោះ។
សម្ដេចតេជោបានសង្កត់ធ្ងន់ថា នេះជាអំពើភេវរកម្ម ហេតុដូច្នេះសូមបរទេសទាំងឡាយប្រយ័ត្នប្រយែង ទៅលើការគាំទ្រទាំងឡាយ និងមិនត្រូវលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដាច់ខាត ព្រោះថាបើពួកគេគាំទ្រពួកនេះ គឺមានន័យស្មើនឹងគាំទ្រអំពើភេវរកម្ម។
សម្តេចបានបញ្ជាក់ដូច្នេះថា៖ «សូមផ្តាំផង ផែនការវាយប្រហាដោយដ្រូនចូលតាខ្មៅ អ្នកត្រូវចាំ ហើយបាត់ខ្លួនពីតាកែវមួយ គឺគាំទ្រផែនការវាយប្រហារដ្រូនចូលតាខ្មៅ សន្តិសុខជាតិ អ្នកកុំចង់ប្រហារជីវិតរបស់ខ្ញុំ ចង់សម្លាប់ខ្ញុំ»។
សម្តេចតេជោ ហ៊ុន សែន មិនបានបញ្ជាក់អំពីអ្នកពាក់ព័ន្ធក្នុងការរៀបចំដ្រូនដើម្បីវាយប្រហារសម្តេចនោះឡើយ ប៉ុន្តែការបង្ហើបអំពីផែនការធ្វើភេរវកម្មនេះ បានធ្វើឡើងស្របពេលដែល ក្រុមប្រឆាំងនៅក្រៅប្រទេស ប្រកាសបង្កើត រដ្ឋាភិបាលនីរទេស និងបំផុសបំផុលឱ្យផ្តួលរំលំរាជរដ្ឋាភិបាល។
លោក សម រង្ស៉ី មេដឹកនាំក្រុមឧទ្ទាមនៅក្រៅប្រទេស ដែលត្រូវបានកាត់ទោសជាច្រើនករណីនៅកម្ពុជា បានប្រកាសម្តងហើយម្តងទៀត ដោយដាក់ចេញនូវយុទ្ធសាស្ត្រផ្ការីក ដែលជាផែនការបដិវត្តពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល និងដណ្តើមអំណាចក្រៅការបោះឆ្នោត។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «នេះជាអំពើភេរវកម្ម ហើយសូមជនបរទេសទាំងឡាយ ប្រយ័ត្នប្រយែង ក្នុងការគាំទ្រទាំងឡាយនៃសកម្មភាពភេរវកម្ម ខ្ញុំគ្រាន់តែបញ្ជាក់ ក្នុងប៉ុន្មានអាទិត្យនេះ ផែនការវ៉ៃដ្រូនចូលផ្ទះខ្ញុំ»៕
ដោយ ៖ សិលា