ភ្នំពេញ : នៅរសៀលថ្ងៃទី១១ ខែកុម្ភៈឆ្នាំ២០២៥ លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បានអោយដឹងថា, គម្រោងកែលម្អ ជួសជុល និងការថែទាំ ផ្លូវជាតិ៧៣ ប្រវែង៤៩,៨១២ គីឡូម៉ែត្រ លាតសន្ធឹងពីខេត្តត្បូងឃ្មុំ-ខេត្តក្រចេះ សម្រេចវឌ្ឍនភាពការងារទាំងមូល ៩៣.០៦%ហើយ គិតត្រឹមដើមខែកុម្ភៈ ឆ្នាំ២០២៥នេះ។
បើគ្មានប្រែប្រួលដោយប្រកាសចៃដន្យណាមួយទេ គម្រោងការកែលម្អ ជួសជុល និងការថែទាំ ផ្លូវជាតិ៧៣ នឹងត្រូវបញ្ចប់នៅចុងខែមីនា ឆ្នាំ២០២៥ខាងមុខនេះ និងមានរយៈពេលថែទាំចាប់ផ្តើមពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៩។
ផ្លូវជាតិលេខ ៧៣ (NR73)មានចំណុចតភ្ជាប់ផ្ទាល់ រវាងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ ដែលលាតសន្ធឹងចម្ងាយ៤៩.៨១២គីឡូម៉ែត្រ។
លោកអ្នកនាំពាក្យបន្តថា, គោលបំណងនៃគម្រោងនេះ គឺដើម្បីធានាឱ្យមានការបន្តប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនៃផ្លូវជាតិ ដែលបានស្តារឡើងវិញ និងបណ្តញផ្លូវខេត្តដើម្បីជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។
គម្រោងនេះ នាំមកនូវអត្ថប្រយោជន៍យ៉ាងសម្បើមដល់ប្រជាពលរដ្ឋក្នុងស្រុក និងធានាអត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន និងក្នុងខេត្តចំនួន៦របស់កម្ពុជាគឺ កំពង់ចាម ត្បូងឃ្មុំ ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ដោយកាត់បន្ថយពេលវេលាធ្វើដំណើរ ចំណាយតិច ភាពងាយស្រួល និងការតភ្ជាប់កាន់តែល្អតាមបណ្តាញផ្លូវជាតិ។
លោក ផន រឹម អ្នកនាំពាក្យ និងជា អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន បញ្ជាក់ថា, គម្រោងនេះរួមមាន៖ ការពង្រីកទទឹងផ្លូវ៨-៩ម៉ែត្រ ដល់១១ម៉ែត្រដោយអ៊ុតក្រាលកៅស៊ូ(AC) តំបន់ផ្សារចាក់បេតុងបន្ថែមដល់រង្វង់មូលដែលមានស្រាប់ ស្ថិតនៅចំណុចចាប់ផ្តើម (PK០+០៤៤ ដល់ PK០+២៦២) និងមានដំឡើងលូជ្រុងកាត់ទទឹងផ្លូវ, ដាក់ប្រព័ន្ធលូបង្ហូរទឹក(U-drain) ត្រង់ចំណុចសំខាន់ៗ និងតាមបណ្តោយសងខាងផ្លូវដែលមានភាពធន់ទៅនឹងការបម្រែបម្រួលអាកាសធាតុ(Climate Resilient) និងសុវត្ថិភាពនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់( safety of road infrastructure)ព្រមទាំងការកែលម្អចិញ្ចើមផ្លូវ ដំឡើងផ្លាកចរាចរណ៍ ឧបករណ៍សុវត្ថិភាពផ្លូវថ្នល់ ការងារថែទាំខួបសម្រាប់រយៈពេល៥ឆ្នាំ បន្ទាប់ពីការងារសាងសង់ត្រូវបានបញ្ចប់៕
ដោយ : សិលា