ភ្នំពេញ ៖ នារីម្នាក់បានបែកក្បាលធ្លាយខួរស្លាប់មួយរំពេច ខណៈជិះម៉ូតូតាមផ្លូវត្រូវរថយន្តមួយគ្រឿងទៀតបានកិន កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ភូមិព្រៃធំ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សពនារីរងគ្រោះខាងលើមានឈ្មោះ ហេង សារ៉ាត់
អាយុ៣០ឆ្នាំ មុខរបរបុគ្គលិកផ្នែកគណនេយ្យ ស្នាក់នៅបុរីសូនី មានស្រុកកំណើតនៅភូមិ ស្មន់មុនី ឃុំព្រៃផ្តៅ. ស្រុកព្រៃកប្បាស ខេត្តតាកែវ។
តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុខាងលើបានឲ្យដឹងថា. មុនពេលកើតហេតុ គេឃើញបុរសម្នាក់និងនារីរងគ្រោះខាងលើបានជិះម៉ូតូមួយគ្រឿងម៉ាក HONDA ZOOMER X. ព៍ណខ្មៅលាយសពាក់ផ្លាកលេខ ភ្នំពេញ1GI-0397 ជិះឌុបគ្នាក្នុងទិសដៅពីលិចទៅកើត. បានទាក់ដៃចង្កូតគ្នាជាមួយរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក បានដួលបណ្តាលឲ្យនារីរងគ្រោះខាងលើចូលក្រោមកង់រថយន្ដកិនបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ភ្លាមៗនោះអ្នកបើកបររថយន្តបានបើករថយន្តរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ព្រៃស សហការជាមួយកម្លាំងជំនាញនគរបាលចរាចរណ៍ខណ្ឌដង្កោ ចុះមកពិនិត្យវាស់វែងនិងឆែកកាំម៉ារ៉ាសុវត្ថិភាព នៅទីតាំងកើតហេតុខាងលើដើម្បីបើកការស្រាវជ្រាវរកអត្តសញ្ញាណអ្នកបើកបរនិងរថយន្តយកមកចាត់ការតាមផ្លូវច្បាប់នៅពេលក្រោយ។ ចំណែកសពនារីរងគ្រោះខាងលើសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕
ដោយ ៖ ភារ៉ា ដង្កោ