តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ អាវុធហត្ថខេត្តសៀមរាប បានសម្របសម្រួលទំនាស់រវាងអតីតស្វាមី និងភរិយាមួយគូដោយសន្តិវិធី!

ចែករំលែក៖

ខេត្តសៀមរាប៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលបណ្ដឹងផ្ទាល់មាត់ពីស្ត្រីរងគ្រោះម្នាក់តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩៦ ដើម្បីសុំកិច្ចអន្តរាគមន៍លើករណី អតីតប្តីរបស់គាត់ ឈ្មោះ ម៉ី សំរិទ្ធឌី អាយុ៦៥ឆ្នាំ ដែលបានលែងលះគ្នាដាច់ស្រាចតាមសាលក្រមតុលាការ បានផឹកស្រាស្រវឹងមកអុកឡុកនិយាយរករឿងគាត់ដល់ផ្ទះ នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

ក្រោយពីទទួលបានពត៌មានខាងលើកម្លាំងជំនាញការិយាល័យ អាវុធហត្ថខេត្តសៀមរាប និងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងសៀមរាប បានចុះដល់ចំណុចផ្ទះរបស់ស្ត្រីរងគ្រោះខាងលើ ធ្វើការនាំខ្លួនអតីតប្តីមកសាកសួរនៅមូលដ្ឋានអាវុធហត្ថក្រុង ដោយបុរសជាអតីតប្ដីនោះបានទទួលកំហុស និងធ្វើកិច្ចសន្យាថាឈប់ទៅរករឿងអតីតប្រពន្ធទៀតហើយចាប់ពីពេលនេះតទៅ ទើបឱ្យត្រឡប់ទៅផ្ទះវិញ។ 

ដោយមើលឃើញពីការលំបាករបស់បុរសឈ្មោះ ម៉ី សំរិទ្ធឌី សព្វថ្ងៃរស់គ្មានទីពឹង មានមុខរបរជាអ្នកចាំផ្ទះអោយគេ ព្រមទាំងមានជំងឺប្រចាំកាយផងនោះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានឧបត្ថម្ភថវិកាមួយចំនួន និងសន្យាជួយផ្ដល់បាយទឹកនៅពេលដែលមានការខ្វះខាតម្ដងម្កាលដល់បុរសជាអតីតប្តីខាងលើផងដែរ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print