លោកអភិសន្តិបណ្ឌិត ៖ស សុខា ប្រាសាទបុរាណបន្ទាយឆ្មា គឺជាសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ពិធីសម្ពោធការជួសជុលថែវប្រាសាទបន្ទាយឆ្មា នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតក្នុងឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា ប្រាសាទបុរាណបន្ទាយឆ្មា គឺជាសម្បត្តិដ៏មានតម្លៃសម្រាប់ប្រទេសជាតិ និងប្រជាជន  ក្នុងនោះរាជរដ្ឋាភិបាលកំពុងរៀបចំដាក់បញ្ចូលប្រាសាទបន្ទាយឆ្មាជាសម្បត្តិបេតិកភណ្ឌពិភពលោកនាពេលខាងមុខ។

ថ្លែងក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រាសាទបន្ទាយឆ្មានាឱកាសនេះ គឺជាសមិទ្ធផលដ៏ធំធេង សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យនិយាយជារួម និងនិយាយដោយឡែក គឺសម្រាប់ប្រទេសជាតិទាំងមូល។ ក្នុងន័យនេះឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានបញ្ជាក់បន្ថែមថា ថ្វីដ្បិតតែការដាក់សម្ពោធនឹងការជួសជុលនេះ ជាការរួមចំណែករបស់លោកស្រី ម៉ៅ ម៉ាល័យ កែ កឹមយ៉ាន និងសប្បុរសជនមួយចំនួនទៀតក៏ពិតមែន ប៉ុន្តែសមិទ្ធផលផលនេះ មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់បុគ្គលណាម្នាក់ឡើយ ពោលគឺជាសមិទ្ធផលរួមរបស់ប្រជាជាតិ និងរាជរដ្ឋាភិបាល។ 

លោកអភិសន្តិបណ្ឌិតបានបន្តទៀតថា ក្នុងឆ្នាំ២០២៤ កន្លងទៅមានទេសចរជាតិ និងអន្តរជាតិ បានចូលមកទស្សនា ក្នុងខេត្តបន្ទាយមានជ័យ មានចំនួនរហូតទៅដល់ជាង ២០ម៉ឺននាក់។ ដូចនេះអ្វីដែលត្រូវធ្វើបន្តទៀត គឺការរួមគ្នាថែរក្សាអភិរក្ស នូវកេរដំណែលដ៏អស្ចារ្យ និងមានតម្លៃមួយនេះ ឱ្យកាន់ល្បីល្បាញបន្ថែមទៀត ដើម្បីទាញការវិនិយោគ ក៏ដូចជាភ្ញៀវទេសចរណ៍ឱ្យមកចូលទស្សនាកាន់តែច្រើនឡើង រួមទាំងការថែរក្សាអនាម័យក្តី សេវាកម្មក្តី ត្រូវមានភាពរស់រាយរាក់ទាក់ ជាផ្នែកមួយលើកកម្ពស់ដល់មុខមាត់ប្រទេសជាតិ ជាពិសេសធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិ និងក្នុងតំបន់។ 

លោកឧបនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ ដល់ភាគីដែលពាក់ព័ន្ធទាំងអស់ដែលបានចូលរួមថែរក្សា និងអភិរក្សបានយ៉ាងខ្ជាប់ខ្ជួន ជាពិសេសការដឹកនាំ ចាត់ចែង សហការស្រាវជ្រាវ និងជួសជុលប្រាសាទបន្ទាយឆ្មា អស់រយៈពេលជិត ២០ឆ្នាំ ក្រោមឥទ្ធិពលនៃកំដៅថ្ងៃ ខ្យល់ ភ្លៀងរលឹម ពីសំណាក់មន្ត្រីជំនាញ និងក្រុមការងារជួសជុលប្រាសាទ រហូតដល់សម្រេចបាននូវសមិទ្ធផលដែលត្រូវរៀបចំពិធីសម្ពោធឆ្លងនាពេលនេះ។ ប្រកបដោយស្មារតីលះបង់ និងកម្លាំងសាមគ្គីភាព ពិសេសបេះដូងស្រឡាញ់ និងទឹកចិត្តចូលរួមថែរក្សាសម្បត្តិវប្បធម៌ ដែលជាកេរដំណែលដ៏មានតម្លៃនៃដូនតារបស់យើង ពីសំណាក់មន្ត្រីពាក់ព័ន្ធកិច្ចការអភិរក្ស ពិសេសក្រុមការងារជួសជុលប្រាសាទ។ 

ជាមួយគ្នានោះ លោកអភិសន្តិបណ្ឌិត បានមានប្រសាសន៍លើកឡើងដែរថា កត្តាដែលជំរុញឱ្យលោកតាលោកយាយ អ៊ុំពូមី បងប្អូន សិស្សានុសិស្ស បានអង្គុយជួបជុំគ្នាទស្សនានូវសមិទ្ធិផល ដ៏ត្រចះត្រចង់ ផុសចេញជារូបរាងដ៏ប្រណិតនាពេលនេះ គឺដោយសារតែពាក្យថា«សន្តិភាព» ដែលបានមកពីការខិតខំរបស់ប្រមុខថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់រំដោះជាតិចាប់ពីសម័យសង្គ្រាម និងបន្តមកដល់បច្ចុប្បន្នដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយរដ្ឋមន្ត្រីនៃកម្ពុជា។ ទាំងអស់នោះ គឺខុសឆ្ងាយពីការគិតរបស់ជនអគតិមួយចំនួនតូច ខិតខំបំភ្លៃការបំបែកបំបាត់សាម្គីភាព ជាក់ស្តែងព្រឹត្តិការណ៍ ១៨សីហា ២០២៤ ដែលពួកគេប៉ុនប៉ងកៀរគរបងប្អូនប្រជាពលរដ្ឋ ទាំងក្នុង និងក្រៅប្រទេសឡើងមកធ្វើបាតុកម្មអហិង្សាជាមួយពួកគេ នៅរាជធានីភ្នំពេញ ប៉ុន្តែគម្រោងការនោះត្រូវបានបរាជ័យទាំងស្រុង ព្រោះបងប្អូនប្រជាពលរដ្ឋមួយចំនួនធំមានការយល់ដឹងខ្ពស់ នូវឧបាយកលទុច្ចរិតរបស់ពួកគេ ទន្ទឹមនោះប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងការបង្ការ និងទប់ស្កាត់ពួកគេ មិនឱ្យមកបំផ្លាញនូវសុខសន្តិភាពបានដោយងាយឡើយ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print