ភ្នំពេញ ៖ សេចក្តីបំភ្លឺព័ត៌មាន មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សូមបំភ្លឺជូនសាធារណជន និងបណ្តាញសារព័ត៌មានទាំងអស់ឱ្យបានជ្រាបថា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រសារព័ត៌មាន www.nationthailand.com របស់ប្រទេសថៃបានចុះផ្សាយថា «ភ្លើងឆេះព្រៃនៅកម្ពុជាឆេះឆ្លងទៅព្រៃឈើនៅភ្នំ Banthat ខេត្តត្រាតរបស់ប្រទេសថៃ និងបណ្តាលឱ្យគ្រាប់មីនផ្ទុះ»។
មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ សូមប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយខាងលើនេះ និងសូមបញ្ជាក់ជូនសាធារណជនមេត្តាជ្រាបថា រូបភាពដែលសារព័ត៌មាន www.nationthailand.com របស់ប្រទេសថៃ ចុះផ្សាយនៅលើគេហទំព័រនោះ គឺរូបភាពភ្លើងឆេះព្រៃនៅប្រទេសថៃទេ។ ដោយឡែក នៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីភ្លើងឆេះស្មៅ អំបោស និងដើមស្បូវតិចតួចប៉ុណ្ណោះ ដែលទីតាំងនោះពុំមានព្រៃស្រោង ឬដើមឈើធំៗដូចការចុះផ្សាយ របស់សារព័ត៌មានខាងលើនោះឡើយ៕
ដោយ ៖ សិលា