ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី និងចូលរួមក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដែលរៀបចំធ្វើនៅមន្ទីរពេទ្យនគរបាលខេត្តបាត់ដំបង ស្ថិតក្នុងបរិវេណស្នងការដ្ឋាន ដោយមានការចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្ត។
ថ្លែងក្នុងពិធីដ៏មានអត្ថន័យនេះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានលើកឡើងថា ក្រៅពីភារកិច្ចស្នូលក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម កងកម្លាំងនគរបាលខេត្តបាត់ដំបង ក៏បានចូលរួមកិច្ចការសង្គមជាច្រើន ដូចជា ៖ ការងារមនុស្សធម៌, ការជួយសង្គ្រោះប្រជាពលរដ្ឋដែលកំពុងជួបការលំបាកខ្វះខាត, ការជួយសង្គ្រោះប្រជាពលរដ្ឋដែលជួបឧបទ្ទវហេតុ និងការអន្តរាគមន៍ក្នុងមហន្តរាយផ្សេងៗជាដើម។
សម្រាប់ទិវានៃក្តីស្រឡាញ់ឆ្នាំ២០២៥នេះ កងកម្លាំងនគរបាលខេត្តបាត់ដំបង បានធ្វើការបរិច្ចាគឈាម ដែលជាការបង្ហាញពីទឹកចិត្តការស្រឡាញ់ ការជួយសង្គ្រោះអាយុជីវិតទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់នៅឯមន្ទីរពេទ្យ។
លោកស្នងការ ក៏បានបញ្ជាក់បន្ថែមថា ចំពោះការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ផ្តល់នូវទឹកចិត្ត ក្តីមេត្តាធម៌ សូមចងចាំថាការបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតបានទេហេីយសកម្មភាពនេះគឺជាការបង្ហាញឱ្យឃើញនូវស្មារតីរួបរួមចេះជួយគ្នា និងការចូលរួមក្នុងកិច្ចការ សង្គម។
ដោយឡែក ថ្ងៃនេះ ជាការបង្ហាញក្តីស្រឡាញ់យ៉ាងពិតប្រាកដចេញពីបេះដូង របស់កងកម្លាំងនគរបាលខេត្តបាត់ដំបងទាំងមូល ផ្តល់ទៅកាន់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីចូលរួមជួយសង្គ្រោះ អ្នកជំងឺដែលកំពុងត្រូវការឈាមនៅតាមមន្ទីរពេទ្យផងដែរ។
លោកឧត្តមសេនីយ៍ទោ ស្នងការ សូមថ្លែងនូវការកោតសរសើរចំពោះ ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលខេត្តបាត់ដំបង ដែលបានចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តក្នុងឱកាសនេះ និងសូមថ្លែងអំណរគុណដល់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង ដែលបានសហការរៀបចំពិធីនេះឡើង និងសូមជូនពរឱ្យទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អ សម្រេចបានជោគជ័យគ្រប់ភារកិច្ច និងជួបនូវពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡេីយ៕
ដោយ ៖ សិលា