ភ្នំពេញ ៖ ក្នុងដំណើរបំពេញបេសកកម្មនៅខេត្តបាត់ដំបង គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំដោយលោក សរ ចំរុង ប្រធានគណៈកម្មការ និងតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង រួមមាន លោក ច័ន្ទ សុផល លោកស្រី លី គឹមលៀង និងស្រី ងិន ឃន បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងលោក អេ សារុម សមាជិកក្រុមប្រឹក្សាខេត្តបាត់ដំបង និងសហការី ព្រមទាំងប្រធានមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្ត នៅសាលប្រជុំសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។
លោក សុខ លូ បានមានប្រសាសន៍លើកឡើងពីវឌ្ឍនភាពគ្រប់វិស័យរបស់ខេត្ត ដែលបានកើតឡើងក្រោមការដឹកនាំរបស់អគ្គមគ្គុទេសក៍នយោបាយឈ្នះ ឈ្នះ គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំប្រកបដោយភាពវៃឆ្លាត និងថាមពលរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព និងការអភិវឌ្ឍជាលំដាប់ ក្នុងនោះខេត្តបាត់ដំបង ក៏ទទួលបាននូវការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យផងដែរ។
ទន្ទឹមនឹងការជម្រាបជូនពីវឌ្ឍនភាពរបស់ខេត្ត លោកអភិបាលខេត្តក៏បានលើកឡើងពីភាពខ្វះចន្លោះ និងបញ្ហាប្រឈមមួយចំនួនដែលខេត្តត្រូវបន្តដោះស្រាយ និងស្នើសុំគណៈកម្មការរដ្ឋសភាជួយអន្តរាគមន៍ផងដែរ។
ទាក់ទិននឹងគោលបំណងនៃបេសកកម្មរបស់គណៈកម្មការ លោក សុខ លូ បានមានប្រសាសន៍លើកឡើងពីយន្តការដោះស្រាយបញ្ហាទំនាស់ដីធ្លី និងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ដោយអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល និងការដាក់ចេញនូវយន្តការនៃការដោះស្រាយទំនាស់ ឬវិវាទក្រៅប្រព័ន្ធតុលាការនៅក្នុងឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបានទទួល និងកំពុងពិនិត្យចាត់ចែងសម្របសម្រួលដោះស្រាយករណីបណ្ដឹង ក៏ដូចជាវិវាទនានា សរុបចំនួន៧៧០ករណី ក្នុងនោះបណ្ដឹង ឬវិវាទផ្នែកដីធ្លីមានចំនួន ២៨០ករណី បណ្ដឹង ឬវិវាទផ្នែករដ្ឋប្បវេណីចំនួន ៤៨៩ករណី បណ្ដឹង ឬវិវាទទៅលើអាជ្ញាធរចំនួន១ករណី។ ដោយឡែកការដោះស្រាយក្នុងសមត្ថកិច្ចផ្ទាល់របស់រដ្ឋបាលខេត្ត បានទទួលបណ្ដឹង១៥២ករណី និងបានដោះស្រាយចប់ជាស្ថាពរទាំង១៥២ករណី។ ចំពោះបណ្ដឹង ឬវិវាទទាំងនេះ រដ្ឋបាលខេត្ត ក្រុង ស្រុកដែលពាក់ព័ន្ធបានពិនិត្យ និងដោះស្រាយបញ្ចប់បានចំនួន៥៧៦ករណី បានច្រានចោលចំនួន១ករណី បានស្នើសុំដកពាក្យបណ្តឹងត្រលប់វិញចំនួន៨ករណី ។ ការដោះស្រាយទំនាស់ ឬវិវាទក្រៅប្រព័ន្ធតុលាការ បានធ្វើឱ្យភាគីទំនាស់មានទំនុកចិត្ត ដោយសារការដោះស្រាយឈរលើមូលដ្ឋានច្បាប់ មិនប្រកាន់និន្នាការនយោបាយ និងមានឆន្ទៈមនសិការ ការលះបង់ពេលវេលា ដើម្បីខិតខំឱ្យគូភាគីឈានដល់ការព្រមព្រៀងគ្នាបញ្ចប់ទំនាស់ ឬវិវាទតាមរយៈយន្តការឈ្នះ ឈ្នះ។ ទោះបីមានការខិតខំរបស់រដ្ឋបាលខេត្ត ក្រុង ស្រុក ក្នុងការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ ទទួលបានលទ្ធផលជោគជ័យយ៉ាងច្រើនក្តី ក៏នៅមានបញ្ហាប្រឈមមួយចំនួនដូចជា ការផ្លាស់ប្តូរមន្ត្រីទទួលបន្ទុក ឬផ្លាស់ប្តូរសមាសភាពក្រុមការងារញឹកញាប់ ការសម្របសម្រួលខ្លះមានការឯកភាព ព្រមព្រៀងរវាងគូភាគីរួចហើយ បែរជាមិនអនុវត្តតាមការសម្រុះសម្រួលគ្នាទៅវិញដោយសារជឿការញុះញង់ពីអ្នកខាងក្រៅ។ ភាគីនៃវិវាទខ្លះ អាងការអន្តរាគមន៍ពីអ្នកនេះអ្នកនោះ ឬការប្រើឥទ្ធិពលពីអ្នកមានអំណាច បានធ្វើឱ្យការសម្របសម្រួលមិនអាចឈានទៅបញ្ចប់បាន ហើយក្លាយទៅជាវិវាទរ៉ាំរ៉ៃ មានបុគ្គលខ្លះដើរតួជាអ្នកជួញរឿង និងអាជ្ញាធរមូលដ្ឋានខ្លះបង្កបញ្ហាស្មុគ្រស្មាញលើការដោះស្រាយវិវាទដីធ្លីតាមរយៈការបញ្ជាក់ការកាន់កាប់ដីត្រួតគ្នា ធ្វើឱ្យលំបាកដល់ការសម្របសម្រួលក្នុងការដោះស្រាយវិវាទ។
បន្ទាប់មកពីស្ដាប់របាយការណ៍របស់រដ្ឋបាលខេត្តរួចមក លោក សរ ចំរុង បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តបាត់ដំបង ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់ ។
លោកបានបន្តថា គណៈកម្មការក៏បានកត់សម្គាល់លើបញ្ហាប្រឈមទាំងអស់របស់ខេត្ត និងទទួលយកសំណើដែលខេត្តបានលើកឡើង យកទៅជម្រាបជូន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីជួយធ្វើអន្តរាគមន៍ និងដោះស្រាយតាមនីតិវិធីរបស់រដ្ឋសភា ។
ឆ្លៀតក្នុងឱកាសនេះ លោក សរ ចំរុង បានជម្រាបអំពីតួនាទីសំខាន់ៗរបស់រដ្ឋសភានិងតួនាទីរបស់គណៈកម្មការទី១នៃរដ្ឋសភា ក៏ដូចជាសកម្មភាពការងារដែលគណៈកម្មការបានអនុវត្តកន្លងមក ជូនដល់រដ្ឋបាលខេត្តបានជ្រាបផងដែរ៕
ដោយ ៖ សិលា