ខេត្តកណ្តាល÷ នាព្រឹកថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០២៥ នេះលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួង ស្ថាប័នជាតិនានា តំណាងអង្គទូត សិស្ស និស្សិត ព្រមទាំងប្រជាជនកម្ពុជាដ៏ច្រើនកុះករដែលជាពុទ្ធសាសនិក នឹងអញ្ជើញចូលរួមអនុមោទនាក្នុងពិធីបុណ្យមាឃបូជា រាប់បាត្រនិងប្រគេនទេយ្យទានដល់ព្រះសង្ឃ នៅព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ឧត្ដុង្គ) ស្រុកពញឮ ខេត្តកណ្ដាល។
ពិធីបុណ្យមាឃបូជាតែងតែត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំតាមបែបប្រពៃណីព្រះពុទ្ធសាសនានៅតាមទីវត្តអារាមទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដោយពុទ្ធសាសនិកកម្ពុជាផងដែរ។
គួររម្លឹកដែរថា ពិធីបុណ្យមាឃបូជា ត្រូវបានប្រារព្ធឡើងដើម្បីរម្លឹកនូវព្រឹត្តិការណ៍សំខាន់ ៣យ៉ាង ដែលរួមមាន៖ (១)ការធ្វើចតុរង្គសន្និបាត (២)ការប្រកាសបង្កើតព្រះពុទ្ធសាសនា និងសម្តែងឱវាទបាតិមោក្ខ និង (៣) ការដាក់អាយុសង្ខាររបស់ព្រះសម្មាសម្ពុទ្ធ។
(១) ការធ្វើចតុរង្គសន្និបាត ៖ ចតុរង្គសន្និបាត មានន័យថាជាការជួបជុំគ្នារបស់សាវ័កព្រះពុទ្ធនៅក្នុងថ្ងៃតែមួយ ហើយប្រកបដោយអង្គ ឬហេតុ ៤យ៉ាង។ អង្គ ឬហេតុទាំង៤ ដែលកើតឡើងក្នុងថ្ងៃជួបជុំនោះគឺ៖ ទី១. ជាថ្ងៃឧបោសថ ដែលមានព្រះចន្ទពេញវង់ល្អ, ទី២. ជាថ្ងៃដែលព្រះភិក្ខុទាំង ១២៥០អង្គ មកជួបជុំគ្នាក្នុងសំណាក់ព្រះសម្មាសម្ពុទ្ធដោយមិនមានការណាត់ជាមុន, ទី៣. ព្រះភិក្ខុទាំងអស់នោះសុទ្ធសឹងតែជាព្រះអរហន្ត និង ទី៤. ព្រះភិក្ខុទាំងអស់នោះសុទ្ធសឹងតែជាឯហិភិក្ខុ។ ឯហិភិក្ខុ គឺសំដៅលើជនណាម្នាក់ ដែលគ្រាន់តែចូលទៅស្តាប់ធម៌របស់ព្រះពុទ្ធហើយ ក៏ក្លាយជាភិក្ខុដូចគេដែរ។ ចតុរង្គសន្និបាតនេះមានតែម្តងប៉ុណ្ណោះក្នុងសម័យព្រះពុទ្ធ។
(២) ការប្រកាសបង្កើតព្រះពុទ្ធសាសនា និងសម្តែងឱវាទបាតិមោក្ខ ៖ ព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើងកាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ង១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់ ។ ការបង្កើតព្រះពុទ្ធសាសនាក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោមព្រះសង្ឃចំនួន ១ ២៥០អង្គ ជាសមាជិកក្នុងចតុរង្គសន្និបាត។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនូវគោលការណ៍ចំនួន ១១ប្រការ ដែលមានឈ្មោះជាភាសាបាលីថា “ឱវាទបាតិមោក្ខ” សម្រាប់ឱ្យសមាជិកមហាសន្និបាតទាំងអស់កាន់យកជាមាគ៌ាជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយបន្តដល់ជនដទៃទៀតឱ្យបានយល់អំពីពុទ្ធសាសនា។
(៣) ការដាក់អាយុសង្ខាររបស់ព្រះសម្មាសម្ពុទ្ធ ៖ ព្រះ សម្មាសម្ពុទ្ធ ទ្រង់បានកំណត់ថា ៣ខែ ទៅមុខទៀតព្រះអង្គនឹងចូលព្រះនិព្វាន ដែលជាការលាចាកលោក នេះ ដោយពុំមានការចាប់បដិសន្ធិជាថ្មីឡើយ។រយៈពេល ៣ខែក្រោយមក ព្រះអង្គក៏ចូលព្រះនិព្វាន ក្នុងព្រះជន្ម ៨០ព្រះវស្សា នាថ្ងៃអង្គារ ពេញបូណ៌មី ខែវិសាខ ឆ្នាំម្សាញ់៕