ស្វែងយល់ឱ្យច្បាស់អំពីឫសគល់ និងប្រភព «ទិវានៃសេចក្តីស្រឡាញ់» ចៀសវាងប្រព្រឹត្តិបាត់បង់សេចក្តីថ្លៃថ្នូរ !

ចែករំលែក៖

ភ្នំពេញ ៖ ខណៈពេលថ្ងៃបុណ្យ នៃសេចក្តីស្រឡាញ់ ដែលនឹងឈានមកដល់ នៅថ្ងៃទី១៤ កុម្ភៈ ខាងមុខនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីអំពាវនាវដល់បណ្តាយុវជន និងពលរដ្ឋមួយចំនួនតិចតួច ដែលនៅតែប្រព្រឹត្តិប្រាសចាកសេចក្តីថ្លៃថ្នូរនោះ ដោយឱ្យសិក្សាស្វែងយល់អំពីឫសគល់ និងប្រភពពទិវា នៃសេចក្តីស្រឡាញ់ ឱ្យច្បាស់លាស់ចៀសវាងប្រព្រឹត្តិអំពើមិនគប្បីបន្តទៅទៀត។

ក្នុងការចេញសេចក្តីអំពាវនាវនៅថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ ២០២៥ ក្រសួងវប្បធម៌បានលើកឡើងថា ទិវាពីបរទេសមួយដែលគេនិយមហៅថា ”ទិវា នៃក្តីស្រឡាញ់” បាននិងកំពុងជ្រៀតចូលក្នុង សង្គមជាតិកម្ពុជា ជាពិសេស ក្នុងស្រទាប់យុវជន ដោយការទទួលយកព្រឹត្តិការណ៍នេះ បានស្តែងឡើង តាមរយៈសកម្មភាព នានា ដោយឈរលើមនោសញ្ចេតនាស្រឡាញ់ដឹងគុណចំពោះមាតាបិតា អាណាព្យាបាល គ្រូបាធ្យាយ ប្តី-ប្រពន្ធ មិត្តភក្តិ ប្រកបដោយភាពថ្លៃថ្នូរគួរជាទីគោរព និងកោតសរសើរ។

ជាមួយគ្នានេះ នាពេលកន្លងមក ទោះជាមានការពន្យល់ ណែនាំ អំពាវនាវ ក៏យើងនៅសង្កេតឃើញមានសកម្មភាពមួយចំនួនតូចដែលត្រូវបានសង្គមវាយតម្លៃថា មិនគួរ កើតមាន ដោយសកម្មភាពទាំងនោះ ផ្តល់ផលអវិជ្ជមានដល់បុគ្គលផ្ទាល់ផង និងដល់តម្លៃប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិផង។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈយល់ថា ការសិក្សាស្វែងយល់ឱ្យច្បាស់អំពីឫសគល់ និងប្រភពនៃទិវានេះ គឺ ជាភាពចាំបាច់ ដើម្បីចៀសវាងការអនុវត្តខុស និងការបង្កនូវរូបភាព និងបរិយាកាស សង្គមថ្មី ដែលខុសពីចរិតលក្ខណៈដើម នៃសង្គមកម្ពុជាយើង ជាពិសេស សកម្មភាពជ្រួលជ្រើម ហួសហេតុ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ដល់សីលធម៌ កិត្តិយស និងសេចក្តីថ្លៃថ្នូរ ដល់បុគ្គលខ្លួនឯង និងអ្នកដទៃ ព្រមទាំង សកម្មភាពទាំងឡាយ ដែលបង្កផលប៉ះពាល់រយៈ ពេលវែង ដល់អនាគតនៃបុគ្គលដែលបានប្រព្រឹត្តខុសគន្លង។

ក្រសួងបន្តឱ្យដឹងថា ទិវានៃក្តីស្រឡាញ់នៅកម្ពុជា គួរជាឱកាសមួយ ក្នុងការបង្ហាញអារម្មណ៍មនោសញ្ចេតនា និងកាយវិការចែករំលែក ធានានូវក្តីស្រឡាញ់ ប្រកបដោយភាពថ្លៃថ្នូរ ស្មោះសរបរិសុទ្ធ ចំពោះមនុស្សជាទីស្រឡាញ់ នៅជុំវិញខ្លួនយើង ជាអាទិ៍ ៖ ក្រុមគ្រួសារ ឪពុកម្តាយ ប្តីប្រពន្ធ កូនចៅ ញាតិមិត្ត និងគួរតែជាកាយវិការ ចែករំលែកទៅដល់ ជនពិការ កុមារកំព្រា និងអ្នកដែលស្ថិតក្នុងស្ថានភាពលំបាកផ្សេងទៀត ក្រោមរូបភាព សរសេរលិខិតជូនពរ ការជូនអំណោយផ្សេងៗ ការសំណេះសំណាល ឬការទទួលទានអាហាររួមគ្នា ដោយក្តីសោមនស្សនិងការបន្សល់ទុកអនុស្សាវរីយ៍ល្អៗ។

ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់មាតា បិតា អាណាព្យាបាល សមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ ថ្នាក់ ជាពិសេស យុវជន សូមចូលរួមផ្សព្វផ្សាយ អប់រំ ពន្យល់ណែនាំ ក្រើនរំឭកដល់ បងប្អូនកុ កូនចៅ ក្នុងគោលដៅ ប្រើប្រាស់ទិវានេះឱ្យស្របតាមគន្លងប្រពៃណីដ៏ល្អត្រកាលរបស់ខ្មែរ ដើម្បីកិត្តិយស និងភាពថ្លៃថ្នូររបស់បុគ្គលផ្ទាល់ខ្លួន របស់ក្រុមគ្រួសារ ពិសេសចូលរួមថែរក្សាបាននូវអត្តសញ្ញាណជាតិ ដែលកូនខ្មែរគ្រប់ៗរូប មានកាតព្វកិច្ច ថែរក្សាការពារ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print